ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

កំណើន​​​អំពើ​ហិង្សា​​រវាង​​អ៊ីស្រាអែល​និង​ក្រុមហាម៉ាសបង្កើន​​កង្វល់​ក្នុង​តំបន់


រូបឯកសារ៖ ផ្សែងហុយឡើងលើបន្ទាប់ពីគ្រាប់ផ្លោងមួយរបស់កងយោធាអ៊ីស្រាអែលបានផ្ទុះចំអគារមួយខ្នងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ ខែឧសភា ឆ្នាំ ២០២១។

ការប្រយុទ្ធ​ឆ្លង​ព្រំដែន​សាហាវ​បំផុត​រវាង​អ៊ីស្រាអែលនិងប៉ាឡេស្ទីន ​ចាប់​ពី​ឆ្នាំ ២០១៤​ មក បាន​នាំ​ឱ្យ​មានមនុស្ស​ស្លាប់​និង​ត្រូវរបួស​កាន់​តែ​ច្រើន ហើយ​បណ្តាល​ឱ្យ​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា ជម្លោះ​នេះអាចកើន​ខ្លាំង​ជាង​មុនទៅ​ជា ​«សង្គ្រាមពេញ​ទំហឹង»។

ការបាញ់​រ៉ុក្កែតគ្មាន​ឈប់ឈរ​រវាងអ៊ីស្រាអែល ​និង​ក្រុម​ជន​សកម្មប្រយុទ្ធ​ហាម៉ាស (Hamas) ក្នុង​តំបន់ហ្គាហ្សា (Gaza) ​បានបណ្តាល​មក​ពីចលាចលកាល​ពីចុង​សប្តាហ៍មុន នៅ​ក្នុង​បរិវេណវិហារឥស្លាម ​Al-Aqsa ដែល​ជា​កន្លែង​ពិសិដ្ឋ​របស់ក្រុម​ជនមូស្លីម​និងជ្វីហ្វ។​

សេចក្តី​សង្ឃឹមបាន​រសាយ​ទៅចំពោះ​បទ​ឈប់​បាញ់គ្នា​មួយ​ក្នុង​ឱកាស​បុណ្យ​ស្រាយបួស Eid Al-Fitr​ នៃ​សាសនា​ឥស្លាម​ ដែលចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៣ ខែ​ឧសភា។

អ្នក​សង្កេត​ការណ៍និយាយ​ថា ឧប្បត្តិហេតុក្នុង​ខែរ៉ាម៉ាដន (Ramadan) ដែល​ជនមូស្លីម​មិន​បរិភោគអាហារ​ពេល​ថ្ងៃ​ បាន​រួមចំណែក​ដល់​កំណើន​អរិភាព ដោយ​មាន​រួម​បញ្ចូលក្រុម​ជន​អ៊ីស្រាអែល​ស្តាំនិយម បាន​នាំ​គ្នា​ដើរ​ក្បួន​កាត់​ផ្នែក​ខាង​កើត​នៃក្រុង​ហ្ស៊េរុយសាឡិម ការគំរាមកំហែងបណ្តេញ​គ្រួសារ​ប៉ាឡេស្ទីន​ក្នុង​សង្កាត់​ Sheikh Jarrah ដោយពួកអ្នក​តាំងលំនៅដ្ឋាន​ជ្វីហ្វ និង​ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​អ៊ីស្រាអែលនិងក្រុម​ប៉ាឡេស្ទីន ក្នុង​បរិវេណ​វិហារឥស្លាម​ Al-Aqsa។

សេចក្តី​សម្រេច​របស់​លោក​ Mahmoud Abbas មេដឹកនាំប៉ាឡេស្ទីន ក្នុង​ការ​លុប​ចោល​ការបោះឆ្នោតប៉ាឡេស្ទីន ដែល​ត្រូវ​បាន​កំណត់​ធ្វើ​ជា​លើក​ដំបូង​ក្នុង​ពេល​ ១៥ ​ឆ្នាំ ​ក៏​បាន​បង្កើន​ការ​តប់​ប្រមល់ចិត្ត​ដែរ។

ប្រទេស​ហ៊្សកដានី​ជាអ្នក​ថែទាំកន្លែងពិសិដ្ឋ​ខាង​សាសនា​របស់​ក្រុម​ជន​មូស្លីម និង​ក្រុម​គ្រិស្តសាសនិក​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម តាម​រយៈ​សន្ធិសញ្ញាសន្តិភាពជា​មួយ​អ៊ីស្រាអែល​ កាល​ពី​ឆ្នាំ ១៩៩៤។

រូបឯកសារ៖ ពលរដ្ឋប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាជាមួយកងសន្តិសុខអ៊ីស្រាអែលនៅព្រះវិហារ Al Aqsa ក្នុងតំបន់ Old City នៃប្រទេសអ៊ីស្រាអែល នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ ពលរដ្ឋប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាជាមួយកងសន្តិសុខអ៊ីស្រាអែលនៅព្រះវិហារ Al Aqsa ក្នុងតំបន់ Old City នៃប្រទេសអ៊ីស្រាអែល នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។

លោក Ayman Safadi រដ្ឋមន្ត្រី​ការបរទេស​ហ៊្សកដានី​ ដែលបានស្ថិត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពីដើម​សប្តាហ៍​នេះ បាន​អំពាវនាវឱ្យ​មាន​ការ​បន្ថយ​ភាព​តានតឹង។

លោក Safadi បាននិយាយ​ថា៖ «យើងបាន​និយាយ​នៅ​ហ៊្សកដានី​ថា ក្រុង​ហ្ស៊េរុយសាឡិម​ជាចំណុច​មិន​អាចប៉ះពាល់​បាន ហើយការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​និងស្ថិរភាព​ក្នុង​ក្រុង​នេះ​មាន​សារៈសំខាន់​ណាស់។ នៅ​ពេល​នេះ គោលដៅយើង ​គឺត្រូវបញ្ឈប់កំណើនការ​ប្រយុទ្ធ​គ្នា»។

លោក Marwan Muasher អតីត​រដ្ឋមន្ត្រី​ការបរទេស​ហ៊្សកដានី ​បាននិយាយ​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា​ លោកមាន​ទុទិ្ទដ្ឋិនិយមអំពី​ការណ៍​នេះ។

លោក Muasher បានថ្លែង​ថា៖ «សព្វ​ថ្ងៃ​នេះ គ្រាន់​តែ​នៅ​ផ្នែក​ខាង​កើត​នៃ​ក្រុង​ហ្ស៊េរុយសាឡិម​មាន​អ្នក​តាំង​លំនៅដ្ឋាន​ជ្វីហ្វ ២៥០.០០០​ នាក់។ នៅ​ពេលលោក​អ្នកនិយាយ​អំពីដំណោះស្រាយរដ្ឋ​ពីរ តើ​លោក​អ្នក​បំបែកសហគមន៍​ទាំង​ពីរ​នេះពី​គ្នា​បែបណា? បើសហគមន៍អន្តរជាតិ​ពិតជា​ចង់រកដំណោះ​ស្រាយ​នយោបាយមែន នោះ​ការកាន់កាប់​ដោយ​អ៊ីស្រាអែល​ត្រូវ​តែ​បញ្ឈប់។​ យើង​បាន​ឃើញ​មាន​ការផ្លាស់​ប្តូរអាកប្បកិរិយា​របស់​ជនជាតិ​ប៉ាឡេស្ទីនរួច​ទៅ​ហើយ ចំពោះ​ការ​ទាមទារ​ឱ្យ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ»។

លោក Labib Kamhawi អ្នកវិភាគ​ហ៊្សកដានី​ បាននិយាយ​ប្រាប់​វីអូអេ​ថា ​ក្រុមប៉ាឡេស្ទីនក្នុង​ក្រុង​ហ្ស៊េរុយសាឡិម​ បាន​ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​ ចំពោះ​ស្ថានភាពពួក​គេនៅ​ក្រោយ​បញ្ហា​នេះមិន​ត្រូវ​បាន​អើពើដោយ​អតីត​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក Donald Trump កាល​ពីបួន​ឆ្នាំ​មុន​នេះ។ លោក​ប្រធានាធិបតី​ Joe Biden ​បាន​ព្យាយាម​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់ ប្រទេស​ចិន​ និង​បញ្ហាអាកាសធាតុ តែ​ក្រុមហាម៉ាស ​និង​អ៊ីស្រាអែល​បាន​បង្កើន​ភាព​តានតឹង។

លោក Kamhawi បានថ្លែងថា៖ «នៅពេល​នេះពួក​អាមេរិកាំង​នឹងត្រូវធ្វើ​អ្វី​មួយ។ ក្រុមហាម៉ាស​បាន​បាញ់​មីស៊ីល​ ធ្វើ​ឱ្យប្រែក្លាយ​ស្ថានភាព​ឱ្យ​មាន​អំណយផល​ដល់​លោក Natanayahu។ បើពុំដូច្នេះ​ទេស្ថានភាព​កន្លង​មក​អំណោយ​ផល​ ជាង​ដល់ពួកប៉ាឡេស្ទីនក្នុង​ក្រុង​ហ្ស៊េរុយសាឡិម។ ខាង​អាមេរិកាំងនឹង​ដាក់​សម្ពាធលើ​អ៊ីស្រាអែលឱ្យ​ធ្វើ​ការ​សងសឹកយ៉ាង​ឆាប់​រហ័ស​ភ្លាមៗ ​រួចផ្អាក​សកម្មភាព​មួយ​រយៈ​រហូតដល់​ពេល​ណាភាគី​អាមេរិក​បាន​ប្រុងប្រៀបខ្លួន​អាចបំពេញមុខ​នាទី​សកម្ម​ជាងមុន​បាន»។

ទោះ​ជារដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូនលោក Hady Amr ឧបការី​រងរដ្ឋមន្ត្រី​ការបរទេសអាមេរិក​ ឱ្យ​ទៅជួប​ក្រុមមេដឹកនាំ​អ៊ីស្រាអែល​និងប៉ាឡេស្ទីនដើម្បី​ព្យាយាមបញ្ចប់អំពើ​ហិង្សា​ក៏​ដោយ ក៏អ្នកស្រី Sarah Yerkes ​នៃវិទ្យាស្ថាន​ស្រាវជ្រាវ​ Carnegie Endowment for International Peace បានហៅឥទ្ធិពលអាមេរិក​ថា​« មាន​កម្រិត ​ពីព្រោះ​អាមេរិក​គ្មាន​មធ្យោបាយ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយក្រុម​ហាម៉ាសទេ»។

អ្នកស្រី Yerkes បាននិយាយប្រាប់កាសែត​ The National ក្នុង​ក្រុងឌូបៃ ប្រទេស​អេមីរ៉ាត​ អារ៉ាប់​រួម​ថា៖​ «ក្រុម​ហាម៉ាសមាន​ការ​ខាត​បង់​តិចតួចណាស់​ នៅ​ពេលពួកគេ​បន្ត​សកម្មភាព​គឃ្លើន​របស់​ខ្លួន ហើយ​សហរដ្ឋ​អាមេរិក​មិន​ទំនង​ជា​បោះបង់​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​អ៊ីស្រាអែល​ទេ»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Benny Gantz បាន​និយាយ​ថា អ៊ីស្រាអែល​នឹង​មិន​បញ្ឈប់កិច្ច​ប្រតិបត្តិការ​យោធារបស់​ខ្លួន​ក្នុង​តំបន់ហ្គាហ្សាទេ ​រហូត​ដល់​មាន ​«ការ​ស្ងាត់​ស្ងៀម​ទាំង​ស្រុង»៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG