សហរដ្ឋអាមេរិកកំពុងតែនាំមុខគេក្នុងគម្រោងយុទ្ធសាស្ត្រទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងសកលលោក។ តួនាទីនាំមុខនេះអាចនឹងបន្តពង្រឹងឥទ្ធិពលរបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងខាងយោធា និងខាងការទូត។ នេះបើយោងតាមអ្នកជំនាញខាងអាកាសធាតុ ដែលបានលើកឡើងដូច្នេះនៅក្នុងកម្មវិធីចេញផ្សាយរបាយការណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន។
មុននឹងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥ នៅទីក្រុងប៉ារីសដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះឈានមកដល់នោះ មជ្ឈមណ្ឌលដើម្បីអាកាសធាតុ និងសន្តិសុខ (Center for Climate and Security) បានចេញរបាយការណ៍មួយស្តីពី«ការបង្កើតតុល្យភាពឡើងវិញរវាងសហរដ្ឋអាមេរិក និងអាស៊ីប៉ាស៊ីហ្វិក សន្តិសុខជាតិ និងការប្រែប្រួលអាកាសធាតុ»។ របាយការណ៍ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកាកន្លងទៅនេះ បានចាត់ទុកការប្រែប្រួលអាកាសធាតុជា«ម៉ាស៊ីនពង្រីកការគំរាមកំហែង»ដល់សន្តិសុខជាតិ ភាពរុងរឿងខាងសេដ្ឋកិច្ចជាតិ និងស្ថិរភាពនយោបាយរបស់ប្រទេសទាំងអស់នៅក្នុងសកលលោក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ប្រទេសទាំងឡាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកងាយនឹងរងគ្រោះមហន្តរាយធម្មជាតិជាងគេបង្អស់ក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ២០១១ ប្រជាជននៅក្នុងតំបន់នេះប្រមាណជិត២លាននាក់បានស្លាប់ដោយសារតែគ្រោះមហន្តរាយធម្មជាតិ គឺស្មើនឹង៧៥ភាគរយនៃចំនួនមនុស្សស្លាប់នៅទូទាំងពិភពលោកដោយសារគ្រោះមហន្តរាយនេះ។
ក្នុងការបង្ហាញពីភាពចាំបាច់ដែលតម្រូវឲ្យសហរដ្ឋអាមេរិកបង្កើនកិច្ចខំប្រឹងប្រែងធ្វើឲ្យឥទ្ធិពលរបស់ខ្លួនមានតុល្យភាពឡើងវិញនៅក្នុងប្រទេសនៃតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ លោក Samuel J. Locklear III អតីតមេបញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់នៅក្នុងរបាយការណ៍នេះថា៖
«យើងត្រូវតែដោះស្រាយផលប៉ះពាល់ជាសក្តានុពលនៃការប្រែប្រួលអាកាសធាតុមកលើបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងផលប៉ះពាល់នេះមកលើការយកចិត្តទុកដាក់របស់អាមេរិកនៅក្នុងតំបន់នេះ»។
និយាយទៅកាន់អ្នកស្តាប់នៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នេះ លោកស្រី Sherri Goodman ជាប្រធាន និងជានាយិកាប្រតិបត្តិនៃសហព័ន្ធដើម្បីភាពដឹកនាំខាងសមុទ្រ (Consortium for Ocean Leadership) បាននិយាយថា ទាក់ទិននឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ប្រទេសនីមួយៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងជួបប្រទះនឹងកត្តាប្រឈមជាច្រើនខុសៗគ្នា។
«ប្រទេសនីមួយៗជួបបញ្ហាខុសៗគ្នា ដែលរួមមានការកើនឡើងនៃកម្រិតទឹកសមុទ្រ ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពល បញ្ហាអាហារូបត្ថម្ភ និងបញ្ហាទឹក និងវិធីសាស្ត្រក្នុងការដោះស្រាយផលប៉ះពាល់ទាំងនេះ»។
លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែស្វែងយល់ពីយុទ្ធសាស្ត្រក្នុងការផ្តល់ការឧបត្ថម្ភទៅតាមតម្រូវការរបស់សម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីជួយឲ្យខ្លួនអាចបន្តពង្រឹងឥទ្ធិពល និងពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ដែលរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចាត់ទុកថា ជាយុទ្ធសាស្ត្រដើម្បី«តុល្យភាពឡើងវិញរវាងសហរដ្ឋអាមេរិក និងអាស៊ីប៉ាស៊ីហ្វិក (U.S. Asia-Pacific Rebalance)»។
«ខ្ញុំយល់ថា យើងត្រូវតែយល់ឲ្យច្បាស់ពីតម្រូវការទាំងអស់នោះ ហើយត្រូវបង្កើតភាពជាដៃគូក្នុងរូបភាពដ៏ត្រឹមត្រូវ ដែលរួមទាំងភាពជាដៃគូទ្វេភាគីរវាងអាមេរិកនិងប្រទេសនីមួយៗក្នុងតំបន់ និងភាពជាដៃគូរវាងអាមេរិក និងតំបន់ទាំងមូល ពីព្រោះថា វាមិនអាចមានដំណោះស្រាយតែមួយសម្រាប់បញ្ហា[ប្រែប្រួលអាកាសធាតុ]នៅគ្រប់ទីកន្លែងនោះទេ»។
បញ្ហាប្រែប្រួលអាកាសធាតុជះឥទ្ធិពលអវិជ្ជមានជាច្រើនមកលើបញ្ហាសន្តិសុខជាតិ បញ្ហាកង្វះខាតធនធាន ឬក៏ការផ្លាស់ប្តូរទីលំនៅដ៏ច្រើននៅតាមប្រទេសនីមួយៗក្នុងតំបន់នេះ។ យ៉ាងណាមិញ អ្នកជំនាញខាងអាកាសធាតុម្នាក់យល់ថា ការដោះស្រាយបញ្ហានេះក៏អាចបង្កើតឱកាសកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗក្នុងតំបន់ និងរវាងសហរដ្ឋអាមេរិក និងតំបន់នេះផងដែរ។
«បើទោះបីជាបញ្ហាការផ្លាស់ប្តូរទីលំនៅ និងការបាត់បង់ប្រភពត្រីអាចបង្កជាជម្លោះក្តី ក៏បញ្ហាទាំងនេះអាចផ្តល់ជាឱកាសឲ្យប្រទេសនីមួយៗធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាបរិស្ថានដោយសន្តិភាព»។
លោក Marcus D. King ដែលជាសាស្ត្រាចារ្យខាងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ George Washington University បានលើកឡើងដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA។ លោក King ជាអ្នកនិពន្ធម្នាក់នៅក្នុងរបាយការណ៍នេះ ដែលលោកបានស្រាវជ្រាវអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើប្រទេសវៀតណាម។
នៅពេលដែលសួរថាតើ លោកបានផ្តល់ជាវិធីសាស្ត្រអ្វីដើម្បីបង្កើតកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ លោក King បានឲ្យដឹងថា៖
«វិធីសាស្ត្រដែលអាចធ្វើបានដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនោះ ដូចដែលយើង និងអ្នកជំនាញបានពិភាក្សាគ្នាក្នុងថ្ងៃនេះគឺ កិច្ចសហប្រតិបត្តិការខាងយោធារវាងប្រទេសនីមួយៗ»។
លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា យោធារបស់អាមេរិកមានសមាសធាតុនៅគ្រប់ទីកន្លែងទាំងអស់ក្នុងសកលលោក ដែលអាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិកទៅដល់ និងជួយសម្រួលរាល់កិច្ចសហប្រតិបត្តិការនានា ដែលអាចកើតមានឡើងគ្រប់ទីកន្លែងទាំងអស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះបានក្លាយជាបញ្ហាដ៏ចម្បងមួយ ដែលមេដឹកនាំក្នុងពិភពលោកបានព្យាយាមធ្វើការរួមគ្នាដើម្បីដោះស្រាយ។ ក៏ប៉ុន្តែ អ្វីដែលអ្នកជំនាញខាងអាកាសធាតុព្រួយបារម្ភនោះគឺកង្វះថវិកាក្នុងការស្រាវជ្រាវ ការជួយសង្គ្រោះជាសកល និងក្នុងការកសាងលទ្ធភាពឡើងវិញរបស់ប្រទេសនីមួយៗក្រោយពីមានគ្រោះធម្មជាតិ៕