ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​បរិស្ថាន៖ កម្ពុជា​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ខ្លាំង​នៅ​ឡើយ​​​


ភ្លើង​ឆេះ​ព្រៃ​នៅ​សមុទ្រ​ឈើ​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ថ្ងៃ​ទី១១​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)
ភ្លើង​ឆេះ​ព្រៃ​នៅ​សមុទ្រ​ឈើ​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ថ្ងៃ​ទី១១​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​​មាន​គម្រប​ព្រៃ​ឈើ​៥៧​ភាគរយ​ក្នុង​ពេល​ដែល​មានការ​រិះគន់​ខ្លាំង​ថា​ ព្រៃឈើ​កម្ពុជា​ត្រូវ​កាប់​បំផ្លាញ​ដោយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដ៏​មាន​ឥទ្ធិពល​ហើយ​​ស្និទ្ធ​នឹង​មន្ត្រី​កាន់​អំណាច។​

ក្រុម​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​បាន​អះអាង​ថា​ ទោះជា​កម្ពុជា​មិនមែន​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​ក្តី​ តែ​ប្រទេស​នេះ​នៅតែ​មាន​ការ​ចូលរួម​បង្កើន​ការប្រែប្រួលអាកាស​ធាតុ​ដែល​ពិភពលោក​កំពុង​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​រិះរក​វិធានការ​ទប់ស្កាត់។​

ការ​ចូលរួម​ចំណែក​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថានរបស់​កម្ពុជា​គឺ​រាប់​បញ្ចូល​ទាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ការប្រើប្រាស់​លាមក​បង្កើត​មេតាន​ ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​មិន​ត្រឹមត្រូវ​ ភាព​ក្រីក្រ ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ហួស​កម្រិត​ជាដើម។​

លោក​ ប៉ិច សុខេម ​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​ក្នុង​ប្រទេស​កាណាដា​ បាន​ថ្លែង​ថា​ កម្ពុជា​ជា​ប្រទេស​ទី​១០​ ដែល​គេ​រក​ឃើញ​ថា​ ងាយ​រង​គ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ​ ហើយ​ថា​ កម្ពុជា​ជា​ប្រទេស​ពឹង​ពាក់​លើ​ធនធាន​ធម្មជាតិ​ខ្លាំង​នៅ​ឡើយ។​

«ជាពិសេស​ដោយសារ​ថា​ ខ្មែរ​យើង​ទី១ ​ពឹង​ពាក់​លើ​ធនធាន​ធម្មជាតិ​ខ្លាំង ​ប្រជាជន​យើង​ជាង​៨០​ភាគរយ​ដែល​រស់នៅ​ជនបទ​ គាត់​ពឹង​លើ​ធនធាន​ទឹក​ ជលផល ​ហើយ​ទី៣​ ទៀត​ប្រជាជន​យើង​ភាគច្រើន​គាត់​មាន​ភាព​ក្រីក្រ។ ​ទោះបី​ជា​អត្រា​នៃ​ភាព​ក្រីក្រ​ស្រក​ចុះ​ តែ​សមត្ថភាព​របស់​គាត់ ​គាត់​រស់នៅ​ប្រដំ​ប្រសង​នឹង​បន្ទាត់​នៃ​ភាព​ក្រីក្រ»។​

លោក​បន្ថែម​ថា​ ពលរដ្ឋ​កម្ពុជា​នឹង​រង​ការប៉ះពាល់​ដល់​ជីវភាព ​ហើយ​ពួក​គាត់នឹង​កាន់តែ​ក្រីក្រ​ទៅៗ បើ​មាន​ទឹក​ជំនន់​ គ្រោះ​រាំង​ស្ងួត ​មាន​កូន​ឈឺ​ គាត់​ត្រូវប៉ះ​ពាល់​បាត់បង់​ធនធាន​ខ្លាំង​ថែម​ទៀត​ ​ដូចជា​ត្រូវ​លក់​ផ្ទះ​ដី ​ដើម្បី​យក​លុយ​ទប់ទល់​នឹង​ គ្រោះ​មហន្តរាយ​ទាំង​នោះ។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ថាមាន​គម្រប​ព្រៃ​ឈើ​៥៧​ភាគរយ​ក្នុង​ពេល​ដែល​មានការ​រិះគន់​ខ្លាំង​ថា​ ព្រៃឈើ​កម្ពុជា​ត្រូវ​កាប់​បំផ្លាញ​ដោយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដ៏​មាន​ឥទ្ធិពល​ហើយស្និទ្ធ​នឹង​មន្ត្រី​កាន់​អំណាច។​

Shannon Siyao Wang ​អ្នក​សម្រប​សម្រួល​គម្រោង​បរិស្ថាន​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB ​ពាក់ព័ន្ធ​នឹង​មហា​អនុ​តំបន់ទន្លេ​មេគង្គ​ ហើយ​នឹង​កម្មវិធី​បរិស្ថាន​ស្នូល​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​វិធី​ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្នែក​ការ​គ្រប់គ្រង​បរិស្ថាន ​ដែល​រដ្ឋ​ និង​ផ្នែក​ឯកជន​អាច​ធ្វើ​បាន​ដើម្បី​ទាញ​យក​ចំណូល​រដ្ឋ ​និង​ផ្តល់​ឱកាស​ឬ​ទាក់ទាញ​ក្រុម​ហ៊ុន​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ។​

លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ រដ្ឋ​អាច​យក​ពន្ធ​លើ​ឥណទាន​កាបូន ​និង​ពន្ធ​លើ​ថាមពល​ ក៏​ដូចជា​ការ​ដក​ចេញចំណាយ​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ទំនិញ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ ដូចជា​ជីរ​ជា​ដើម។ លោក​ស្រី​ថ្លែង​ថា​ នេះ​ជា​វិធី​ដ៏​រហ័ស​ ដែល​រដ្ឋាភិបាល​អាច​បង្កើន​ចំណូល​រដ្ឋ​ ហើយ​ដោយ​ឡែក​ រដ្ឋ​ក៏​ត្រូវតែ​គិតគូរ​ដល់​ការវិនិយោគ​ឯកជន​ដែរ ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ចាប់​អារម្មណ៍​ដល់​ការ​វិនិយោគ​ផ្នែក​បច្ចេកវិជ្ជា​ថាមពល​ដែល​កកើត​ឡើង​វិញ​ និង​ការ​វិនិយោគ​លើ​ថាមពល​តាម​គោលការណ៍​ប្រសិទ្ធភាព។ ​ការណ៍​នេះ​រដ្ឋ​អាច​បង្កើត​បាន​នូវ​ប្រភព​ចំណូល​ហិរញ្ញ​វត្ថុ។​

«ដូច្នេះ​វា​ជា​រឿង​សំខាន់​ដែល​ថា ​តាម​រយៈ​ការ​បង្កើត​យុទ្ធ​សាស្ត្រ​បរិស្ថាន​ជាតិ​ ​ កម្ពុជា​អាច​សម្លឹង​មើល​ឃើញ​វិធី​ដែល​អាច​កាត់​បន្ថយ​ដ៏​ខ្លាំងក្លា​នូវ​ការ​បំផ្លាញ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ​ ​តាម​រយៈ​គោល​នយោបាយ​បរិស្ថាន ច្បាប់ ​ក៏ដូចជា​ការ​បង្កើត​ជម្រើស​នៃ​ចំណូល​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។​

លោកស្រី​បាន​ទទួល​ស្គាល់​ថា​ ផលិតផល​សរុប​ក្នុង​ស្រុក​ GDP​ មាន​កំណើន​ខ្លាំង ​និង​កើន​លឿន ​នៅ​ច្រើន​ទសវត្សរ៍​ចុងក្រោយ​ ហើយ​មាន​ការ​ចង្អុល​បង្ហាញ​ថា​ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ GDP ​នឹង​កើន​ថែម​ទៀត​ តាមរយៈ​ការ​ប្រើ​ប្រាស់ធនធាន​ធម្មជាតិ​ជា​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាស​ធាតុ​នេះ។

«ខ្ញុំ​គិត​ថា​ ស្ថានភាព​បរិស្ថាន​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​ពិត​ជា​មាន​ការ​ល្បី​រន្ទឺ​ខ្លាំង​ ថា​ ប្រទេស​នេះ​មាន​ការ​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​មាន​ការ​ធ្វើឲ្យ​ក្រខ្វក់​ទឹក​ មាន​ការ​ធ្វើ​ឲ្យ​ដីមាន​កម្រិត​ក្រខ្វក់​ ដោយ​សារ​ផលិតកម្ម​ផ្នែក​កសិកម្ម ​ក៏ដូច​ជា​ការ​ប៉ះ​ទង្គិច​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។​ តែ​កម្ពុជា​មាន​ការ​ចាត់ចែង​ធ្វើ​គោល​នយោបាយ​រួច​ហើយ​ក្នុង​ការ​បញ្ចៀស​និន្នាការ​ដែល​ប៉ះទង្គិច​នេះ។​ ដូច្នេះ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ តែ​កម្ពុជា​ត្រូវការ​ការ​ចូលរួម​ពី​រដ្ឋាភិបាល​ទាំងស្រុង ​ហើយគ្រប់គ្នា​គួរ​ចូល​រួម​សហការ​ក្នុង​ការ​ធានា​ឲ្យ​គោល​នយោបាយ​នេះ​ដំណើរការ​ជាប់​លាប់​ដោយ​ប្រសិទ្ធ​ភាព»។​

លោកស្រី ​Shannon Siyao Wang ​បាន​ចាត់​ទុក​ថា​ កម្ពុជា​បាន​ចាប់​ផ្តើម​អនុវត្ត​ទាន់​ពេល​ក្នុង​ការ​បង្កើត​គោល​នយោបាយ​ ដោយ​មាន​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តជាតិ​នានា។​

ស្របគ្នា​នោះ​ដែរ ​លោក​សៅ សុភាព​ ទីប្រឹក្សា​ក្រសួង​បរិស្ថាន ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា៖​

«កម្ពុជា​យើង​ចូលរួម​យ៉ាង​ខ្លាំង​ក្លា​ហើយ​ការងារ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ ​គឺ​យើង​បាន​អនុវត្ត​ច្រើន​នៅ​កម្ពុជា ​ជាពិសេស​នៅ​ផ្នែក ​បន្ស៉ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ការ​កសាង​ភាព​ធន់​ទៅ​នឹង​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ​ការ​កសាង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ក៏​ដូចជា​យើង​ឈាន​ទៅដល់​ការ​ដែល​យើង​ហៅ​ថា​ ការ​កាត់បន្ថយ​ យើង​ហៅ​ថា​ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ក៏​ដូចជា​ឧស្ម័ន​ផ្ទះ​កញ្ចក់»។​

លោកសៅ សុភាព​បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​ដាក់​របាយ​ការណ៍​ជូន​ទៅ​អ.ស.ប.ដើម្បី បញ្ជាក់​ពី​គោល​ជំហរ​ ក៏​ដូច​ជា​ចំណុច​ដែល​កម្ពុជា​ចូលរួម​និង​រួម​ចំណែក​ដោះស្រាយ​ បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ ទាំង​នៅ​កម្ពុជា​ក៏​ដូច​ជា​ក្នុង​សាកល។​

«យុទ្ធសាស្ត្រ​នេះ​គឺ​យើង​ត្រូវ​យក​ឯកសារ​ ក៏ដូចជា​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​បរិស្ថាន​ទាំង​មូល ​និយាយ​ដោយ​ឡែក​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ យក​មក​គិតគូរ​ដាក់​បញ្ចូល​ក្នុង​នេះ​ដើម្បី​ដំណើរការ​អនុវត្ត​នៅ​ពេល​អនាគត»។​

កម្ពុជា​កំពុង​ដំណើរការ​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ពី​ឆ្នាំ​២០១៦​ដល់​២០២៣ ​ដោយ​បាន​ហៅ​ក្រុម​អ្នក​ជំនាញ​បរិស្ថាន​ជាតិ​ ក្នុង​តំបន់​និង​ពិភពលោក​ចូលរួម​តាក់តែង​ផែនការ​យុទ្ធសាស្ត្រ​នេះ។​

លោក​ Pavit Ramachandran​ អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន​នៃ​ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ ADB ​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ច្រើន​រួច​ហើយ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​ ហើយ​លោក​គិត​ថា​ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​ដល់​កម្រិត​ថ្នាក់​ជាតិ​របស់​ខ្លួន។

«ខ្ញុំ​គិត​ថា​ ការ​ប្តេជ្ញា​ចិត្ត​នេះ​វា​នឹង​ក្លាយ​ជា​គម្រោង​ពិតៗ​ក្នុង​ការ​តាម​មើល​វិធី ​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ការ​ប្រែប្រួល​អាកាស​ធាតុ។​ ខ្ញុំ​ចង់​និយាយ​ថា ​បើ​គិត​ពី​បរិបទ ​និង​សេដ្ឋកិច្ច​កម្ពុជា​ ខ្ញុំ​គិត​ថា​ សម្រាប់​តំបន់​ជនបទ​ វិស័យ​កសិកម្ម​ នៅតែ​ជា​វិស័យ​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ បើ​មើល​ទៅ​ដល់​ការ​ប៉ះទង្គិច ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ​ការ​ប៉ះពាល់​ដល់​ផលិត​ផល​ ប៉ះពាល់​ដល់​កសិករ​នៅ​ជនបទ​ និង​ពលរដ្ឋ​ជន​បទ។​ តែតំបន់​ក្រុង​ក៏​រង​ការ​ប៉ះពាល់​ដែរ ​ដោយ​សារ​ការ​ប្រើប្រាស់​ទឹក​ ធនធាន​ដី ​ហើយ​នឹង​ការ​ប៉ះពាល់​ការ​ប្រែប្រួល​អាកាស​ធាតុលើ​វិស័យ​នោះ​ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​ដែល​ត្រូវ​តាមដាន​ មើល​គ្រប់​ទិដ្ឋភាព​ទាំងអស់»។​

លោក​បាន​បន្ថែម​ថា​ ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ ADB ​បាន​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​សាកល្បង​ទាក់ទង​នឹង​ភាព​ស៊ាំ​ទៅ​នឹង​ការប្រែប្រួល​អាកាស​ធាតុ​ហៅ​ថា ​PPCR​ ក្រោម​ការ​ឧបត្ថម្ភជា​ថវិកា​ជាង​បី​ឆ្នាំ​ហើយ។​ ការ​គាំទ្រ​នោះ​គឺ​មាន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ​ការពារ​អាកាសធាតុ ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ជឿ​ជាក់​ជា​ប្រាកដ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ភាព​ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​

«ដូច្នេះ​រឿង​មួយ​នេះ​គឺ​ថា​ យើង​បាន​ប្រមូល​ជំនួយ​ច្រើន​ តែ​ទៅ​មុខ​ទៀត​ តាម​រយៈ​កម្មវិធី​បរិស្ថាន​ស្នូល​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ​GMS​ និង​មជ្ឈ​មណ្ឌល​ប្រតិបត្តិ​ផ្នែក​ បរិស្ថាន​ ​យើង​សង្ឃឹមថា ​នឹង​អាច​ប្រមូល​បាន​ធនធាន​គាំទ្រ​បន្ថែម​ទៀត។ ​ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា​ យើង​មាន​មូលនិធិ​សម្រាប់​គាំទ្រ​ផ្នែក​អាកាសធាតុ​បៃតង​ ដែល ពេល​នេះ​កំពុងតែ​ប្រតិបត្តិការ ​ហើយ​បន្ទាប់​ទៀត​ យើង​មាន​យន្តការ​ហិរញ្ញ​វត្ថុ​តំបន់​និង​ពិភព​លោក​និង​មូលនិធិ​ដែល​អាច​ប្រើ​បាន​ទៀត។​ ដូច្នេះ ​យើង​គិត​ថា​ យើង​ចង់​ជួយ​កម្ពុជា​ឲ្យ​ទទួល និង​ម្រមូល​ធនធាន​ទាំង​នោះ​តាមរយៈ​ថវិកា​នោះ​ ហើយ​ធានា​ថា​ គម្រោង​នោះ​មាន​លុយ​ប្រើប្រាស់​ និង​ដំណើរ​ការ​បាន​ ដោយទាញ​ចេញ​ពី​ការ​ប្រើប្រាស់​លុយ​ដែល​ទាញ​ចេញ​ពី​មូលនិធិ​ទាំង​នេះ»។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​បណ្ឌិត​ ប៉ិច សុខេម​ បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ទាក់ទាញ​ថវិកា​ពី​ប្រទេសមាន​ឧស្សាហ​កម្ម​ធំៗ​ មក​ប្រើប្រាស់​ បើធៀប​នឹង​ប្រទេស​ជិតខាង។​

លោក​បាន​បន្ថែម​ថា​ ប្រទេស​អភិវឌ្ឍន៍​ដូច​ជាស.រ.អា.​ ​ ចិន​ ឥណ្ឌា​ ប្រ៊េស៊ីល និង​ ប្រទេស​នៅអឺរ៉ុបមាន​ការ​ចូល​រួម​ធំ ​ដោយសារ​ការ​ដុត​ឧស្ម័ន​ធ្យូងថ្ម​ ដុត​ឧស្ម័ន​ផ្សេងៗ​បង្កើតថាមពល​សម្រាប់​វិស័យឧស្សាហកម្ម ​ហើយ​ថា​ ប្រទេស​ទាំង​នោះ​ត្រូវ​មាន​តួនាទី​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ប្រទេស​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ​នោះ។

«កម្ពុជា​យើងជា​ប្រទេស​មួយ​ដែរ ​ដែល​យើង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​ដល់​អ្នក​ដែល​បាន​អភិវឌ្ឍ​ តែអ្នក​បាន​ធ្វើឲ្យ​មាន​ការ​ប៉ះពាល់​ អ្នក​ត្រូវ​មាន​កាតព្វកិច្ច​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​គេ»។​

លោក​ក៏​បាន​អះអាង​ថា ពិភព​លោក​មាន​ការ​ជជែក​គ្នា​ច្រើន​ចំពោះ​តួនាទី​និង​ភារកិច្ច​របស់​ប្រទេស​អភិវឌ្ឍន៍​ ​ដែល​ត្រូវ​ផ្តល់​ជំនួយ​ដល់​ប្រទេស​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​មួយ​ផ្នែក​ដោយ​សារ​ការ​ប៉ះ​ពាល់​បរិស្ថាន​បណ្តាល​មកពីប្រទេស​អភិវឌ្ឍន៍ ​ឬ​ប្រទេស​អ្នក​មាន​នោះ។​

ក្រុម​អ្នក​ជំនាញ​បរិស្ថាន​នានា​បាន​អះអាង​ថា​ មាន​ការ​ចង្អុល​បង្ហាញ​ថា ​ទិន្នផល​ត្រី​មាន​ការ​ថយ​ចុះ​ ហើយ​ទឹក​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​ខ្លាំង ​ដែល​ប៉ះពាល់ ​ដល់​ពលរដ្ឋ​ និង​កសិករ​ជាច្រើន​គ្រួសារ ​ដែល​ពឹង​ផ្អែក​លើ​ទឹក​ទន្លេ​សម្រាប់​ការ​ស្រោច​ស្រប់ផល​ដំណាំ​ពួកគាត់​ និង​ការ​ប្រើប្រាស់​ផ្សេងៗ។​

ក្រុម​មន្ត្រី​និង​មេ​ដឹកនាំ​ប្រទេស​ជាង​១៩០ ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ទាក់ទង​នឹង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​គេ​បាន​ដឹង​ថា​ មាន​ការ​ជំរុញចង់​ឲ្យ​មាន​សន្ធិ​សញ្ញា​ថា​ តើ​ពិភព​លោក​នឹង​រួមគ្នា​ទប់ស្កាត់​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​កើត​ឡើង​ដោយ​វិធី​ណា​ខ្លះ។ ​កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នេះត្រូវ​គេ​គ្រោង​នឹង​ចាប់​ធ្វើ​ពី​ថ្ងៃ៣០​ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ខាងមុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG