អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនសង្ស័យដែលជាជនបរទេសសរុបជាង៦០នាក់ នៅក្នុងប្រត្តិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការបង្ខាំងមនុស្ស ដែលប្រទេសនានាបានស្នើកម្ពុជាឱ្យជួយសង្រ្គោះប្រជាជនរបស់ខ្លួន ដែលត្រូវបានធ្វើបាបនៅលើទឹកដីកម្ពុជា។ នេះបើតាមមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកការជួញដូរមនុស្ស។
ក្នុងចំណោមជនសង្ស័យទាំងនោះ អ្នកខ្លះត្រូវបានបញ្ជូនចេញទៅក្រៅប្រទេស និងខ្លះទៀតត្រូវបានបញ្ជូនទៅតុលាការ។
អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាជ្ញាធរបានទទួលពាក្យបណ្តឹង តាមបណ្តាញសង្គមហ្វេសប៊ុករបស់អាជ្ញាធរពាក់ព័ន្ធ និងហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមស្ថានទូតនៃបណ្តាប្រទេសនានា និងខ្លះទទួលបានពាក្យបណ្តឹងពីសាច់ញាតិ។ អ្នកស្រីបន្តថាអាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសបានជាង ៦០ នាក់ ដោយពួកគេខ្លះត្រូវបញ្ជូនទៅតុលាការ និងអ្នកខ្លះទៀតត្រូវបានបញ្ជូនចេញទៅក្រៅប្រទេស តាមការស្នើសុំរបស់ប្រទេសសាមី។
អ្នកស្រី ជូ ប៊ុនអេង មិនបានបញ្ជាក់ថាតើជនសង្ស័យទាំងនោះជាជនជាតិអ្វីឡើយ ដោយត្រឹមតែលើកឡើងថាអ្នកដែលត្រូវឃាត់ខ្លួនមានចម្រុះជាតិសាសន៍។
អ្នកស្រីថ្លែងថា៖ «យើងក៏បានរកឃើញជនដែលសង្ស័យ ឬមួយមេការ ឬមួយស្អីដែលនៅកន្លែងធ្វើការងារដែលពាក់ព័ន្ធហ្នឹងដូចជាបានជាង ៦០ នាក់។ ហើយក៏បានធ្វើបែបបទបញ្ជូនទៅតុលាការ ហើយករណីខ្លះ គឺសាមីប្រទេស គាត់ស្នើសុំយកទៅប្រទេសគាត់អ៊ីចឹងទៅ»។
ចំណែកជនរងគ្រោះដែលអាជ្ញាធរជួយសង្គ្រោះបាន មានជាង១២០នាក់ ក្នុងប្រតិបត្តិការស្រាវជ្រាវ ចំនួន៥៧ ក្រោយពីទទួលបានបណ្តឹងប្រមាណ ១១៣។ នេះបើតាមអ្នកស្រី ជូ ប៊ុនអេង។ ជនរងគ្រោះទាំងនោះ រួមមានជនជាតិចិនច្រើនជាងគេ និងជនជនផ្សេងៗទៀត ដូចជាតៃវ៉ាន់ម្នាក់ អាមេរិកម្នាក់ ហ្វីលីពីន វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀត។
បើតាមអ្នកស្រី ជូ ប៊ុនអេង ករណីជួញដូរមនុស្សមានមិនដល់១០ករណីនោះទេ ដោយភាគច្រើន គឺជាករណីចម្រូងចម្រាសកិច្ចសន្យាការងារតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្សតាមរយៈការប្រើប្រាស់កម្លាំងបរទេសឱ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬហៅថា Scam។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេកាលពីចុងខែសីហាថា ជនរងគ្រោះមួយចំនួនដែលជាជនជាតិចិន បានចាញ់បោកមេខ្យល់ឱ្យបម្រើការងារអនឡាញនៅក្រុមហ៊ុនកាស៊ីណូ ក្នុងខេត្តព្រះសីហនុ ដោយក្រុមហ៊ុនបានដកយកលិខិតឆ្លងដែននិងដកទូរស័ព្ទដៃទុក ហើយបានបង្ខំឱ្យធ្វើការរហូតដល់១៧ទៅ១៨ម៉ោងក្នុងមួយថ្ងៃ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបាននៅឡើយទេ។
ចំណែកលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ឱ្យអ្នកសារព័ត៌មានរបស់វីអូអេទៅសួរខាងអគ្គស្នងការនគរបាលជាតិជំនួសវិញ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក កែវ វណ្ណថន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបាននៅឡើយទេ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា កម្ពុជាត្រូវបានជនបរទេសប្រើប្រាស់ ជាកន្លែងប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា ដែលនេះនាំឲ្យកម្ពុជាក្លាយជាប្រទេសរងគ្រោះនៃអំពើខុសច្បាប់ទាំងនេះ។ លោកបន្ថែមថាប្រជាជនកម្ពុជាមិនមែនជាមេខ្លោងប្រព្រឹត្តបទល្មើសទេ ដែលបទល្មើសនេះ កើតឡើងពិសេសនៅក្នុងខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «ជនល្មើស មេក្លោង ជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជាជាកន្លែងប្រព្រឹត្តបទល្មើសនោះ អ៊ីចឹងកម្ពុជាយើងជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តបទល្មើស ជាមេក្លោង។ ៩៩,៩% មិនមែនខ្មែរ»។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់វីអូអេថា អង្គការសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភពាក់ព័ន្ធជាមួយការជួញដូរមនុស្សនៅកម្ពុជា ខណៈកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបក្នុងការបង្រ្កាបការជួញដូរមនុស្សនៅឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែមានឆន្ទៈពិតប្រាកដ និងការតាំងចិត្តខ្ពស់នៅក្នុងការដោះបញ្ហានេះ ដើម្បី កុំឲ្យប៉ះពាល់មុខមាត់កម្ពុជា ជាពិសេសជះផលអាក្រក់ដល់ការវិនិយោគនៅក្នុងប្រទេស ។
លោកបញ្ជាក់ថា៖ «កម្ពុជាយើងត្រូវតែមានការខិតខំនិងការប្រឹងប្រែងទៅលើការបង្រាបនិងការទប់ស្កាត់ការជួញដូរមនុស្ស ពីព្រោះបញ្ហាទាំងអស់នេះវាជះឥទ្ធិពល ប៉ះពាល់ដល់កម្ពុជា មុខមាត់កម្ពុជាយើង»។
គួរបញ្ជាក់ថាកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម៕