ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស៖ ការ​​​បំពាន​សិទ្ធិ​ក្នុង​ទំនាស់​ដីធ្លី​នៅតែ​បន្ត​​​​​​​​​​​​​​​​​​​​​


រូបឯកសារ៖ ក្រុម​សន្តិសុខ​កំពុង​ទាញ​ និង​អូស​ប្រជា​​ពលរដ្ឋ​​​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​​ក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ាសុំ​អន្តរាគមន៍​​នៅ​មុខ​ស្ថាន​ទូត​ចិន​ ​ ​​ចេញ​ពីស្ថានទូត​ នា​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ពី​ខែ​មេសា ​ឆ្នាំ​២០១៨ ដល់​​ខែ​មីនា ​ឆ្នាំ​២០១៩​ មាន​មនុស្ស​សរុប​ចំនួន​១០៥​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​ ​ត្រូវ​បាន​ឃុំខ្លួន​ និង​ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​តុលាការ​ក្នុង​​រឿង​ទំនាស់​ដី​ធ្លី។

ការ​ចាប់​ខ្លួន​ និង​ការ​វាយ​ធ្វើ​បាប​លើ​មក​ក្រុម​អ្នកតវ៉ា​ក្នុង​ទំនាស់​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ក្តៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​រយៈ​ពេល​១១​ខែ គិត​ចាប់​តាំង​ពីខែ​មេសា​ឆ្នាំ​២០១៨ មក​ទល់​នឹង​ខែ​មីនា​ ឆ្នាំ​២០១៩​ មាន​មនុស្ស​សរុប​ចំនួន​១០៥​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​កោះហៅ​ដោយ​តុលាការ​ ​ត្រូវ​បាន​ឃុំខ្លួន​ និង​ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​តុលាការ ក្នុង​ទំនាស់​ដី​ធ្លី។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ (CCHR)​ បាន​កត់​ត្រា​នូវ​ហេតុការណ៍​ចំនួន​៩៩​ករណី​ ដែល​ទាក់ទង​នឹង​ការ​រំលោភ​សេរីភាព​ជួបប្រជុំ​ដោយ​សន្តិវិធី​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​អនុវត្ត​ជា​ប្រព័ន្ធ​នូវ​ច្បាប់​ស្តី​ពី​បាតុកម្ម​ដោយ​សន្តិវិធី។

CCHR បាន​លម្អិត​ថា​មាន​ «បម្រាម​ជួបប្រជុំ​ដោយ​សន្តិវិធី​ ការ​បំបែក​ចេញ​ពី​ទី​កន្លែង​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ពី​សំណាក់​កម្លាំង​សន្តិសុខ​ ការ​គំរាមកំហែង​ដោយ​វិធានការ​ផ្លូវច្បាប់​ ការ​គំរាម​ចាប់​ខ្លួន​ ការ​វាយដំ​ ការ​ចាប់ខ្លួន​ និង​វិធានការ​ផ្លូវ​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ដូច​ជា​បទ​ប្រមាថ អ្នក​រាជការ​សាធារណៈ​ ឬ​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ ឬ​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា»។

ទោះ​ជា​យ៉ាងណា​លោក ​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ របាយការណ៍​របស់​មជ្ឈមណ្ឌលសិទិ្ធ​មនុស្ស​កម្ពុជា​ គឺ​ជា​ការ​ដាក់​បន្ទុក​មួយ​ផ្នែកមក​លើ​រដ្ឋាភិបាល ក្នុង​បញ្ហា​សិទ្ធិមនុស្ស​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នោះ។

«ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ​ ហាក់​ដូច​ជា​ ការ​ដាក់​បន្ទុក​តែ​មួយ​ផ្នែក​ទៅ​លើ​សមត្ថកិច្ច​ ទៅ​លើ​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​មិន​បាន​វិភាគ​គ្រប់​ជ្រុង​ជ្រោយ​ពី​មូលហេតុ​ នៃ​ព្រឹត្តការណ៍​នីមួយៗ​ហ្នឹង​ទេ»។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដដែល បាន​កត់​សម្គាល់​ករណី​ហិង្សា​ធំៗ​មួយ​ចំនួន​ ដែល​បាន​កើត​ឡើង​ក្នុង​ពេល​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី។ ជាក់​ស្តែង​ដូច​ជា​ក្នុង​ករណី​ជម្លោះ​ដី​ធ្លី​នៅ​បុរី​កីឡា​ក្រុង​ភ្នំពេញ ខេត្តក្រចេះ​ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​ស្រុក​ស្នួល​ ប្រឆាំង​នឹង​ការ​រំលោភ​ព្រំប្រទល់ដី​សម្បទាន​សេដ្ឋកិច្ច​រ​បស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ និង​ខេត្តព្រះសីហនុ ដែល​កងកម្លាំង​សន្តិសុខ​ បាន​បាញ់​កាំភ្លើង​គ្រាប់​ពិត​រាប់​សិប​គ្រាប់​ទៅ​លើ​អាកាស​ និង​ទៅ​លើ​ក្រុម​មនុស្ស​ដែល​កំពុង​តវ៉ា​ទាក់ទង​នឹង​ទំនាស់​ដីធ្លី។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩ (កាន់ វិច្ឆិកា/VOA)

លោក ​អំ សំអាត​ ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(LICADHO)​ យល់​ថា​ អ្វី​ដែល​ខាង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នេះ​បាន​រក​ឃើញនោះ​ គឺ​ជា​អ្វី​ដែល​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ផ្តើម​នីតិវិធី​ ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​ «អ្វីៗ​ទាំង​អស់​លើក​លែង​តែអាវុធ»​ ឬ​ហៅ​ថា​ EBA​ ចំពោះ​ការ​ធាក់​ថយ​ក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។

«បញ្ហា​ទាំង​អស់​នេះ​ហើយ​ ដែល​យើង​ឃើញ​ថា​ វា​មាន​ការ​ទាមទារ​ និង​ធ្វើ​ការ​សំណូមពរ​ក្នុង​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​ ទាក់ទង​នឹង​ EBA ក៏​វា​មាន​ចំណុច​នេះ​ នៅ​ក្នុង​លក្ខខណ្ឌ​ហ្នឹង​ផង​ដែរ»។

លោក ​ជិន ម៉ាលីន ពន្យល់​ថា ​ក្រុម​សមត្ថកិច្ច​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​លើស​លុប​ បំពារបំពាន​ទៅ​លើ​ប្រជាពលរដ្ឋ​ ហើយ​ការ​សម្រេច​ទាំង​អស់​ហ្នឹង​ គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​យន្តការ​ប្រព័ន្ធ​តុលាការ​ដើម្បី​រក​ឲ្យ​ឃើញ​ថា​ នរណា​ខុស​ នរណា​ត្រូវ។​

យ៉ាង​ណា​ក៏ដោយ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ «គួរ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ និង​ឆ្លើយ​តប​ឲ្យ​បាន​ទាន់ពេល​មុន​ការ​តវ៉ា»​ និង​«ធានា​ថា​ ការ​ប្រើប្រាស់​កងកម្លាំង​បង្ក្រាប​ការ​ជួបប្រជុំ​ត្រូវ​បញ្ចៀស​ជានិច្ច​ និង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​នៃ​ភាព​ស្របច្បាប់​ ​និង​ «ស៊ើប​អង្កេត​ភ្លាមៗ​ និង​មិន​លម្អៀង​ គ្រប់​ករណី​ទាំង​អស់​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ និង​ការ​ប្រើ​ប្រាស់​កម្លាំង​លើស​លប់​ដែល​បង្ក​ដោយ​កម្លាំង​សន្តិសុខ​ក្នុង​អំឡុង​ការ​ជួបប្រ​ជុំ​នានា»។

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា​ រដ្ឋាភិបាល​នឹង​ពិចារណា​ទៅ​លើ​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​នេះ ដើម្បី​ធ្វើ​ជា​ទុន​ដល់​ការ​កែ​ទម្រង់​ការ​អនុវត្ត​ច្បាប់​ និង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ថែម​ទៀត៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG