ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្នើ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​បង្កើន​តម្លៃ​​ឥណទាន​កាបូន


ភ្លើង​ឆេះ​ព្រៃ​នៅ​សមុទ្រ​ឈើ​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ថ្ងៃ​ទី១១​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)
ភ្លើង​ឆេះ​ព្រៃ​នៅ​សមុទ្រ​ឈើ​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ថ្ងៃ​ទី១១​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ឥណទាន​កាបូន​គឺជា​ទិន្នន័យ​ឧស្ម័ន​កាបូនិក​ដែល​ព្រៃឈើ​ស្រូប​យក​ហើយ​បញ្ចេញ​ អុកស៊ីសែន​ដែល​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​និង​ការ​កើន​ឡើង​នៃ​កម្តៅ​ផែនដី។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​ប្រទេស​អភិវឌ្ឍន៍​ឱ្យបង្កើន​តម្លៃ​កាបូន​ឱ្យបាន​ខ្ពស់​ដើម្បី​ឱ្យប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​កម្ពុជា​រក្សា​ទុក​ព្រៃឈើ​លក់​កាបូន​ជាជាង​កាប់ព្រៃ​លក់​ដែល​នាំ​ឱ្យកម្តៅ​ផែនដី​មាន​ការ​កើន​ឡើង។

លោក​ តឹក​ វណ្ណារ៉ា​ នាយក​អង្គការ​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO Forum) ​បាន​ផ្តល់​អនុសាសន៍​ថា​ប្រទេស​អភិវឌ្ឍន៍​នៅ​លើ​សកលលោក​ដែល​មាន​ឧស្សាហកម្ម​ធំ​គួរ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យតម្លៃ​កាបូន​កើន​ឡើង​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ជា​កត្តា​មួយ​នាំ​ឱ្យមាន​ការ​ប្រែប្រួល​អាកាសធាតុ​ខ្ពស់។

លោក​បាន​និយាយ​ថា៖ «ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច​គាត់​គិត​ថា​គាត់​គួរ​តែ​រក្សា​ព្រៃឈើ​ដើម្បី​លក់​កាបូន​។គាត់​បាន​ទាំង​ព្រៃឈើ​បាន​ទាំង​ថវិកា​ហើយ​ព្រៃ​គាត់​នៅ​សល់។ កាលណា​តម្លៃ​កាបូន ​អត់​មាន​ការ​សមរម្យ​មាន​ន័យ​ថា​អាហ្នឹង​ជា​ការ​រួមចំណែក​មួយ​ឱ្យមាន​ការ​កាប់​ព្រៃ​ឈើ​ឬ​មួយ​ធនធាន​ធម្មជាតិ​ដែរ»។

ឥណទាន​កាបូន​គឺជា​ទិន្នន័យ​ឧស្ម័ន​កាបូនិក​ដែល​ព្រៃឈើ​ស្រូប​យក​ហើយ​បញ្ចេញ​ អុកស៊ីសែន​ដែល​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​និង​ការ​កើន​ឡើង​នៃ​កម្តៅ​ផែនដី។

លោក​សៅ​ សុភាព​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​បរិស្ថាន​បាន​និយាយ​ថា​ក្រសួង​មាន​ការ​គាំ​ទ្រ​ចំពោះ​សំណើ​របស់​សង្គម​ស៊ីវិល។

លោក​បាន​និយាយ​ថា៖ «ប្រសិន​ជា​NGO​ ឬ​សង្គម​ស៊ីវិល​គាត់​លើក​ទស្សនៈ​ហ្នឹង​ទៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​២១​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​អា​ហ្នឹង​គឺ​ជា​ចំណុច​មួយ​ដែល​ឃើញ​ថា​វា​ស្រប​ជា​មួយ​គំនិត​របស់​រដ្ឋាភិបាល​ដែរ»។

លោក​ក៏​បាន​បន្ថែម​ថា៖ «យើង​ធ្វើ​យ៉ាង​ណា​ឱ្យទី​ផ្សារ​កាបូននៅ​លើ​ពិភពលោក​ហ្នឹង​មាន​ដំណើរ​ការ​ដែល​យើង​អាច​ទាញ​យក​ប្រយោជន៍​ពី​ទី​ផ្សារ​កាបូនដើម្បី​រក្សា​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​យើង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ប្រទេស​កម្ពុជា​យើង​នេះ»។

គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ដោយ​មាន​ការ​ បាត់បង់​ឥណទាន​កាបូន​ដែល​ជា​សក្ដានុពល​កាត់​បន្ថយ​ការ​ប្រែប្រួល​ អាកាសធាតុ។

ក្រសួង​បរិស្ថាន​បាន​ដាក់​បង្ហោះ​របាយការណ៍​នៃ​គោល​នយោបាយ​ក្នុង​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​ អនុវត្ត​អនុ​សញ្ញា​ក្របខណ្ឌ​សហ​ប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ (INDC កម្ពុជា)​ ទៅ​ក្នុង​គេហទំព័រ​របស់​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ​ ប្រែប្រួល​អាកាស​ធាតុ ​(UNFCCC) កាល​ពី​ថ្ងៃ​ទី​ ៣០​ខែកញ្ញា​ ។

យោង​ទៅ​តាម​របាយការណ៍​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ UNFCCC​ របាយការណ៍​មួយ​នេះ​នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ដើម្បី​ឱ្យស្រប​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស។

ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​តិចតួច​តែ​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ច្រើន។ របាយការណ៍​គោល​នយោបាយ​នេះ​បង្ហាញ​ចំណុច​សំខាន់​រួម​មាន​ស្ថានភាព​របស់​ប្រទេស​ទាក់ទង​នឹង​ការចូលរួម​ចំណែក​ការ​ប្រែប្រួល​អាកាសធាតុ​ ​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​កើន​ឡើង​នៃ​កម្តៅ​ផែន​ដី​ ភាព​ងាយ​រង​គ្រោះ ការ​កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​កម្តៅ​ផែនដី ​ដំណើរ​ការ​រៀប​ចំផែន​ការ​និង​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​នេះ។

លោក​ សៅ​សុភាព​បាន​បន្ថែម​ថា​ប្រទេស​កម្ពុជា​អំពាវនាវ​ឱ្យប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ធំៗ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ហើយ​ដែល​កំពុង​រង​នូវ​ការ​ប៉ះពាល់​ពី​ការ​កើន​ឡើង​នូវ​កម្តៅ​ផែន​ដី​នូវ​បច្ចេកទេស​សម្ភារៈ​និង​ថវិកា​ផង​ដែរ​សម្រាប់​ការ​បន្សាំ​និង​ការ​អនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ​ប្រទេស​កម្ពុជា​ក៏​ទាមទារ​ឲ្យ​ មាន​ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​ ជំនាញ​ទាក់​ទង​នឹង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ការងារ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​គឺ​យើង​ត្រូវ​ការ​គាំទ្រ​ខ្លាំង​ពី​ប្រទេស​អភិវឌ្ឍន៍​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ដែល​មាន​ធនធាន​ក៏​ដូច​ជា​មាន​បច្ចេក​វិទ្យា​ទំនើប​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឧស្ម័ន​ផ្ទះ​កញ្ចក់»។

មេ​ដឹក​នាំ​ពិភព​លោក​កំពុង​ត្រៀម​ខ្លួន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិភពលោក​អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទី​ក្រុង​ប៉ារីស​នា​ខែ​ធ្នូ​ខាង​មុខ​នេះ៕

XS
SM
MD
LG