ការ​ប្រែប្រួល​អាកាសធាតុ​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា

Your browser doesn’t support HTML5

វីដេអូ៖ ការ​ប្រែប្រួល​អាកាសធាតុ​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា

ប្រជាជន​កម្ពុជា​ជាង​៨០​ភាគ​រយ​​​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម។ ដូច្នេះ​​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ ទោះ​ជា​ទឹក​ជំនន់​ ឬ​ការ​រាំង​ស្ងួត​ក្តី​ សុទ្ធតែ​ធ្វើ​ឱ្យ​ប្រជាជន​ប្រទេស​នេះ​ងាយ​រង​គ្រោះ​ជា​ទីបំផុត។

អ្នកស្រី​ ឡុង ថុន ​ជា​កសិករ​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​ ចម្ងាយ​ប្រមាណ៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ដូច​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ទៀត​ដែរ​ អ្នកស្រី​មាន​ជីវភាព​បាន​ត្រឹម​មួយ​គ្រប់ៗ​ប៉ុណ្ណោះ។ លោកស្រី ឡុង ថុន អាច​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​គាត់​បាន​ដោយ​ការ​ធ្វើ​ស្រែ​នៅ​លើ​ដី​ទំហំ​បី​អារ​របស់​គាត់។ ​ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​មាន​ភាព​រាំង​ស្ងួត​ខ្លាំង​ពេក។

ដូច្នេះ​ជីវភាព​គ្រួសារ​របស់​អ្នកស្រីប្រឈម​នឹង​ការ​ខ្វះខាត​នៅ​ឆ្នាំ​នេះ។ ហើយ​អ្នកស្រី​ជាអ្នក​រង​គ្រោះ​យ៉ាង​ពិត​ប្រាកដ​ជាក់ស្តែង ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។

អ្នកស្រី​ ឡុង ថុន​ ដែល​មាន​កូន​បី​នាក់​ បាន​និយាយ​ប្រាប់ ​VOA ​ថា៖​

«ទឹក​ទន្លេ​ហ្នឹង​វា​អត់​ហូរ​ចូល​ទៅ​ក្នុង​ទំនប់។ ធ្វើស្រែប្រាំង​ក៏​មិន​កើត។ ​ស្រែ​ក៏​រាំង ​អត់​មាន​ទឹក​ភ្លៀង​ធ្លាក់។ ​អញ្ចឹង​មិន​អាច​ធ្វើ​បាន​ទេ។​ ស្រូវ​វា​ តើ​មាន​លូតលាស់​ អត់មាន​ផល​អី​ធំ ​អត់​មាន​សន្ទូង​អី​បែក​គុម្ព។​ មាន​តែ​ស្មៅ។ ​ដុះ​តែ​ស្មៅ។​ ​ស្រូវ​វា​មាន​មួយៗ​តិចៗ»។

ប្រជា​ពលរដ្ឋ​កម្ពុជា​ ដូច​ជា​អ្នកស្រី ឡុង ​ថុន ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​អាកាសធាតុ។ ​ប៉ុន្តែ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​តិច​ប៉ុណ្ណោះ​ដែល​យល់​ពី​មូលហេតុ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។​

អ្នកស្រី ឡុង ថុន​ កសិករ​នៅ​ក្នុង​ខេត្ត​កណ្តាល​ ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ មាន​កូន​បី​នាក់​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ដោយ​សារ​ការ​រាំងស្ងួត​នៅ​ក្នុង​ឆ្នាំ​នេះ។ គ្រួសារ​អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ប្រមាណ​២​លាន​គ្រួសារ​ដែល​កំពុង​ជួប​ប្រទះ​ភាព​រាំង​ស្ងួត។ (ផន បុប្ផា/VOA)

​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​ពិភពលោក​ដោយសារ​ការ​ផ្លាស់​ប្តូរអាកាសធាតុ។​ កម្ពុជា​ត្រូវ​បាន​ចាត់​ចូលក្នុង​ចំណាត់​ថ្នាក់​ជាមួយប្រទេស​បង់ក្លាដេស ​និង​ប្រទេស​ហ្វីលីពីនថា ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ពី​ការ​ផ្លាស់​ប្តូរអាកាសធាតុ​ មួយ​ផ្នែក​ធំ​គឺ​ដោយ​សារ​តែ​ប្រទេស​ទាំង​នេះ​ពឹង​ផ្អែក​ទៅ​លើ​ខ្យល់​មូសុង​ដែល​មាន​ការ​ផ្លាស់​ប្តូរ។​

ប្រជាជន​កម្ពុជា​ជាង​៨០​ភាគ​រយ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម។ ដូច្នេះការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ ទោះ​ជា​ទឹក​ជំនន់​ ឬ​ការ​រាំង​ស្ងួត​ក្តី​ សុទ្ធតែ​ធ្វើ​ឱ្យ​ប្រជាជន​ប្រទេស​នេះ​ងាយ​រង​គ្រោះ​ជា​ទីបំផុត។​

ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស ​នៅ​ខែ​ធ្នូ​នេះ ​ប្រទេស​មួយ​ចំនួន ​ដូច​ជា​ប្រទេស​កម្ពុជាទំនងជា​នឹង​ទាម​ទារ​ប្រាក់​ពី​ប្រទេស​មាន​ឧស្សាហកម្ម​ធំ​ដែល​មាន​ការ​បំភាយ​ឧស្ម័ន​កាបូនិកច្រើន ​ដែល​នាំ​ឲ្យមាន​ការ​ឡើង​នៃ​កម្តៅផែនដី។​

លោក​ស្រី ​ឡុង ថុន​បាន​និយាយ​អំពី​ភាព​រាំងស្ងួត​នៅ​ឆ្នាំ​នេះ​ថា៖​

«បើ​មិន​ដែលជួប​ប្រទះ​ ទើប​តែ​ឆ្នាំ​នេះ​ មិន​ដឹង​ជា​មូលហេតុ​អី»។

លោក​ស្រី​មាន​ប្រសាសន៍​ថា​ លោក​ស្រី​នៅ​តែ​បន្ត​ខិតខំ​ដើម្បី​ចិញ្ចឹម​ជីវិត​ គ្រួសារ​របស់​លោក​ស្រី។​

«ខ្ញុំ​ចេះ​តែ​ដើរ​រក​ហូប​ចុក​អញ្ចឹង​ទៅ។​ ចេះតែ​បេះ​បន្លែ​ បន្លុក​អីអញ្ចឹង​ទៅ។ ​បើ​អត់​ទេ​មិន​ដឹង​ធ្វើ​ម៉េច​ ដើរ​សូមទាន​គេ​ឯ​លិច​ឯ​កើត»។

ស្ថិតិ​របស់​អង្គការ​អភិវឌ្ឍន៍​អ.ស.ប. ​(UNDP)​ ឲ្យ​ដឹង​ថា​ ​ប្រជាជន​កម្ពុជា​ចំនួន​២២.៦៩៥​នាក់​ក្នុង​ចំណោម​ប្រជាជន​មួយ​លាន​នាក់​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដោយ​សារ​ទឹក​ជំនន់ ​និង​គ្រោះ​រាំងស្ងួត។ ​ដូច្នេះ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង​១៥​លាន​នាក់​គឺ​មាន​ជាង​៣៤​ម៉ឺន​នាក់​ងាយ​រងគ្រោះ​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។ ​ដោយសារ​ពិភព​លោក​មាន​កម្តៅក្តៅ​ជាង​មុន​ វា​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចរន្ត​ទឹក​ ហើយ​នឹងផ្លាស់​ប្តូរខ្យល់​មូសុង​ ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​រដូវ​កាល​ធ្វើ​ស្រែចម្ការ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ការ​ស្រាវ​ជ្រាវ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្ហាញ​ថា​ បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​អាចនឹង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ និង​ទឹក​ជំនន់​កាន់​តែ​ច្រើន ​ខណៈ​ពេល​ដែល​វដ្ត​របស់​ទឹក​មាន​ការ​ផ្លាស់​ប្តូរ។ ​ហើយ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​វិធីសាស្រ្ត​តិចតួច​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្សេងៗ ​ ដូច្នេះ​ប្រទេស​កម្ពុជា​មាន​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​តិចតួច​ប៉ុណ្ណោះ​ដើម្បីទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​

ការ​ស្រាវជ្រាវ​នេះ​ចង្អុល​បង្ហាញ​ថា​ នេះ​គឺជា​ផ្នែក​ដ៏​ធំ​មួយ​ដែល​គេ​កំណត់​ថា ​ប្រទេស​កម្ពុជាមាន​សមត្ថភាព​ឆ្លើយ​ទាប​ ហើយ​ត្រូវ​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ទាំង​ដប់ ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ ​សម្រាប់​តំបន់​អាស៊ី​ ​កម្ពុជានៅ​ក្នុង​ចំណោម​ប្រទេស​បី​ដែល​ងាយ​រង​គ្រោះ​បំផុត។​

យោង​ទៅ​លើ​អង្គការ​ UNDP ​ដែល​គាំទ្រ​កម្មវិធី​របស់​អង្គការ​សម្ព័ន្ធ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​កម្ពុជា​នៅ​មាន​សមត្ថភាពទាប​នៅ​ឡើយ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ការ​ឡើង​កម្តៅ​ផែន​ដី​នេះ។ ​ស្ថានភាព​នេះបាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ខាង​ក្រោម​គេ​បំផុត​នៅ​ក្នុង​សន្ទស្សន៍​ហានិភ័យ​អាកាសធាតុ​សកល​ដែល​រៀបរៀង​ដោយ​ Germanwatch ដែល​ជា​អង្គការ​តាម​ឃ្លាំមើល​បរិស្ថាន​ពិភពលោក។

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុងចំណាត់​ថ្នាក់​ទាប​ ជាង​គេ​នៅ​ក្នុង​បញ្ជី​ប្រទេស​ចំនួន​១០​ ហើយ​នៅ​ឆ្នាំ​នេះ​ក៏​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ដែរ។​ នេះ​បើ​យោង​តាម​សន្ទស្សន៍​របស់​ Germanwatch ​រៀបរៀង​នៅ​ក្នុង​ឆ្នាំ​២០១៥។​

ចំណាត់​ថ្នាក់​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ភ្ជាប់​ជាពិសេស​ជាមួយ​រដូវ​ខ្យល់​មូសុង​ឆ្នាំ​២០១៣​ ដែល​រួម​មាន​ការ​ធ្លាក់​ភ្លៀងខ្លាំង ​និង​ការ​រីក​រាលដាល​នៃ​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​ជាថ្មី​ទៀត​ នៅ​ពេល​ដែល​ប្រទេស​នេះ​មិនទាន់​ទាំង​បាន​ស្តារ​ឡើង​វិញ​នូវ​ការ​ខូច​ខាត​បណ្តាល​មកពីគ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុនៗ​នៅ​ឡើយ​នោះ។​

ដោយសារ​ប្រជា​កសិករ​ខ្មែរជាង​២​លាន​គ្រួសារ​ ឬ​ស្មើនឹង​៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​១៥​លាន​នាក់​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​នោះ​ ដូច្នេះ​គ្រោះ​ថ្នាក់​នេះ​គឺ​ជា​ហានិភ័យ​ដ៏​ធំ។​

លោក ​កែវ វី ​អ្នក​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​និយាយ​ថា៖​

«តាម​ក្រសួង​ធនធាន​ទឹក​បាន​និយាយ​ថា ​ក្នុង​រយៈ​ពេល​៥០ឆ្នាំហ្នឹង​គឺ​ថា ​ក្នុង​ឆ្នាំ​ហ្នឹង កម្រិត​ទឹក​ក្នុង​ទន្លេ​មេគង្គ ​ទន្លេ​សាប​ ​បឹង​ទន្លេ​សាប​យើង​ហ្នឹង​គឺ​ថា​ មាន​កម្រិត​ទាប​ច្រើន​ណាស់»។​

យើង​អាចមើល​ឃើញ​ការ​ផ្លាស់​ប្តូរ​នេះដោយ​ងាយស្រួល​គឺមិន​ពិបាក​យល់​ទេ​ តែ​ដំណោះ​ស្រាយ​ពិតជា​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង។​ ហើយប្រទេស​កម្ពុជា​ជម្រើស​តិច​តួច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ។​

លោក ​សៅ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​ប្រាប់​ VOA ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​ កម្ពុជា​នឹង​ស្វែង​រកជំនួយ​ហិរញ្ញ​វត្ថុ​ពី​ប្រទេស​អភិវឌ្ឍន៍​សម្រាប់​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។​

លោក​បាន​និយាយ​ថា៖​ «គឺ​យើង​ត្រូវ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ក៏​ដូច​ជា​ណែនាំ​ទៅ​ដល់​ជន​ងាយ​រង​គ្រោះ»។

ដូច្នេះ​កម្មវិធី​នេះ​ប្រាកដជា​ត្រូវ​រាប់បញ្ចូល​គ្រួសារ​របស់លោក​ស្រីឡុង ថុន ​និង​អ្នក​ជិត​ខាង​របស់​អ្នកស្រី។​

លោក ង៉ែត ​ឡាត់​ ប្រធាន​ភូមិ​អំពិល​ផ្អែម​ ឃុំ​វិហារ​ហ្លួង ​ស្រុក​ពញាឮ ខេត្ត​កណ្តាល​ និយាយ​កាល​ពី​ខែ​មុន​ថា ប្រជាជន​ជាង​១០០​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ​កំពុង​ជួប​ប្រទះ​ការ​លំបាក ​មិន​ត្រឹម​តែ​ការ​ខ្វះខាត​ទឹក​ធ្វើ​ស្រែ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ខ្វះខាត​ទឹក​ដើម្បី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ។ (ផន បុប្ផា/VOA)

លោក​ ង៉ែត ​ឡាត់​ ប្រធាន​ភូមិ​អំពិល​ផ្អែម​ ឃុំ​វិហារហ្លួង ស្រុក​ពញាឮ ​ខេត្ត​កណ្តាល​ បាន​និយាយ​ថា​ មាន​ប្រជាជន​ប្រហែល១០៥គ្រួសារ​នៅ​ក្នុង​ភូមិ​របស់​លោកដែលប្រឈម​នឹង​ការ​ខ្វះ​ទឹក​នៅ​ក្នុង​ឆ្នាំ​នេះ។​ ពួក​គាត់​មិន​ត្រឹមតែខ្វះ​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ខ្វះទឹក​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ​បើ​ទោះ​បី​ជាភូមិ​របស់​គេនៅ​មិន​ឆ្ងាយ​ពី​ទន្លេ​សាប​ក៏​ដោយ។ ​មនុស្ស​ជាង​៤០០​នាក់​នៅ​ក្នុង​ភូមិ​បាន​ចាប់​ផ្តើម​ទិញ​ទឹក​ដើម្បី​ប្រើប្រាស់។ ​ពួក​គេ​ត្រូវ​ចំណាយយ៉ាង​ហោច​ណាស់​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទិញ​ទឹក​មួយ​ពាង ​ដែល​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​ពួក​គេតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។​

លោក​ ង៉ែត ឡាត់ ​បាន​និយាយ​ថា​ នៅ​ពេល​ចូល​ដល់រដូវ​ប្រាំង​ អ្នក​ភូមិ​របស់​លោកត្រូវ​ការទឹក​កាន់​តែ​ច្រើន​ឡើង។

«គ្រប់​តែ​គ្រួសារ​ហ្នឹង​មាន​អ្នកណា​អត់? ​សុទ្ធ​តែ​ត្រូវការ​ទឹក​ ទិញ​ទាំង​អស់ហ្នឹង ព្រោះ​អី ​វា​អត់​មាន​ប្រព័ន្ធ​ទុយោ​ទឹក​មក​ដល់​ផ្ទះ​ផង»។​

ដើម្បីកាត់​បន្ថយ​ការ​បំពុល​បរិស្ថាន ​ដើម្បី​សម្របខ្លួន ​ឬបន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ប្រទេស​កម្ពុជា​នឹង​ត្រូវ​ការ​ជំនួយ​ពី​បណ្តា​ប្រទេស​ឧស្សាហ​កម្ម​ជឿនលឿន​ ដូច​ជា​សហ​រដ្ឋ​អាមេរិក​ ដែល​ភាគ​ច្រើន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​កើន​ឡើង​កម្តៅ​ផែនដី។

លោក ​តឹក ​វណ្ណារ៉ា​ នាយក​នៃ​អង្គការ ​NGO Forum ​ដែល​នឹង​ចូលរួម​កិច្ច​ចរចា​អំពី​បញ្ហាការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ចុង​ឆ្នាំ​នេះ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា ប្រទេស​ឧស្សាហ​កម្ម​ធំៗ​មួយ​ចំនួន​ត្រូវ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ដោយ​ផ្តល់បច្ចេកវិទ្យា ​និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ។​

លោក​បាន​និយាយ​ថា៖ «ប្រទេស​អភិវឌ្ឍន៍​បាន​សន្យា​ថា​ នឹង​យ៉ាង​ហោច​ណាស់​ផ្តល់​ថវិកា​ឲ្យបាន​១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ឲ្យ​មាន​កញ្ចប់​ថវិកា​ហ្នឹង​ដើម្បីអនុញ្ញាត​ឲ្យប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​ស្នើ​សុំ​យក​មកប្រើប្រាស់​នៅ​ក្នុង​ក្របខណ្ឌ​ទាក់ទង​ទៅ​នឹង​ការ​បន្ស៊ាំទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»។​

លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​VOA នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៥ អំពី​បញ្ហា​បរិស្ថាន​និង​ការធ្វើ​សមាហរណកម្ម​អាស៊ាន។ (ផន បុប្ផា/VOA)

​លោក​ក៏​ចង់​ឱ្យ​មាន​ទីផ្សារ​សម្រាប់​ឥណទាន​កាបូន​ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​ការពារព្រៃ​ឈើ​នៅ​សល់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ស្រូប​យក​ឧស្ម័ន​កាបូនិក​ពី​បរិយាកាស​ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ម្តៅផែនដី។​ ​

ឥណទាន​កាបូន​គឺបរិមាណ​ឧស្ម័ន​កាបូនិក​ដែល​ព្រៃ​ឈើស្រូប​យក​ដើម្បី​សម្អាត​ជាតិ​ពុល​ក្នុង​បរិយាកាស ​និង​បន្ថយ​កម្តៅ​ផែនដី។

នៅ​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញនូវ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់​ទប់ស្កាត់ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ដោយ​លើក​ឡើង​នូវ​ការ​កត់​សម្គាល់​អំពី​ការ​ផ្លាស់​ប្តូរ​ដ៏ធំ​អំឡុងរយៈ​ពេល​ពាក់​កណ្ដាល​ចុងក្រោយ​នៃ​សតវត្ស​ទី២០។​

កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង ​ដូច​ជា​គ្រោះ​រាំងស្ងួត​ ទឹក​ជំនន់​ រលក​កម្តៅ​ និង​គ្រោះ​ទឹក​ជំនន់​នៅ​តាម​តំបន់​ឆ្នេរ។​

ផែន​ការ​យុទ្ធសាស្រ្តរបស់​រដ្ឋាភិបាល​សរសេរ​ថា​ «ការ​ប៉ាន់​ប្រមាណ​រយៈ​ពេល​៨០​ឆ្នាំ​ខាងមុខ​បាន​បង្ហាញ​ថា​ សីតុណ្ហភាព​នឹង​បន្ត​កើន​ឡើង​ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​របប​ទឹក​ភ្លៀង​នៅរដូវ​ប្រាំង ​និង​ការ​ពន្យារ​ពេល​នៃ​ការ​ចាប់​ផ្តើម​ធ្លាក់​ភ្លៀង​នៅ​រដូវ​វស្សា​ ហើយ​ជាមួយ​គ្នា​នោះ​ កម្ពស់​ទឹកភ្លៀង​នៅ​រដូវ​វស្សា​អាច​កើន​ឡើង​ច្រើន​ជាង​មុន។ ​ការ​ប្រែប្រួល​ទាំង​នេះ​អាច​កើត​ឡើង​ក្នុង​កម្រិត​ខុសៗ​គ្នា ​អាស្រ័យ​លើ​សេណារីយ៉ូ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ពិភពលោក»។​

ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០០៩​ ឆ្នាំ​២០១១ ​និង​ឆ្នាំ​២០១៣​បាន​នាំ​ឱ្យ​មាន​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​គឺជាង​មួយ​ពាន់​លាន​ដុល្លារ ហើយ​វាបណ្តាល​ឲ្យបាត់បង់​ជីវិត​មនុស្ស​៤៦១​នាក់។ នេះគឺ​ជា​ការ​ខាងបង់របស់​ប្រទេស​មួយ​ដែល​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​តួច។​ ឥឡូវ​នេះ​ ​គ្រោះ​រាំង​ស្ងួត​តម្រូវ​ឲ្យ​អ្នកស្រី ឡុង ថុន ​និង​កសិករ​កម្ពុជា​ដទៃៗ​ទៀត​បង្កើន​ចំណាយ​របស់​ខ្លួន។

លោក​ស្រី​ ឡុង ថុន​ បាន​ប្រាប់​ VOA​ ថា ​ដំណោះ​ស្រាយ​គឺ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​អាច​ការពារ​ប្រឆាំង​នឹង​អាកាសធាតុ​អាក្រក់។​ គាត់​បាន​និយាយ​ថា ​វា​អាច​ជួយជីវភាព​របស់​គាត់​ឲ្យមាន​ភាព​ងាយ​ស្រួល។​

លោក​ស្រី ​ឡុង ថុន​ និយាយ​ថា៖​ «ដី​ទំនេរ​ទាល់​តែ​មាន​មេ​ទឹក​ជាប់​បាន​បាន​ដាំ​អី​ទៀត​កើត។ ​បើ​អត់​ទេ​ ដាំ​អត់​កើត​ទេ​កូន។ បើ​មាន​មេទឹក​ជាប់​ ដាំ​ត្រកួន ​ដាំ​អី​កើត»៕