សហភាពអឺរ៉ុបបានរកឃើញថា ការគោរពសិទ្ធិការងារនៅកម្ពុជាមានភាពប្រសើរឡើង ប៉ុន្តែរដ្ឋាភិបាលបានយឺតយ៉ាវក្នុងការបំបែកសំណុំរឿងឃាតកម្មមេដឹកនាំសហជីពជាង១៥ឆ្នាំកន្លងមកហើយការធ្វើទុក្ខបុកម្នេញមេដឹកនាំសហជីពនៅបន្តមាន។ នេះបើយោងតាមរបាយការណ៍ស៊ើបអង្កេតរបស់គណៈកម្មការសហភាពអឺរ៉ុប។
របាយការណ៍របស់គណៈកម្មការសហភាពអឺរ៉ុបដែលបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកា ហើយវីអូអេទទួលបានច្បាប់ចម្លងមួយបានចាត់ទុកសកម្មភាពទំាងនេះថាគឺជាការរំលោភបំពានសិទ្ធិសេរីភាពសហជីពដែលមានចែងនៅក្នុងអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិនិងជាការរំលោភបំពានជាប្រព័ន្ធលើច្បាប់ដែលផ្តល់ឋានៈអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា។
គណៈកម្មការសហភាពអឺរ៉ុបបានបន្ថែមថា៖
«ការរំលោភបំពាននៅតែធ្ងន់ធ្ងរលើចំណុចពីរ ក្នុងនោះមានការត្រូវបញ្ចប់សំណុំរឿងរដ្ឋប្បវេណីនិងព្រហ្មទណ្ឌប្រឆាំងនឹងមេដឹកនាំសហជីពនិងត្រូវអនុញ្ញាតឱ្យមានការស៊ើបអង្កេតឯករាជ្យលើការធ្វើឃាតមេដឹកនាំសហជីពតាមអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ។ សកម្មភាពបន្ថែមទៀតត្រូវការជាចាំបាច់ដើម្បីបន្តកែលម្អច្បាប់ស្តីពីសហជីពឱ្យបានស្របតាមអនុសញ្ញាលេខ៨៧និង៩៨»។
អនុសញ្ញាលេខ៨៧និង៩៨បានចែងពីសេរីភាពនៃសមាគមនិងការការពារសិទ្ធិនៃការបង្កើតសមាគមនិងការអនុវត្តគោលការណ៍ស្តីពីសិទ្ធិនៃការបង្កើតសមាគមដែលមានការធានាមិនឱ្យមានការជ្រៀតជ្រែករវាងគ្នាឬរវាងភ្នាក់ងារពីរដ្ឋបាល ការពារទល់នឹងការរំលាយសហជីពបុគ្គលិកឬនិយោជក និងការទប់ស្កាត់មិនឱ្យរើងអើសក្រុមសហជីពជាដើម។
តាំងពីដើមខែកុម្ភៈឆ្នាំ២០១៩នេះ សហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីពិនិត្យមើលការអនុវត្តតាមលក្ខខណ្ឌផ្តល់ឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) មកប្រទេសកម្ពុជា ដោយផ្តោតលើស្ថានភាពសិទ្ធិនយោបាយ សិទ្ធិការងារ សិទ្ធិដីធ្លី សិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។
នៅលើផ្នែក «សិទ្ធិការងារ» គណៈកម្មការសហភាពអឺរ៉ុបផ្តោតលើសេរីភាពនៃសហជីព សិទ្ធិរៀបចំសហជីពនិងការចរចាជាសមូហភាពដោយពិនិត្យយ៉ាងលម្អិតលើសំណុំរឿងមេដឹកនាំសហជីពចំនួន៦នាក់ដែលត្រូវចោទពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងកូដកម្មនិងបាតុកម្មការទាមទារដំឡើងប្រាក់ខែ កាលពីចុងឆ្នាំ២០១៣និងខែមករាឆ្នាំ២០១៤ ការទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មមេដឹកនាំសហជីព និងកិច្ចសន្យារយៈពេលវែងនិងការរើសអើងប្រឆាំងសហជីព។
កាលពីចុងឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសមេដឹកនាំសហជីពទាំង៦នាក់នោះឲ្យជាប់ពន្ធនាគារក្នុងម្នាក់២ឆ្នាំ៦ខែ និងពិន័យជាប្រាក់សរុបទាំង៦នាក់ ចំនួន៣៥លានរៀលជាសំណងទៅដល់ជនរងគ្រោះ។ ប៉ុន្តែសាលក្រមនោះត្រូវបានសាលាឧទ្ធរណ៍ចាត់ទុកជាមោឃៈវិញ។
លោក រ៉ុង ឈុន មេដឹកនាំសហជីពម្នាក់ក្នុងចំណោម៦នាក់ដែលរងបណ្តឹងព្រហ្មទណ្ឌបានបញ្ជាក់ប្រាប់វីអូអេថា៖
«ចំពោះសហភាពអឺរ៉ុបគេចង់ឱ្យមានការទម្លាក់ចោលទាំងស្រុងតែម្តងចំពោះមេដឹកនាំសហជីពថ្នាក់ជាតិក៏ដូចជាមេដឹកនាំសហជីពនៅតាមមូលដ្ឋាន។ គេចង់មើលឃើញមេដឹកនាំសហជីពទាំងអស់ហ្នឹងមានសេរីភាពក្នុងការធ្វើសកម្មភាពការពារសមាជិកសមាជិកា។ ករណីរបស់ខ្ញុំមេដឹកនាំ៦រូបថ្នាក់ជាតិហ្នឹងគ្រាន់តែទម្លាក់ករណីផ្លូវវ៉េងស្រេងទេប៉ុន្តែសំណុំរឿងផ្សេងៗទៀតមិនត្រូវបានទម្លាក់ចោលទេ»។
របាយការណ៍ក៏បានបញ្ជាក់បន្ថែមថា ក្រៅពីសំណុំរឿងខាងលើគឺនៅមានបណ្តឹងព្រហ្មទណ្ឌនិងរដ្ឋប្បវេណីពាក់ព័ន្ធនឹងវិវាទការងារចំនួន១៤០ទៀត ហើយមានចំនួន៩៩ត្រូវបានដោះស្រាយរួចបន្ទាប់ពីក្រុមបេសកកម្មត្រួតពិនិត្យរបស់សហភាពអឺរ៉ុបបានជួបជាមួយនឹងតំណាងរដ្ឋាភិបាលនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩។ ប៉ុន្តែការយាយីរំខានសកម្មជនសហជីពបានបន្តកើតមាននាពេលក្រោយមក ដូចជាករណីលោក គង់ អាទិត្យ ប្រធានសហព័ន្ធសហជីព CCAWDU ដែលបានចូលរួមតវ៉ាដើម្បីសិទ្ធិរបស់អ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូលក្នុងឆ្នាំ២០១៦ និងអ្នកស្រីឈីម ស៊ីថា ប្រធានសហជីពដែលគាំទ្របុគ្គលិកបម្រើការនៅកាស៊ីណូណាហ្កាហើយត្រូវបង្ខំឱ្យផ្អាកការងារតាំងពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩។
របាយការណ៍បានបន្ថែមថា៖
«សំណុំរឿងថ្មីទាំងនេះធ្វើឱ្យមានសំណួរចោទសួរពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការការពារសេរីភាពធ្វើបាតុកម្មដោយសន្តិវិធីនិងបញ្ជាក់ច្បាស់ពីការឃុំឃាំងដោយអនាធិបតេយ្យជាថ្មីទៀត»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបវិញដោយហៅការតវ៉ាក្នុងឆ្នាំ២០១៤ថាជា«កុប្បកម្ម»បំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជននិងបង្ករបួសស្នាមដល់ជនដទៃហើយថាកម្ពុជាមិនដែលមានករណីចាប់ខ្លួនឬកាត់ទោសកម្មករនិងមេដឹកនាំសហជីពណាដែលចូលរួមសកម្មភាពបាតុកម្មអហិង្សាទេ។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សហភាពអឺរ៉ុបដោយដកស្រង់របាយការណ៍ចុះថ្ងៃទី១២ខែសីហាឆ្នាំ២០១៩ របស់រដ្ឋាភិបាលកម្ពុជា។
សហភាពអឺរ៉ុបក៏កត់សម្គាល់ការទាមទាររបស់អង្គការពលកម្មអន្តរជាតិដែលស្នើឱ្យស៊ើបអង្កេតបញ្ចប់សំណុំរឿងឃាតកម្មលោកជា វិជ្ជា និងលោករស់ សុវណ្ណារ៉េត ដែលត្រូវធ្វើឃាតក្នុងឆ្នាំ២០០៤ និងលោកហ៊ី វុទ្ធី ដែលត្រូវធ្វើឃាតក្នុងឆ្នាំ២០០៧ នឹងនាំយកជនដៃដល់និងអ្នកនៅពីក្រោយខ្នងមកកាត់ទោស។
សហភាពអឺរ៉ុបបានកត់សម្គាល់ជំហររបស់កម្ពុជាថា៖
«នៅក្នុងការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាទោះបីជាស្ថាប័ននិងក្រសួងពាក់ព័ន្ធបានចូលរួមស៊ើបអង្កេត ប៉ុន្តែដោយសារតែសំណុំរឿងនេះយូរពេកធ្វើឱ្យការស៊ើបអង្កេតមានការលំបាក។ រដ្ឋាភិបាលបានអះអាងថាខ្លួនស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពេញទំហឹងពីភាគីពាក់ព័ន្ធសម្រាប់ការស៊ើបអង្កេតនេះហើយមិនទទួលបានផលអ្វីពីការពន្យាការស៊ើបអង្កេតទេ»។
បន្ថែមពីលើនេះ គឺច្បាប់ស្តីពីសហជីពនិងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានដាក់បន្ទុកធ្វើឱ្យបរិយាកាសការងារកាន់តែមានរូបភាពស្រអាប់ហើយត្រូវបានសហភាពអឺរ៉ុបស្នើឱ្យកែលម្អ។
សហភាពអឺរ៉ុបមើលឃើញថាច្បាប់ស្តីពីសហជីពមិនបានបើកឱ្យកម្មករនិងមន្ត្រីរាជការទាំងអស់បង្កើតអង្គការរួមគ្នាបាននៅឡើយ។ រីឯច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមិនស្របតាមអនុសញ្ញាលេខ៨៧ ស្តីអំពីការបង្កើតសហព័ន្ធសហជីពនិងសកម្មភាពនយោបាយ។
កាលពីថ្ងៃអង្គារ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន១០នៃ«ច្បាប់ស្តីពីសហជីព»ក្នុងគោលបំណងបើកសិទ្ធិសេរីភាពដល់ក្រុមសហជីពប៉ុន្តែមិនបានធ្វើឱ្យមេដឹកនាំសហជីពពេញចិត្តទេដោយពួកគេអះអាងថាមិនមានការពិភាក្សាជាមុនជាមួយនឹងក្រុមតំណាងដើម្បីដោះស្រាយតម្រូវការនិងបញ្ហាប្រឈមរបស់កម្មករ។
ក្រុមសហជីពលើកឡើងថា ច្បាប់ស្តីពីសហជីពបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសហជីពដែលការពារប្រយោជន៍កម្មករ ក្នុងនោះរួមមាន ការលែងឲ្យមានសហជីពតាមរោងចក្រ កង្វះលទ្ធភាពធ្វើជាតំណាងដើម្បីការពារសហជីព ការរឹតត្បិតមិនឲ្យកម្មករធ្វើកូដកម្ម បាតុកម្ម និងការប្រឈមនឹងផ្លូវច្បាប់ផ្សេងៗដែលកើតចេញពីការទាមទារសិទ្ធិជាដើម។
លោក អាត់ ធន់ តំណាងសហភាពការងារកម្ពុជា សហជីព និងសមាគមក្នុងវិស័យការងារបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងក៏សោកស្តាយដែរដែលសភាតំណាងឲ្យស្ថាប័ននីតិប្បញ្ញត្តិមួយដ៏ធំ គួរតែត្រូវយកចិត្តទុកដាក់ពីសំណើខាងយើង ហើយផ្តល់ឱកាសឲ្យយើងដើម្បីជួប មុននឹងអនុម័តអីផ្សេងៗ។ ប៉ុន្តែទីបំផុតគាត់អនុម័តដោយមិនបានឆ្លងកាត់យោបល់ពីខាងយើង»។
វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងឧស្សាហកម្មដទៃទៀតរបស់កម្ពុជាបានផ្តល់ការងារដល់កម្មករនិងកម្មការិនីចំនួន៨០០.០០០នាក់ដែលភាគច្រើនជាស្ត្រីដែលមកពីជនបទ។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបានទទួលទិញផលិតផលវាយនភណ្ឌ ដូចជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងកង់ជាដើម ពីប្រទេសកម្ពុជាដោយមិនយកពន្ធ។ ក្នុងឆ្នាំ២០១៨កម្ពុជានាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបជិត៦ពាន់លានដុល្លារហើយតាមរយៈឋានៈអនុគ្រោះពន្ធEBA នេះគឺទំនិញរបស់កម្ពុជាបានរួចពន្ធក្នុងទឹកប្រាក់ជិត៧០០លានដុល្លារ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថាចាប់តាំងពីសហភាពអឺរ៉ុបដំណើរការត្រួតពិនិត្យនិងវាយតម្លៃលើស្ថានភាពការងារនៅកម្ពុជាគឺស្ថាប័នពាក់ព័ន្ធបានខិតខំ កែលម្អនិងកំពុងតែដំណើរការឈានទៅដោះស្រាយការព្រួយបារម្ភនានា។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមកាត់ដេរនៅកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖
«កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានធ្វើកន្លងមកទាំងរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធក្នុងការវាយតម្លៃសភាពការណ៍គឺខ្ញុំមិនគិតថាគ្រប់បញ្ហាដែលសហភាពអឺរ៉ុបលើកឡើងត្រូវបានដោះស្រាយទាំងអស់ទេ ប៉ុន្តែក៏គួរតែកត់សម្គាល់ដែរថាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា។ យើងខិតខំដោះស្រាយបញ្ហាស្ទើរតែទាំងអស់។ ដូច្នេះយើងសង្ឃឹមនិងសូមអំពាវនាវទៅសហភាពអឺរ៉ុបឱ្យធ្វើការសម្រេចប្រកបដោយភាពត្រឹមត្រូវនិងសមធម៌ ដែលនឹងមិនប៉ះពាល់យ៉ាងខ្លាំងដល់កម្មករទេ»។
សមាគម GMAC បានសម្តែងការភ្ញាក់ផ្អើលនិងចាត់ទុកថា«វាជារឿងចម្លែក»ដែលសំណុំរឿងរបស់លោកជា វិជ្ជា ត្រូវបានសហភាពអឺរ៉ុបយកមកដាក់ក្នុងរបាយការណ៍នៅលើកនេះដោយលោកអះអាងថាសំណុំរឿងនេះត្រូវបានអង្គការពលកម្មអន្តរជាតិចាត់ទុកថាជាក្តីបារម្ភមែនប៉ុន្តែរដ្ឋាភិបាលបានពន្យល់គ្រប់គ្រាន់ក្នុងឆ្នាំ២០១៧រួចហើយ។
មន្ត្រីរដ្ឋាភិបាលដែលវីអូអេបានទាក់ទងបដិសេធមិនព្រមផ្តល់អត្ថាធិប្បាយលម្អិតទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែបញ្ជាក់ថាក្រុមការងាររដ្ឋាភិបាលកំពុងតែធ្វើការដើម្បីដោះស្រាយបញ្ហាដែលបានបញ្ជាក់ក្នុងរបាយការណ៍។
រដ្ឋាភិបាលកម្ពុជាមានពេលរហូតដល់ថ្ងៃទី១២ខែធ្នូ ដើម្បីដោះស្រាយបញ្ហាដែលសហភាពអឺរ៉ុបបានរកឃើញមុននឹងការសម្រេចចុងក្រោយលើជោគវាសនានៃឋានៈអនុគ្រោះពន្ធនៅដើមខែកុម្ភៈឆ្នាំ២០២០៕