ប្រធានាធិបតី​អាមេរិក​លើកពី​បទ​ឈប់បាញ់​ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល ខណៈ​ពលករ​ថៃ​២នាក់ ស្លាប់​ដោយ​គ្រាប់​រ៉ុក្កែត Hamas

  • AP
    ​Reuters

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ពី​សេតវិមាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden បាន​បង្ហាញ​ពីការ​គាំទ្រ​របស់​លោក​ទៅ​លើបទ​ឈប់​បាញ់​មួយ​រវាងក្រុម Hamas​ ដែល​គ្រប់គ្រង​ដែនដី Gaza និង​ប្រទេស​អ៊ីស្រាអែល​ នៅ​ក្នុងអំឡុង​ការ​សន្ទនាតាម​ទូរស័ព្ទ​មួយ​ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក​ ​Benjamin Netanyahu។ ប៉ុន្តែ​លោក​ Biden មិន​បាន​ទាមទារ​ឲ្យ​មានការ​បញ្ឈប់​ជា​បន្ទាន់​នូវការ​ប្រយុទ្ធ​គ្នា ដែល​ចូល​ដល់​ថ្ងៃ​ទី​៨​ហើយ​ នៃ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ និងការ​បាញ់​ផ្លោង​រ៉ុក្កែតពី​ក្រុម Hamas ដែល​រហូត​មក​ដល់​ពេល​នេះ​ បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​ ដែល​ភាគ​ច្រើនជា​ជនជាតិ​ប៉ាឡេស្ទីន​នោះ។ នេះ​បើតាមការ​ចេញ​ផ្សាយរបស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP​ នៅ​ថ្ងៃ​អង្គារម្សិលមិញ​នេះ ។

​ការ​ចេញ​ផ្សាយ​របស់សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​ ជុំវិញ​ខ្លឹមសារ​ដ៏ប្រយ័ត្នប្រយែង​របស់​លោក​ប្រធាធិបតី Biden ស្តី​ពី​ការ​ហៅ​ទូរស័ព្ទ​លើក​ទី​២​របស់​លោកទៅ​កាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Netanyahu ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ កើត​មាន​ឡើង​ខណៈ​ការ​ប្រយុទ្ធ​គ្នាកំពុង​បន្ត​ និង​ក្នុង​ពេល​ដែល​រដ្ឋបាល​របស់​លោក​ Biden ​កំពុងរង​សម្ពាធឲ្យ​មាន​ការ​ឆ្លើយ​តប​ខ្លាំង​ជាង​នេះ​ បើ​ទោះ​បីជាសហរដ្ឋ​អាមេរិក​ ​ចង់​បង្វែរ​ការផ្តោត​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន​ចេញ​ពី​ជម្លោះ​ក្នុង​មជ្ឈិមបូព៌ាក្តី។​

​សេចក្តី​ថ្លែងការណ៍របស់​សេតវិមាន​បាន​បន្ត​ថា មេ​ដឹកនាំ​សហរដ្ឋ​អាមេរិក​ ​បាន​ «លើកទឹក​ចិត្ត​ដល់អ៊ីស្រាអែល​ឲ្យបង្កើន​កិច្ច​ប្រឹងប្រែង​ ដើម្បី​ធានា​ឲ្យ​មាន​ការការពារដល់​ជន​ស៊ីវិល​ស្លូតត្រង់»។

ដោយឡែក ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បាន​រាយការណ៍​ថា​ អ៊ីស្រាអែល​បានបន្ត​បាញ់​គ្រាប់បែក​តាម​អាកាស​មក​លើ​តំបន់ Gaza ហើយ​ក្រុម Hamas​ របស់​ប៉ាឡេស្ទីន​ បន្តបាញ់គ្រាប់​រ៉ុក្កែតឆ្លង​ព្រំដែន​ទៅ​លើ​អ៊ីស្រាអែល​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ បន្ទាប់​ពី​មាន​ការ​ស្ងប់ស្ងាត់​បន្តិច​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ នៅ​ពេលអង្គការ​សហប្រជា​ជាតិ​ បានបញ្ជូនក្បួន​រថយន្ត​ប្រេង​មួយ​ចំនួន ទៅ​កាន់​តំបន់ Gaza ដែល​ទី​នោះ​ខ្លួន​លើក​ឡើង​ថា​ មាន​មនុស្សប្រមាណ​៥២.០០០​នាក់ កំពុងគ្មានទី​ជម្រក​នោះ។

ទន្ទឹម​នឹង​នេះ​ដែរ​ មាន​ពលករ​ថៃ​២​នាក់​ ត្រូវ​បាន​សម្លាប់​ និង​មនុស្ស៧​នាក់​ផ្សេង​ទៀត​ ត្រូវរង​របួស​ ដោយ​សារ​គ្រាប់​រ៉ុក្កែតរបស់​ក្រុម Hamas​ ដែល​បាន​បាញ់​ផ្លោង​ទៅ​លើ​កសិដ្ឋាន​មួយ​របស់​អ៊ីស្រាអែល​ ដែល​នៅ​ជាប់​នឹង​ព្រំដែន​ជា​មួយ​តំបន់ Gaza នោះ។ នេះ​បើ​តាមការ​បញ្ជាក់​របស់ប៉ូលិស។​ ក្រុម Hamas និង​ក្រុម Jihad ឥស្លាម បាន​ប្រកាសទទួល​ខុស​ត្រូវ​ចំពោះការ​វាយប្រហារ​នេះ៕