ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ស្នើ​ឱ្យ​កែលម្អ​សេរីភាព​បញ្ចេញ​មតិ​​និង​សារព័ត៌មាន​នៅ​កម្ពុជា


ហាង​លក់​កាសែត​មួយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​សៀមរាប​តាំង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៨។ ម្ចាស់​ហាង​អ្នក​ស្រី យូ ម៉ារី ទិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសាខ្មែរ​ចំនួន​១០ និង​អង់គ្លេស​ចំនួន៥ មក​លក់​

ការធ្វើឃាត​លោក​បណ្ឌិត​កែមឡី​ដែលជាអ្នកអត្ថាធិប្បាយ​នយោបាយ ​ឃាតកម្មអ្នកសារព័ត៌មាន​ ​ ការចាប់​សកម្មជន​សហគមន៍​ដាក់​ពន្ធនាគារ ​និង​ការធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ បាន​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាមការសន្និដ្ឋាន​របស់​សហភាព​អឺរ៉ុប។

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញមក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​វត្តក្តីចាស់​នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញមក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​វត្តក្តីចាស់​នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (VOA)

គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​រកឃើញ​ថា​ក្នុងអំឡុងពេល​ត្រួតពិនិត្យ​លើ​ការគោរព​លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​ឋានៈពន្ធ​អនុគ្រោះ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» (EBA) គឺ រដ្ឋាភិបាល​កម្ពុជា​មិន​បានចាត់​វិធាន​ការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​មតិ​ទេ។ ផ្ទុយទៅវិញ​បែរជា​ប្រើប្រាស់​ច្បាប់​ជាច្រើន​ដើម្បី​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នេះ។​

តាំងពីដើម​ខែកុម្ភៈ​ឆ្នាំ២០១៩​នេះ ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ពិនិត្យមើល​ការអនុវត្ត​តាមលក្ខខណ្ឌ​ផ្តល់​ឋានៈ​អនុគ្រោះពន្ធEBA ​ដោយ​ផ្តោតលើស្ថានភាព​សិទ្ធិនយោបាយ ​សិទ្ធិការងារ ​សិទ្ធិ​ដីធ្លី​ សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​និងសិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅ​កម្ពុជា។

ការត្រួតពិនិត្យ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​និង​ការតវ៉ា​ជាច្រើន​ពី​ការរំលោភ​បំពាន​លក្ខខណ្ឌ​នៃ​ការផ្តល់​ឋានៈអនុគ្រោះពន្ធ​ដល់​ប្រទេស​ក្រីក្រ​មួយ​នេះ​ ជាពិសេស​ក្រោយ​ពីការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុងឆ្នាំ​២០១៧។​

នៅក្នុង​របាយការណ៍​វាយ​តម្លៃ​បឋម​របស់​សហភាព​អឺរ៉ុប​ដែលបាន​ផ្ញើជូនរាជរដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី​១២ខែវិច្ឆិកា​ហើយ​វីអូអេ​ទទួលបាន​ច្បាប់​ចម្លង​មួយ​បាន​វាយ​តម្លៃ​លើ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ថា «​មាន​ការរំលោភ​ជាប្រព័ន្ធ​និង​ធ្ងន់ធ្ងរ​‍»​លើ​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុងកតិការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ហើយ​ រហូត​មក​ដល់​ពេលនេះ​ គណៈកម្មការ​«មិន​បាន​រកឃើញ​ភស្តុតាង​ណា​‍ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ចាំបាច់ដើម្បី​ដោះស្រាយ​ការរំលោភ​ទាំងនោះ​ទេ‍»។​

សហភាព​អឺរ៉ុប​បាន​កត់​សម្គាល់​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បានប្រើប្រាស់​ច្បាប់​មួយ​ចំនួន​ដែល​មិន​សមស្រប​តាម​និយាម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​ប្តេជ្ញាគោរព​តាម​ឬ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ខ្លួន​ឯង។ ច្បាប់​ទាំងនោះមានច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្តីពីគណបក្ស​នយោបាយ ច្បាប់​ស្តីពី​សហជីព ​និង​ច្បាប់​ស្តីពី​របបសារព័ត៌មាន។

របាយការណ៍​របស់​សហភាព​អឺរ៉ុប​បាន​បន្ថែមថា៖

«ក្របខណ្ឌ​របស់​កម្ពុជា​និង​វិធានការ​រដ្ឋបាល​និង​តុលាការ​និង​សេចក្តី​ថ្លែងការណ៍​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មាន​ផលប៉ះពាល់រារាំងសិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ។ ស្ថានភាព​នេះ​ដែល​បន្ត​រហូត​ដល់​ថ្ងៃ​ចេញ​របាយការណ៍​បាន​រាំងខ្ទប់​ពលរដ្ឋ​កម្ពុជា​មិន​ឱ្យទទួលបាន​សិទ្ធិ​ដ៏​សំខាន់​នេះ។ ផ្អែកលើ​រូបភាព​នៃ​ការល្មើស​ រយៈពេល​ ​ទំហំ​និង​ផលប៉ះពាល់​នៃ​ការប្រព្រឹត្តិ​ល្មើស​ គឺ​គណៈកម្មការ​យល់​ថា​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដែល​ផ្ទុយនឹង​មាត្រា​១៩​នៃ​កតិការសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ដែល​មាន​នៅក្នុង​មាត្រា​១៩​នៃ​ច្បាប់​ស្តីពី​ប្រព័ន្ធ​អនុគ្រោះពន្ធ‍»។​

គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ទាញ​ការសន្និដ្ឋាន​នេះ​ដោយលើកយក​ករណី​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី​ អ្នកធ្វើ​អត្ថាធិប្បាយ​បញ្ហា​នយោបាយ​និង​សង្គម​របស់​កម្ពុជា​មក​រំលេច​ឡើង​វិញ​ដោយដកស្រង់​របាយការណ៍​របស់​ក្រុមឃ្លាំមើល​សិទ្ធិ​មនុស្ស​សំខាន់ៗ​ដែលមាន​ដូច​ជាអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​និង​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​(Amnesty International) ​ដែល​បាន​បញ្ជាក់ថា​ការធ្វើឃាត​លោក​បណ្ឌិត​កែម ឡី​មិនត្រូវ​បាន​ស៊ើប​អង្កេតត្រឹមត្រូវ​ទេ​ក្នុង​អំឡុង​សវនាការ​កាត់​ទោស​បុរស​ឈ្មោះ​អឿត អាង ​(ហៅជួប សម្លាប់) ​ដែលអះអាង​ថា​ខ្លួនជា​ឃាតករ។ ក្រុមសិទ្ធិមនុស្ស​ទាំងនេះ​បាន​ស្នើ​ឱ្យ​ស៊ើបអង្កេត​តាមស្តង់ដា​អន្តរជាតិ។

លោក​បណ្ឌិត​កែម ឡី​តែងតែ​ផ្តល់អត្ថាធិប្បាយ​ដល់​អ្នកសារព័ត៌មាន​ពី​បញ្ហា​នយោបាយ​និង​សង្គម​នៅ​កម្ពុជា​និង​បាន​ដឹកនាំ​ក្រុមយុវជន​ស្រាវជ្រាវ​បញ្ហា​បរិស្ថាន​ ​ព្រំដែន​កម្ពុជា​-វៀតណាម​និង​និគម​ជន​វៀតណាម​នៅ​កម្ពុជា​តាម​រយៈ​កម្មវិធី​ដែល​មានឈ្មោះ​ថា​«​១០០រាត្រី‍»។

ប៉ុន្តែរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​«មិនមាន​ភស្តុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ឃាតកម្មនោះ​ជា​«រឿង​នយោបាយ‍»ឬពាក់​ព័ន្ធ​នឹង​«សកម្ម​ភាព​នយោបាយ​‍»​របស់​ជនរងគ្រោះ​ឡើយ​ ហើយ​ថា​«រដ្ឋា​ភិ​បាល​មិន​អាចទទួលការស្តី​បន្ទោស​ឬ​ទទួល​ខុសត្រូវ​ចំពោះ​ការស៊ើបអង្កេត​របស់​ស្ថាប័ន​តុលាការទេ‍»។ នេះបើតាមរបាយការណ៍​សហភាព​អឺរ៉ុបដែល​បាន​ដកស្រង់​ជំហរ​របស់​រដ្ឋា​ភិ​បាលកម្ពុជា។

គ្រាន់តែ​ក្នុង​សំណុំរឿង​ឃាតកម្ម​ ​លោកបណ្ឌិតកែមឡី​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​រង​ការធ្វើទុក្ខបុកម្នេញ​។ អ្នកនយោបាយ​ជាន់ខ្ពស់​ដូចជា​លោកសមរង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រងបណ្តឹង​បរិហាកេរ្តិ៍​ដោយសារតែ​ការបញ្ចេញ​មតិចោទថាលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើឃាត​នេះ។ អ្នកខ្លះ​ទៀត​គ្រាន់តែ​ចូលរួម​ពិធី​រំលឹក​និង​ផ្សព្វផ្សាយ​ប្រសាសន៍​របស់​លោកបណ្ឌិត​កែមឡី​ក៏ត្រូវ​ជាប់​ពន្ធនាគារ​ដែរ។

លោក​សួង នាគព័ន្ធ​ លោកជុំ ហួរ ​និង​លោកជុំហួត ​ដែល​គេ​ស្គាល់​ថា​ជាក្រុម​យុវជន​គាំទ្រ​លោក​បណ្ឌិត​កែម ឡីបាន​ជាប់​ពន្ធនាគារ​អស់​ជាង​៤ខែ​ដោយ​គ្រាន់តែ​រៀបចំ​ពិធី​រំលឹក​ខួប​មរណភាព​របស់​លោក​កែមឡីនិង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់។ រីឯ​លោក​គង់ រ៉ៃយ៉ា​ ជាពលរដ្ឋ​ធម្មតា​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ជិត​៥ខែដោយ​គ្រាន់តែ​លក់​អាវយឺត​ដែល​មាន​សម្រង់​សម្តី​លោក​បណ្ឌិត​កែម ឡី​ដែល​បំផុស​ឱ្យ​ពលរដ្ឋ​ចូលរួមគិតគូ​ពី​បញ្ហាសង្គម។ នេះ​បើតាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប។

លោក​សួងនាគព័ន្ធ ​ទីប្រឹក្សា​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នៅក្នុង​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ​រស់នៅ​សព្វថ្ងៃ​នេះ​ដូចគុក​ឥតជញ្ជាំង ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការជួបជុំ​ បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា‍»។​

របាយការណ៍​របស់​សហភាព​អឺរ៉ុប​បានកត់សម្គាល់​ពី​ការព្រួយបារម្ភ​របស់​ពលរដ្ឋ​ដោយសារតែ​ការ​តាម​ឃ្លាំមើល​ជាប្រចាំ​លើ​សកម្មជន​របស់​ពួកគេទាំងនៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​និងតាមបណ្តាញសង្គម។

លោក​ជា ជីវ ​អតីតមន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិត្រូវបាន​តុលាការ​ហៅ​មក​សួរ​ដោយសារតែ​ចូលរួម​យុទ្ធនាការ​«ម្រាមដៃស្អាត‍»​តាម​បណ្តាញ​សង្គម​ដើម្បី​ធ្វើពហិការ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

អ្នកស្រី ច្រាយ នីម ​តំណាង​សហគមន៍​ SOS ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញដែល​តែង​តែ​ដឹកនាំ​ការតវ៉ា​ពី​បញ្ហា​រំលោភ​ដីធ្លីបាន​ត្អូញត្អែ​ពីការ​តាម​ឃ្លាំមើល​ជាប់​ជាប្រចាំ​ពី​អាជ្ញាធរ​ហើយ​ក៏រងការ​ប៉ះពាល់​ដល់​មុខរបរ​និង​ជីវិត​អាពាហ៍​ពិពាហ៍​ផ្ទាល់​ខ្លួន​ផងដែរ។

អ្នកស្រី​បាន​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«គ្រប់​អ្នកដែល​សកម្ម​ក្នុង​ការជួយ​សង្គម​ជួយ​និយាយ​ការពិត​និង​ចែក​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដល់​សាធារណជន ​ដល់​ជាតិ​និង​អន្តរជាតិ​ឬ​ក៏​ដូច​ជា​យើង​អ្នក​ដែល​ស្រឡាញ់​យុត្តិធម៌ ​ស្រឡាញ់ការពិត​ គាំទ្រ​នូវ​ការពិត​គឺ​តែងតែ​មិនមាន​ការគាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ក៏ដូច​ប៉ូលិស​ទេ។ ហើយ​យើង​តែងតែ​មាន​ផល​លំបាក​ដូច​ជាខ្ញុំ​អីធ្លាប់​ទៅ​ជួលផ្ទះ​បោកអ៊ុត​នៅ​ បឹង​សាឡាង​ពីរបី​កន្លែង​ត្រូវ​ប្រឈម​នឹង​ការបាត់​បង់​ជួល​ដោយសារ​គេមិន​ជួល​ឱ្យ​ខ្ញុំ​ទៀត‍»។

នៅលើជ្រុង​នៃ​សេរីភាព​សារព័ត៌មាន​វិញ​ សហភាព​អឺរ៉ុប​បាន​រកឃើញ​ករណី​បំភិតបំភ័យ​អ្នកសារព័ត៌មាន​តាម​រយៈ​ការ​ហៅ​មក​សាកសួរ ​ចាប់​ខ្លួន ឃុំឃាំង ​និង​ចោទប្រកាន់​ដោយ​តុលាការ​និង​កាត់ទោស។ ក្នុង​ចំណោម​នេះ​មាន​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​និង​ផលិតករ​ភាព​យន្ត​សញ្ជាតិអូស្ត្រាលី​ម្នាក់។

រូបឯកសារ៖ គម្របការបោះពុម្ភផ្សាយចុងក្រោយរបស់កាសែត the Cambodia Daily។ (រូបថតដោយ the Cambodia Daily)
រូបឯកសារ៖ គម្របការបោះពុម្ភផ្សាយចុងក្រោយរបស់កាសែត the Cambodia Daily។ (រូបថតដោយ the Cambodia Daily)

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បិទ​វិទ្យុ​ចំនួន​៣២​ដែល​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក ​វិទ្យុ​អាស៊ីសេរី ​និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ជាដើម។ រីឯ​សារព័ត៌មាន​ The Cambodia Daily ​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ត្រូវបង្ខំ​ចិត្ត​បិទ​ដំណើរការ​ដោយសារ​តែ​ការតម្រូវ​ឱ្យ​បង់​ពន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

របាយការណ៍​សហភាព​អឺរ៉ុប​បាន​បន្ថែម​ថា៖

«សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​រង​ការគំរាម​កំហែង​ ដោយ​អ្នកសារព័ត៌មាន​ តំណាងអង្គការ​ក្រៅ​រដ្ឋាភិបាល​និង​បុគ្គល​នានា​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវ​តុលាការ​ក្នុងនោះ​មានការ​ចោទ​ប្រកាន់ពីការបះបោរ ​អុចអាល​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាតិ​ ស៊ីសំណូក ​បង្ខូច​កេរ្តិ៍ឈ្មោះ ​ក្លែង​បន្លំឯកសារ​និង​យកការណ៍​ឱ្យ​រដ្ឋ​បរទេស ​ដើម្បី​ចោទ​ប្រកាន់​សំឡេង​ឯករាជ្យ​និង​សំឡេងប្រឆាំង​ឬ​ចាប់​ពួកគេ​ឃុំឃាំង‍»។

សហភាព​អឺរ៉ុប​ក៏​កត់សម្គាល់​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ឆ្លើយតប​នឹង​បញ្ហា​ជាច្រើន​លើ​ផ្នែក​សេរីភាព​សារព័ត៌មាន​ទេ ​ផ្ទុយទៅវិញ​បែរ​ជា​លើក​ឡើង​ពី​ចំនួន​សារព័ត៌មាន​ដ៏ច្រើននៅ​ក្នុង​ប្រទេសកម្ពុជា​ដែល​មាន​ម្ចាស់​ជា​ជនជាតិកម្ពុជា​និង​បរទេស​ដើម្បី​បង្ហាញ​ថា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​«ល្អប្រសើរ​និង​រស់​រវើក‍»​នៅ​កម្ពុជា។

លោក ​ម៉ៃ ទិត្យថារ៉ា ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មានកម្ពុជា​ហៅ​កាត់​ថា ​(Cambo Ja) ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​បច្ចុប្បន្ន​អ្នកសារព័ត៌មានធ្វើការងារ​ដោយ​«ស្ថានភាព​ភ័យព្រួយ​នៅ​ឡើយ‍»​ប៉ុន្តែ​លោក​ក៏កត់សម្គាល់​ពី​ការវិវត្តន៍​ខ្លះៗ​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ​ដែល​មាន​ការ​យល់​ព្រម​ជា​ជំហាន​ដំបូងអនុញ្ញាត​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​(VOA) និង​វិទ្យុ​អាស៊ី​សេរីដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក​ អាច​ផ្សាយ​តាម​រលក​វិទ្យុ​ FM ​ក្នុង​ស្រុក​ឡើង​វិញ​បាន​ដោយ​គ្រាន់តែ​តម្រូវ​តាម​លក្ខខណ្ឌ​មួយ​ចំនួន។​

លោ​កម៉ៃ ទិត្យ​ថារ៉ា​បាន​បន្ថែម​ថា៖

«អីចឹង​ខ្ញុំ​ឃើញ​ថា​នេះ​ជា​ជំហាន​ដំបូង​បន្ទាប់​ពីមាន​បញ្ហា​តាំងពីឆ្នាំ​២០១៧មក​។ អីចឹង​យើង​ចង់​ឃើញ​ឱ្យ​មាន​លំហរ​នៃ​សិទ្ធិ​សេរីភាព​នៃ​សារព័ត៌មាន​ជាងហ្នឹង​បន្តិច​ទៀត​ ដូចជា​ផ្តល់​អាជ្ញា​បណ្ណ​ដល់​វិទ្យុ​មួយ​ចំនួន​ដែល​ក្រសួង​បាន​ដក​អាជ្ញាបណ្ណ​ទៅ​ហើយ​មួយ​ទៀត​ទៅ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ដែល​គាត់​ធ្វើ​ការ​ដោយ​ពុំមាន​បណ្ណសារព័ត៌មាន​ សូមផ្តល់​ឱ្យ​ពួកគាត់​ដើម្បី​ពួកគាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការធ្វើការ»។​

លោក ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​អ្នកសារព័ត៌មាន​អាច​ធ្វើ​ការងារ​ដោយ​សេរី​និង​ថា​រដ្ឋាភិបាល​ថែមទាំងបាន​ខិតខំ​រៀបចំ​«វប្បធម៌​ឆ្លងឆ្លើយ‍»​រវាង​មន្ត្រី​រដ្ឋាភិបាលនិងអ្នកសារព័ត៌មាន​តាម​រយៈ​កម្មវិធី​ប្រចាំ​សប្តាហ៍​ដែល​ជួយ​សម្រួល​ដល់អ្នកសារព័ត៌មាន​ក្នុង​ការងារ​របស់​ពួកគេ​។ សូម្បីតែ​អ្នកសារព័ត៌មាន​ដែល​ពិបាក​ក្នុងការ​សាក​សួរមន្ត្រី​នាំពាក្យ​របស់​ស្ថាប័ន​ណា​មួយ​គឺ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ជួយ​សម្រួល​ជានិច្ច។​

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​ជឿថា​ពេល​ចាប់​ផ្តើម​យើង​ពិបាក​បន្តិច​ពីព្រោះ​អត់ទាន់​មាន​វប្បធម៌​ឆ្លើយឆ្លង។ ឥឡូវនេះ​ឃើញ​មាន​ផុលផុស​ឡើង​ អ្នកនាំពាក្យ​នៅតាម​វិស័យ​មួយៗ​ដែល​ពាក់​ព័ន្ធ​នឹង​ខ្លួនឯង​ក៏​ឆ្លើយ​ឆ្លង​ដែរ​ហើយ​បើ​សិន​ជា​ពួកគេ​ជួប​នឹង​បញ្ហា​ពិបាក​ផ្ញើ​សំណួរ​មក​យើង​ខ្ញុំ​ យើង​ខ្ញុំ​នឹង​សម្រួលហើយ​យើង​ផុស​ជា​ទូទៅ​ហ្មង​សម្រាប់​ឱ្យ​មើល‍»។​

រដ្ឋាភិបាល​កម្ពុជា​មាន​ពេល​រហូតដល់​ថ្ងៃទី​១២​ខែធ្នូ​ដើម្បី​កែលម្អ​បញ្ហាពាក់​ព័ន្ធ​នឹង​សិទ្ធិ​សេរីភាពនៃ​ការបញ្ចេញ​មតិ​និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​មុន​នឹង​សហភាព​អឺរ៉ុប​សម្រេច​លើ​ជោគ​វាសនា​នៃ​ឋានៈ​អនុគ្រោះពន្ធ​EBA៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG