អ្នកវិទ្យាសាស្រ្តនិយាយថា កម្រិតទឹកសមុទ្រនឹងកើនឡើង ហើយនឹងបន្តកើនឡើងគ្មានពេលកំណត់។ សហគមន៍តាមតំបន់ឆ្នេរសមុទ្រនៅជុំវិញពិភពលោកកំពុងជួបប្រទះនឹងផលប៉ះពាល់នៃការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្ររួចទៅហើយ។ ទីក្រុង និងទីប្រជុំជនជាច្រើនកំពុងតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពិតប្រាកដមួយនេះ។ ការឆ្លើយតបរបស់ពួកគេត្រូវបានគេថតទុក និងដាក់បង្ហាញនៅការតាំងពិព័រណ៍មួយដែលគេហៅថា «លិច ឬហែល៖ រចនាឡើងសម្រាប់បម្រែបម្រួលទឹកសមុទ្រ»។ អ្នកជំនាញលើកឡើងពីរបៀបដែលមនុស្សកំពុងតែសម្របខ្លួន និងពន្យល់ពីមូលហេតុនៃការកើនឡើងនៃកម្រិតទឹកសមុទ្រនៅឧទ្យានមួយឈ្មោះ Aquarium of the Pacific។
លោក Jerry Schubel ប្រធានឧទ្យាន Aquarium of the Pacific និងជាអ្នកជំនាញផ្នែកមហាសមុទ្រនិយាយថា ព្យុះភ្លៀង និងគ្រោះទឹកជំនន់ដែលបង្កការបំផ្លិចបំផ្លាញគឺជាផ្នែកនៃភាពជាក់ស្តែងថ្មីមួយនៅជុំវិញពិភពលោក។
«បម្រែបម្រួលអាកាសធាតុនៅទូទាំងសាកលលោកកំពុងតែធ្វើឲ្យកម្រិតនីវ៉ូទឹកសមុទ្រកើនឡើង ធ្វើឲ្យមានទឹកជំនន់នៅតាមតំបន់ឆ្នេរ និងមានការកើនឡើងព្យុះដែលមានកម្លាំងខ្លាំងជាច្រើន»។
វីដេអូអំពីការឡើងនីវ៉ូទឹកសមុទ្រផលិតឡើងដោយឧទ្យាននេះ បានបង្ហាញពីតំបន់វាលទំនាបនៅជុំវិញពិភពលោកដែលតែងតែមានទឹកជំនន់ជាប្រវត្តិសាស្រ្ត។ នៅតំបន់ទាំងនោះ មានភាពងាយរងគ្រោះភ្លាមៗកើតឡើងពីបម្រែបម្រួលកម្រិតទឹកសមុទ្រ។
អ្នកជំនាញផ្នែកឧត្តុនិយមលោក Dan Cayan កំពុងស្ថិតនៅវិទ្យាស្ថានមួយឈ្មោះ Scripps Institution of Oceanography ជាផ្នែកមួយនៃសាកលវិទ្យាល័យ University of California San Diego។
«ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្រិតនីវ៉ូទឹកសមុទ្របានកើនឡើងនៅក្នុងអត្រាមួយយ៉ាងលឿន។ យើងមានជំនឿយ៉ាងមុតមាំថា វានឹងបន្តកើនឡើងយ៉ាងឆាប់រហ័សជាងនេះទៅទៀតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ»។
អ្នកវិទ្យាសាស្រ្តធ្វើការប៉ាន់ប្រមាណថា នៅចុងសតវត្សរ៍នេះ ទឹកសមុទ្រនឹងកើនឡើងជាមធ្យមក្នុងកម្ពស់ជិតមួយម៉ែត្រនៅទូទាំងពិភពលោក ហើយនឹងបន្តកើនឡើងតទៅទៀត។
«ការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងមិនបញ្ចប់នៅត្រឹមឆ្នាំ២១០០ ទេ។ វាជាបញ្ហាដែលកើតឡើងជារៀងរហូត ខណៈដែលផែនដីត្រូវសម្របខ្លួនជាពិសេសទៅនឹងតុល្យភាពថាមពលថ្មីបង្កឡើងដោយសារឧស្ម័នផ្ទះកញ្ជក់»។
លោក Cayan និយាយថា ឧស្ម័នផ្ទះកញ្ជក់ទាំងនោះកំពុងតែធ្វើឲ្យភពផែនដីឡើងកម្តៅកាន់តែខ្លាំង។
«ស្របពេលដែលអាកាសធាតុឡើងក្តៅខ្លាំង សក្តានុភាពក្នុងការបញ្ចេញទឹកដែលស្តុកទុកក្នុងភពផែនដី ជាពិសេសនៅប្រទេសហ្រ្គីនឡេន (Greenland) និងទី្វបអង់តាកតិច មានលទ្ធភាពធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើងកាន់តែខ្លាំងនៅពេលអនាគត»។
លោកFrances Anderton ដែលជាអ្នកនាំភ្ញៀវនៅក្នុងកម្មវិធីតាំងពិព័រណ៍នេះនិយាយថា របៀបដែលមនុស្សនៅជុំវិញពិភពលោកទទួលរងផលប៉ះពាល់ពីទឹកជំនន់ និងវិធីដែលពួកគេសម្របខ្លួនទៅនឹងការកើនឡើងនៃទឹកសមុទ្រនេះ ត្រូវបានគេបង្ហាញនៅក្នុងការតាំងពិព័រណ៍រូបភាព ដែលមានឈ្មោះថា «លិច ឬហែល នេះ»។
«យើងមានបញ្ហានៃការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ក៏ប៉ុន្តែវាផ្សារភ្ជាប់ទៅនឹងបំណងប្រាថ្នារបស់យើងក្នុងរស់នៅលើតំបន់ឆ្នេរសមុទ្រទាំងនោះ។ មានការអភិវឌ្ឍដល់កម្រិតមួយខ្ពស់នៅតាមបណ្តោយឆ្នេរសមុទ្រ»។
រូបភាពមួយនៅក្នុងការតាំងពិព័រណ៍នោះ ដែលត្រូវបានថតនៅប្រទេសបង់ក្លាដែសដោយលោកJonas Bendiksen បង្ហាញពីសិស្សសាលាកំពុងរៀននៅក្នុងសាលាដែលអណ្តែតលើទឹកមួយស្ថិតនៅលើទូកមួយធ្វើពីឈើ។ រូបភាពមួយទៀតដែលថតដោយលោក Iwan Baan បង្ហាញពីអគារមួយអណ្តែតលើទឹកប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ នៅក្នុងប្រទេសហូឡង់។ វាជាផ្ទះទូកមួយនាសម័យបច្ចុប្បន្ននេះ ដែលធ្វើឡើងពីអាលុយមីញ៉ូម និងកញ្ចក់។
អ្នកវិទ្យាសាស្រ្តនិយាយថា អ្នករៀបចំគម្រោងទីក្រុងនៅក្នុងសហគមន៍តាមតំបន់ឆ្នេរសមុទ្រ ត្រូវតែបន្តបង្កើតវិធីច្នៃប្រឌិតផ្សេងៗដើម្បីសម្របខ្លួនទៅនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ តាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈទំនើបៗ និងអគារដែលងាយបន្សាំទៅនឹងទឹកដើម្បីទប់ទល់នឹងកម្លាំងព្យុះខ្លាំងជាងមុន ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងដើម្បីកាត់បន្ថយការរងគ្រោះរបស់មនុស្ស៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ