នៅក្នុងសុន្ទរកថាមួយដែលព្រះអង្គបានថ្លែងទៅកាន់មហាសន្និបាតអ.ស.ប. សម្តេចប៉ាប Francis បានជំរុញឲ្យប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឱ្យបង្ហាញ ភាពជាមេដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងភាពទីទាល់ក្រ ព្រមទាំងក្នុងការការពារក្រុមជនភៀសខ្លួនមកពីកន្លែងមានសង្គ្រាមផងដែរ។ ព្រះអង្គក៏បានយាងទៅកាន់កន្លែងរំលឹកវិញ្ញាណក្ខន្ធមួយនៅក្នុងបុរីញូវយ៉កដើម្បីសូត្រធម៌ដើម្បីសន្តិភាព និងផ្តល់កិត្តិយសដល់ជនរងគ្រោះដោយសារការវាយប្រហារភេរវកម្មនៅក្នុងស.រ.អា.កាលពីឆ្នាំ២០០១។
នៅពេលមានព្រះបន្ទូលកាលពីព្រឹកថ្ងៃសុក្រនៅឯទីស្នាក់កណ្តាលរបស់អ.ស.ប.នៅក្នុងបុរីញូវយ៉ក សម្តេចប៉ាបដែលមានព្រះជន្ម៧៨ព្រះវស្សាបានភ្ជាប់ «ការប្រើប្រាស់ដោយមិនត្រឹមត្រូវ និងការបំផ្លាញបរិស្ថាន» ទៅនឹងអ្វីដែលព្រះអង្គហៅថា «ដំណើរការគ្មានឈប់ឈរ» នៃការផាត់ចោលខាងសេដ្ឋកិច្ច និងខាងសង្គមកិច្ចនៃក្រុមសមាជិកដែលមានការចាញ់ប្រៀបនៅក្នុងសង្គម។
សម្តេចប៉ាប Francis បានមានព្រះបន្ទូលជាភាសាអេស្ប៉ាញថា «ជាការពិត ការស្រេកឃ្លានដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងគ្មានព្រំដែនដើម្បីអំណាច និងភាពសម្បូររុងរឿងខាងសម្ភារៈនាំឱ្យមានការប្រើប្រាស់ខុសនូវប្រភពធនធានធម្មជាតិដែលមាន និងការផាត់ចោលក្រុមមនុស្សដែលខ្សោយនិងគ្មានប្រៀប»។
ព្រះអង្គបានមានព្រះបន្ទូលដូច្នេះទៅកាន់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីព្រមទាំងឥស្សរជនឯទៀតៗដែលអង្គុយនៅចំពោះព្រះភ័ក្ត្រព្រះអង្គនៅក្នុងមហាសាលនៃមហាសន្និបាតអ.ស.ប.៕