ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​រក​ឃើញ​វិនាសកម្ម​ព្រៃឈើ​ដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច​


ព្រៃឈើត្រូវបានកាប់ដើម្បីធ្វើដីសម្បទាននៅក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

គិត​មកដល់​ឆ្នាំ​២០១៤​ យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ សម្បទាន​ដី​សេដ្ឋកិច្ច​ ចំនួន​៣៤​ កំពុង​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ​ជាង​ ២៣២.១៦៨​ហិកតា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​នៅ​ថ្ងៃ​ពុធ​នេះបាន​ចេញ​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារ​គោល​នយោបាយ​អភិវឌ្ឍន៍​ និង​វិនិយោគរបស់​រដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​មហិមា​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​សម្រាប់​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម។​

របាយការណ៍​ដែល​មាន​ចំណងជើងថា​ «ការ​កាប់​ឈើ​ និង​បរិបាលកិច្ច៖ ការ​កាប់​ឈើ​ខុសច្បាប់​ជា​ប្រព័ន្ធ​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ​រដ្ឋ​ និង​តំបន់​ការពារ» ​បាន​ផ្តោត​ទៅលើ​ខេត្ត​រតនគិរី​ និង​ខេត្ត​ស្ទឹង​ត្រែង​ដែល​ជាទី​ទាក់​ទាញ​ដល់ក្រុម​ហ៊ុន​ឯក​ជន​ដើម្បី​ដាក់​ទុន​ដាំ​ដំណាំ​ឧស្សាហកម្ម​ ជាពិសេស​ដំណាំ​កៅស៊ូ។​ របាយការណ៍​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ជា​ច្រើន​ បាន​កាប់​ឈើ​ ដក​រំលើង​ដើមឈើ​ទាំង​ឫស​និង​ ដាំ​ដំណាំ​កៅស៊ូ​ជំនួស។​ ​

ទីតាំង​ស្នូល​ដែល​របាយការណ៍​នេះ​ បាន​ផ្តោត​ជា​សំខាន់​នោះ​គឺ​តំបន់​សួន​ឧទ្យាន​ជាតិ​វីរជ័យ​ដែល​ជា​តំបន់​ការ​ពារ​ និង​មានទី​តាំង​នៅ​ភាគ​ខាង​ជើង​ខេត្ត​រតនគិរី​ និង​ស្ទឹង​ត្រែង។​

របាយការណ៍​សរសេរ​ថា៖​ «ក្រុមហ៊ុន​ជា​ច្រើន​បាន​ធ្វើការ​កាប់​ឈើ​ជុំវិញ​ ឬ​នៅ​ក្នុង​តំបន់​នេះ​ដែល​រួម​មាន​ក្រុមហ៊ុន​អាន​ម៉ាឌីគ្រុប​ ក្រុមហ៊ុន​ឧកញ៉ា​គិត​ ម៉េង​គ្រុប​ ក្រុមហ៊ុន​ឧកញ៉ា​លឹម ប៊ុណ្ណា​ ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​ ក្រុមហ៊ុន​វៀតណាម​ហ័ង​អាញ​យ៉ាឡាយ​ ក្រុម​ហ៊ុន​ជាំង​លី​ និង​ក្រុមហ៊ុន​ ម៉ែន​ សារុន​ជាដើម។ ការ​កាប់​ឈើ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០០៦ ​និង​បន្ត​រហូត​ដល់​ឆ្នាំ​២០១៣»។

នេះ​បង្ហាញ​ទី​តាំង​ឧទ្យាន​ជាតិ​វីរៈជ័យនៅតំបន់​កន្ទុយ​នាគ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ប្រទេសឡាវ​និង​វៀតណាម។ (ផែនទី Google Maps)
នេះ​បង្ហាញ​ទី​តាំង​ឧទ្យាន​ជាតិ​វីរៈជ័យនៅតំបន់​កន្ទុយ​នាគ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ប្រទេសឡាវ​និង​វៀតណាម។ (ផែនទី Google Maps)

ការ​កាប់​ឈើ​នេះ​ គឺ​ផ្តោត​យក​តែ​ឈើ​ប្រណិត​មាន​តម្លៃ​ដូច​ជា​ ក្រញូង​ បេង​ នាង​នួន​ ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​ចិន​ វៀតណាម​ និង​ឡាវ។​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣​ ក្រុមហ៊ុន​ទាំង​នោះ​ ក៏បាន​ដក​ខ្លួន​ ដោយ​មាន​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​ មក​ជំនួស​ក្នុង​ការ​បន្ត​កាប់​ប្រមូល​ទិញ​ស្តុក​ទុក​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ជា​ចំហ​ និង​ផ្តាច់មុខ​នៅ​ក្នុង​តំបន់​នេះ​ និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំង​មូល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​របាយការណ៍​ដែល​បាន​ប្រើ​ពេល​ស្រាវជ្រាវ​អស់​ជាច្រើន​ខែ​កាលពី​ឆ្នាំ​២០១៤។

នៅ​ក្នុង​របាយការណ៍​ដដែល​នេះ​ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ប្រភេទ​ឈើ​ក្រញូង​ ត្រូវ​បាន​គិត​ក្នុង​តម្លៃ​៥ ទៅ​១០ដុល្លារ​ក្នុង​មួយ​គីឡូ​ មាន​ន័យ​ថា​ ឈើ​ក្រញូង​ក្នុង​មួយ​ម៉ែត្រ​គូប​មាន​តម្លៃ​ស្មើនឹង​ ៥ម៉ឺន​ទៅ​១០​ម៉ឺន​ដុល្លារ​ នៅ​លើ​ទីផ្សារ​ខេត្ត​រតនគិរី។​ ចំពោះ​ក្រញូង​វិញ​មាន​តម្លៃ​ចាប់​ពី​១០​ម៉ឺន​ ទៅ​២០​ម៉ឺន​ដុល្លារ (ដែល​កម្រ​រក​បាន​អ្នក​ទិញ​ណាស់​ព្រោះ​ការ​នាំ​ចេញ​ គឺ​ខុសច្បាប់​ហើយ​មាន​តែ​អ្នក​កាប់​ឈើ​ដែល​មាន​ឥទ្ធិពល​ ឬ​អំណាច​ខ្លាំង​ប៉ុណ្ណោះ​ដែល​អាច​ហ៊ាន​កាប់​ ហើយ​ឈើ​ប្រភេទ​ក្រញូង​សៀម​ មាន​តម្លៃ​ចាប់​ពី​១លាន​ប្រាំ​សែន​ដុល្លារ​ និង​អាច​ឡើង​ដល់​២លាន​ដុល្លារ​ក្នុង​១ម៉ែត្រ​គីប​។ ​នេះ​បើ​តាម​តម្លៃ​ទីផ្សារ​នៅ​ប្រទេស​ចិន។​

នៅ​ក្នុង​សិក្ខាសាលាប្រកាស​ផ្សព្វ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ រៀបចំ​ដោយ​អង្គការ​វេទិកានៃ​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ការ​សួរ​ដេញ​ដោល​អំពី​ការយល់​ឃើញ​នៃ​របាយការណ៍​ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នក​ចូល​រួម​ដែល​ភាគច្រើនជា​សកម្មជន​ការ​ពារ​បរិស្ថាន ​និង​ប្រជាពលរដ្ឋ​ដែល​មក​ពី​សហគមន៍​នានា​នៅ​ក្នុង​ខេត្ត​រតនគិរី​និង​ស្ទឹង​ត្រែង​។

លោក​ស្រ៊ុន​ ដារិទ្ធិ​ ទីប្រឹក្សា​ក្រសួង​បរិស្ថាន​ និង​នាយ​ខុទ្ទកាល័យ​ក្រសួង​បរិស្ថានបញ្ជាក់​ថា៖

«ខ្ញុំ​សូម​ជម្រាប​ថា​ ព្រៃ​មិន​មែន​ក្រុង​ទេ​ ដូច​ជា​នៅ​ក្នុង​កន្ទុយ​នាគ​ រាប់​ម៉ឺន​ហិកតា​ លំផាត់​រាប់​ម៉ឺន​ហិកតា​ រាប់​សិប​ម៉ឺន តើយើង​មានកម្លាំង​សម្រាប់​ការពារ​ព្រៃ​ហ្នឹង​ទេ? ​ តែ​បួន​ ដប់​ ម្ភៃ​នាក់​ទេ។​ ដល់​ចែក​គ្នា​ទៅ​បាន​នៅ​ក្នុង​ម្នាក់​ត្រូវប្រហែលជា១ម៉ឺន​ហិកតា។​ គ្រប់​គ្រង​ព្រៃ​ ម្នាក់១ម៉ឺន​ហិកតា។​ តើ​ឧទ្យានុរក្ស​យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ហើយ​ឬនៅ​ គ្រប់​គ្រង​ព្រៃ​១ម៉ឺន​ហិកតា​នេះ? ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គ្រប់​គ្រង​ផល​លំបាក​ដែល​យើង​មាន។​ អញ្ចឹង​វា​មិន​ដូច​អាមេរិក​ ហើយ​ក៏​មិន​ដូច​អឺរ៉ុប​ដែរ។ ​ខ្ញុំ​ទទួល​ស្គាល់​កន្លែង​ហ្នឹង​បន្តិច​មាន​ការ​ខ្វះខាត»។​

ដោយសារ​ការ​ខ្វះ​ខាត​ជីវិត​ និង​ការ​បម្រែបម្រួល​អាកាសធាតុ​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះជនជាតិ​ដើម​ភាគតិច​ក៏​បាន​ក្លាយ​ជា​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ផង​ដែរ។​ របាយ​ការណ៍​សរសេរ​ថា​ អ្នក​ដឹកនាំ​សហគមន៍​ខ្លះ​ បាន​ប្រឡូក​ខ្លួន​ចូល​រួម​និង​រក​ប្រាក់​បាន​ពី​ការ​កាប់​ឈើ​នេះ​ គឺ​ប្រសើរ​ជាង​ការ​ឈរ​មើល​ដើម​ឈើ​ដែល​ត្រូវ​គេ​យក​ពី​គាត់​រលីង​ដោយ​គ្មាន​បាន​អ្វី​ទាល់តែ​សោះ​។​

បទសម្ភាសន៍​មួយ​ដែល​ធ្វើ​ឡើង​ជាមួយ​មេឃុំ​ម្នាក់​ ហើយបាន​ដកស្រង់​និង​បញ្ចូល​ក្នុង​របាយការណ៍​នេះ​បាន​សរសេរ​ថា៖

​«ប្រសិន​បើ​យើង​មិន​កាប់​ឈើ​ទេ​ តើ​យើង​អាច​ចិញ្ចឹម​ជីវិត​គ្រួសារ​យើង​ដោយ​របៀប​ណា​នៅ​ពេល​ដែលឃុំ​នេះ​ត្រូវ​បាន​ទឹក​ជន់​លិច​ទាំង​ស្រុង​ទៅ​ហើយ​ ម្យ៉ាង​បើ​យើង​មិន​កាប់​ទេ​ ក៏​ក្រុម​ហ៊ុន​ នៅ​តែ​កាប់​ដដែល​ហ្នឹង។​ កាប់​ឈើ​ដើម្បី​បាន​ប្រាក់​ប្រសើរ​ជាង​ បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង»។​

ទោះបី​ជា​យ៉ាងណាក៏ដោយ​ ប្រជា​ពលរដ្ឋ​ជនជាតិ​ភាគតិច​ដែល​មក​ពី​តំបន់​រង​គ្រោះ​ដោយ​សារ​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​នេះ ​បាន​ទទូច​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ការពារ​រក្សា​ទុកព្រៃ​ខ្លះសម្រាប់​កូន​ខ្មែរ​អ្នក​ជំនាន់​ក្រោយ។​ ​

របាយការណ៍​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ទ្រី​ភាព​គ្រុប​ និង​ក្រុម​ហ៊ុន​ដទៃ​ទៀត​បាន​ចូលមក​ ធនធាន​ធម្ម​ជាតិ​ ជាពិសេស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​បាន​វិនាស​ ហិនហោច​ដែល​ការ​កាប់​ឈើ​ គឺ​មាន​ការ​កើន​ឡើង​រហូត​ដល់​ចម្ងាយ​ ១០​ គីឡូម៉ែត្រ​ក្នុង​មួយ​ខែ។​ ដោយ​យោង​ទៅ​លើ​ការ​គណនា​ចំនួន​រថយន្ត​ ដឹកឈើ​ និង​ចំនួន​ឈើ​ដែល​បាន​ដឹក​ជញ្ជូន​ក្នុង​មួយ​រថយន្ត​គេ​ បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា​ យ៉ាង​ហោចណាស់​ឈើ​ប្រហែល​ ៨១.០០០​ ដើម​ ឬ​ស្មើនឹង​២៤៣.០០០​ ម៉ែត្រគីប​ ត្រូវ​បាន​គេ​ដឹកចេញ​ពី​ព្រៃ​នៃ​ភាគ​ខាង​ជើង​ខេត្ត​រតន​គិរី​ និង​ស្ទឹង​ត្រែង​នៅក្នុង​ឆ្នាំ​២០១៤។​

គិត​មកដល់​ឆ្នាំ​២០១៤​ យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ សម្បទាន​ដី​សេដ្ឋកិច្ច​ ចំនួន​៣៤​ កំពុង​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ​ជាង​ ២៣២.១៦៨​ហិកតា ​និង​មាន​ក្រុមហ៊ុន​ចំនួន​១១​ ដែល​ទទួល​បាន​សិទ្ធិ​ ឬ​សម្បទាន​ ដើម្បី​ជីក​រករ៉ែ​ លើ​ផ្ទៃដី​ទំហំ​ ជាង​៥៨៨ ៦៣២​ហិកតា ​និងមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធំ​មួយ​កន្លែង​ មាន​ទី​តាំង​ក្នុង​ស្រុក​អូរយ៉ាដាវ​ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ទំហំ​ ១៣៦​ហិកតា។​ ផ្ទៃ​ដី​សរុប​ក្រោម​រូបភាព​សម្បទាន​មាន​ទំហំ​ ៨២០.៩៣៦​ ហិកតា៕

XS
SM
MD
LG