ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​រៀប​ចំ​ផែនការ​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​កើន​កំ​ដៅ​ផែនដី


រូប​ឯកសារ៖ ផ្សែង​ហុយ​ត្រលោម​ក្បែរ​ក្មេង​ប្រុស​ម្នាក់ដែលកំពុង​កាយ​រើស​សំរាម ដោយ​សារ​ការ​ដុត​សំរាម​​នៅ​គំនរ​កប់​សំរាម​មួយ​​នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា ឆ្នាំ២០០៦។

ប្រទេស​កម្ពុជា​ត្រូវ​រៀប​ចំ​ផែនការ​របស់​ខ្លួន​ដែល​ហៅ​ថា​ ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​តាម​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ (INDC)។

ក្នុង​ពេល​ដែល​មេដឹក​នាំ​ពិភព​លោក​ត្រៀម​ខ្លួន​ចូល​រួម​កិច្ច​ប្រជុំ​កំពូលពិភពលោក ​អំពី​ការ​ប្រែប្រួលអាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​នា​ខែ​ធ្នូ​ខាង​មុខ​ ​មន្រ្តី​កម្ពុជា​ និង​ក្រុម​អ្នក​ការពារ​បរិស្ថានបាន​និយាយ​ថា ​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធំៗ​គួរ​ផ្តល់​ការ​គាំទ្រ​ទាំង​ថវិកា ​និង​បច្ចេកទេស​ដល់​ប្រ​ទេស​ ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច ដូច​ប្រទេស​កម្ពុជា​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​កំដៅ​ផែនដី។​

ដូច​បណ្តា​ប្រទេស​ដទៃៗ​ទៀត​ ប្រទេស​កម្ពុជា​ត្រូវ​រៀប​ចំ​ផែនការ​របស់​ខ្លួន​ដែល​ហៅ​ថា​ ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​តាម​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ (INDC)​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​ការ​ផ្លាស់​ប្តូរ​ធាតុ​អាកាស​នៅ​ក្រោម​ពិធី​សារ​អង្គការ​សហ​ប្រជាជាតិ។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ លោក ​សៅ ​សុភាព​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​បរិស្ថាន។ ហើយ​បាយ​ការណ៍​រួម​មួយ​ដែល​និយាយ​អំពី​គោល​នយោបាយ ​ដើម្បី​ការពារ​ធន​ធាន​ធម្ម​ជាតិ​ និង​ជីវ​ចម្រុះ​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ដាក់ជូន​ទៅ​អង្គ​ប្រជុំ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​ផង​ដែរ។​

​លោក ​សៅ ​សុភាព និយាយ​ថា​ ប្រទេស​កម្ពុជា​មាន​ឆន្ទៈ​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញឧស្ម័នពុល។​ លោក​និយាយ​ថា ​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​បង្ក​ឲ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើននោះ​ទេ​ ហើយ​កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ដែល​មាន​ឧស្សហកម្ម​ធំ ​ហើយ​ដែល​មាន​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន។

«យើង​មិន​មែន​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ដូច​ជា​ប្រទេស​ដ៏ទៃ​ផ្សេង​ទៀត ​ដែល​មាន​ឧស្សាហកម្ម​ធ្ងន់​ដូច្នេះ​កម្ពុជា​មិន​មាន​កាតព្វ​កិច្ច​ចាប់​បង្ខំ​ឲ្យ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ឆន្ទៈ​នយោបាយ​របស់​យើង​ ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​អង្គការ​សហ​ប្រជាជាតិ»។​

លោក​ សៅ ​សុភាព​ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា៖​

«​ប្រទេស​កម្ពុជា​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទាក់​ទង​នឹង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់»។ ​«យើង​ស្នើ​ឱ្យ​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធុន​ធ្ងន់​ទទួល​ខុស​ត្រូវ»។​

គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​ដោយ​មាន​ការ​បាត់បង់​ឥណទាន​កាបូន​ ដែល​ជា​សក្តានុពល​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។ ឥណទាន​កាបូន​គឺជា​ទិន្នន័យឧស្ម័នកាបូនិក​ដែល​ព្រៃឈើ​ស្រូប​យក​ ហើយ​បញ្ចេញ​អុកស៊ីសែន ​ដែលជួយកាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។​

រូបឯកសារ៖ តំបន់​ដី​សម្បទានចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។
រូបឯកសារ៖ តំបន់​ដី​សម្បទានចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​នៅ​ប្រទេស​កម្ពុជា​ឥទ្ធិពល​នៃ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​មាន​ន័យ​ថា ​ជា​ការ​ផ្លាស់​ប្តូរ​ដែល​បង្កើត​ឲ្យ​មាន​ភាព​រាំង​ស្ងួត ឬ​ទឹក​ជំនន់​ខ្លាំង។ វា​នឹង​ប៉ះពាល់​ផង​ដែរ​ដល់​ឆ្នេរ​សមុទ្រ ​ព្រោះ​កម្រិត​ទឹក​សមុទ្រ​នឹង​មាន​ការ​កើន​ឡើង។​

លោក ​សៅ ​សុភាព ​បាន​រៀបរាប់​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​យ៉ាង​ដូច្នេះ​ថា​៖

«​យើង​មាន​ផែន​ការ​ច្រើន​ដែល​ត្រូវ​ធ្វើ​ដោយ​ស្ថាប័ន​រដ្ឋ​ដូច​ជា​ការងារ​នៅ​តាម​តំបន់​ឆ្នេរ»។ ​«យើង​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង​ ដូច្នេះ​ពួក​គេ​អាច​រស់នៅ​បាន​ទៅ​តាម​ការ​ប្រែប្រួល​អាកាសធាតុ។នៅ​ពេល​ដែល​យើង​ធ្វើ​ការងារ​ទាំង​នេះ​យើង​ត្រូវ​ការ ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​ហិរញ្ញវត្ថុ»។​

​លោក Achim Steinerនាយក​ប្រតិបត្ត​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សិក្ខា​សាលា​មួយនៅ​ទីក្រុង​ Sao Paulo​ ក្នុង​ប្រទេស​ប្រ៊េស៊ីល​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ពិភព​លោក​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រួម​ជា​សកល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។​

​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្ទរកថា​ដែល​បង្ហោះ​នៅ​គេហទំព័រ​របស់​អង្គការ​កម្មវិធី​បរិស្ថាន​អ.ស.ប.​ ​(UNFP​) ​ថា៖​

«​បើធ្វើ​បាន​ត្រឹមត្រូវ​ល្អ ​ការងារ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ទាំង​នេះអាច​នឹង​នាំ​ភព​ផែន​ដី​ និង​ប្រជាជន​របស់​យើង​ឆ្ពោះ​ទៅ​រក​វិបុលភាព​ និង​និរន្តរភាព​នាពេល​អនាគត។ ពិភព​លោក​របស់​យើង​ផ្សំ​ឡើង​ពី​ប្រព័ន្ធ​ច្រើន និង​ចម្រុះដែល​ស្ថាប័ន​តែ​មួយ​មិន​អាច​ដោះ​ស្រាយ​បាន‍»។​

លោក ​តឹក ​វណ្ណារ៉ា​ នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ NGO Forum​ បាន​ផ្តល់​អនុសាសន៍​ថា​ រដ្ឋាភិបាល​គួរតែ​ប្រមែ​ប្រមូល​យក​មតិ​យោបល់​បន្ថែម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ដាក់​បញ្ចូល​ក្នុង​របាយ​ការណ៍ ​INDC​ របស់​ខ្លួន។​

លោក​បាន​បន្តទៀត​ថា​ កម្ពុជា​ត្រូវ​តែ​រក្សា​គម្រប​ព្រៃឈើ​ដែល​នៅ​សេស​សល់​តិចតួច​នេះ ​ដោយ​សារ​វា​មិន​ត្រឹម​តែ​ជួយ​ដោះ​ស្រាយ​បញ្ហា​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​អនុផល​ព្រៃឈើ​ផង​ដែរ។​

«​យើង​លើក​ទឹក​ចិត្ត​ស្ថាប័ន​ពាក់ព័ន្ធឲ្យ​ការពារ​ព្រៃឈើ​ចុង​ក្រោយ​របស់​យើង​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជាពិសេស​អ្នក​ដែល​នៅ​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ដែល​អាច​ទាញ​យក​ប្រយោជន៍​រួម​ពី​ព្រៃឈើ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ»។​

​លោក​បាន​បន្ត​ថា ​ទន្ទឹម​នឹង​នេះ​រដ្ឋា​ភិ​បាល​អាច​ធ្វើ​ការ​ដើម្បី​ធានា​ឱ្យ​បាន​ថា​ ប្រជាជន​កម្ពុជា​អាច​រស់នៅ​ក្នុង​ទីក្រុង​មាន​ដើមឈើ​ច្រើន និង​បរិស្ថាន​ស្អាត​ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​យាន​យន្ត​ជា​លក្ខណៈ​បុគ្គល។

​អង្គការ​ NGO Forum នឹង​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ខ្លួន​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ថ្ងៃ​ទី​២៥​ ខែ​តុលា​ខាង​មុខ​នេះ​ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចូល​របាយការណ៍​នេះ​ទៅ​ក្នុង​របាយ​ការណ៍​រួម​របស់​ខ្លួន​សម្រាប់​ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិភព​លោក​ស្តី​អំពី​ការ​ប្រែប្រួលអាកា​សធាតុ​នៅ​ទី​ក្រុង​ប៉ារីស​នា​ខែ​ធ្នូ​ខាង​មុខ៕

XS
SM
MD
LG