ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ត្រៀម​ផែនការ​ឈ្លានពាន​តំបន់ Gaza ខណៈ​អំពើ​ហិង្សា​រាលដាល​ដល់​ក្រុង​​ចម្រុះ​សាសន៍​ក្នុង​ប្រទេស​អ៊ីស្រាអែល


កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល ដើរក្បែរ​រថយន្ត​ដែល​រង​ការខូចខាត​នៅក្នុង​ក្រុង Holon ក្បែរ​ទីក្រុង Tel Aviv នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោយពី​គ្រាប់រ៉ុក្កែត​ត្រូវបាន​បាញ់ឆ្ពោះ​ទៅកាន់​អ៊ីស្រាអែល​ពី​តំបន់ Gaza Strip ដែល​គ្រប់គ្រង​ដោយ​ចលនា​ក្រុម Hamas ប៉ាឡេស្ទីន។
កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល ដើរក្បែរ​រថយន្ត​ដែល​រង​ការខូចខាត​នៅក្នុង​ក្រុង Holon ក្បែរ​ទីក្រុង Tel Aviv នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោយពី​គ្រាប់រ៉ុក្កែត​ត្រូវបាន​បាញ់ឆ្ពោះ​ទៅកាន់​អ៊ីស្រាអែល​ពី​តំបន់ Gaza Strip ដែល​គ្រប់គ្រង​ដោយ​ចលនា​ក្រុម Hamas ប៉ាឡេស្ទីន។

អ៊ីស្រាអែលកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រុងប្រៀប​កងទ័ព​ជើង​គោកនៅ​តាម​បណ្តោយ​ព្រំដែន​តំបន់ Gaza សម្រាប់​លទ្ធភាព​នៃ​ការ​ទន្ទ្រាន​ចូលទឹកដីរបស់​ជនជាតិ​ប៉ាឡេស្ទីន​នេះ ​នៅ​ពេល​ដែល​ក្រុម​ Hamas ​បានបន្ត​បាញ់​គ្រាប់​រ៉ុក្កែត​កាន់តែ​ច្រើន​ឡើង​ចូល​ក្នុង​សង្កាត់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

សំឡេង​ស៊ីរ៉ែន​ព្រមានពី​ការ​វាយ​ប្រហារ​តាម​អាកាស ត្រូវ​គេ​បាន​ឮ​នៅ​ទូទាំង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​នៅ​ថ្ងៃ​ទី៤​ជាប់ៗ​គ្នា ខណៈ​ដែល​គ្រាប់​រ៉ុក្កែត​ខ្លះ​របស់ Hamas ​បាន​ធ្លាក់រហូតដល់ទីក្រុង Tel Aviv ​នៅ​តំបន់​ភាគ​ខាងជើង។

មាន​សេចក្តី​រាយការណ៍​ថា ជនជាតិ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែលកាន់​តែ​ច្រើន ​បានត្រូវ​សម្លាប់​នៅ​ក្នុង​តំបន់ Gaza និង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល ខណៈ​ដែល​អំពើ​ហិង្សា​បង្ហូរ​ឈាម ​បាន​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​ចម្រុះ​សាសន៍​អារ៉ាប់​ជ្វីវ​ជា​ច្រើននៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​ដកស្រង់​ប្រភព​ពី​ក្រសួង​សុខាភិបាល​តំបន់ Gaza មក​ចុះផ្សាយ​ថា ចំនួន​មនុស្ស​ស្លាប់​ឥឡូវនេះ បាន​ឡើង​ដល់​៨៣នាក់ ​រួម​មាន​កុមារ​១៧​នាក់ ​និង​ស្ត្រី​៧​នាក់។ ចំណែក​អ៊ីស្រាអែល​វិញ​ប្រកាស​ថា​ មាន​អ្នក​ស្លាប់​ ៧​នាក់​ពីការវាយ​ប្រហារ​តាមគ្រាប់​រ៉ុក្កែត រួមមាន​ក្មេង​ស្រី​អាយុ​៦ឆ្នាំ​ម្នាក់​ផង។

ភាព​តានតឹង​បានរាលដាល​ដល់ទឹកដី​អ៊ីស្រាអែលទៀត ជាទីកន្លែង​ដែល​ការ​ប៉ះទង្គិច​គ្នា​បាន​កើត​មាន​ឡើង​នៅ​ទីក្រុងចម្រុះ​សាសន៍ អារ៉ាប់-ជ្វីវ​ ជាច្រើន។ អាជ្ញាធរ​បាន​ដាក់​បម្រាម​គោលចរ​ពេល​យប់​នៅ​ក្នុង​ទីក្រុង Lod ភាគ​កណ្តាល​អ៊ីស្រាអែល​ដែល​នៅ​ទីនោះ​ មាន​មនុស្ស​យ៉ាង​តិចណាស់​ក៏​ម្នាក់​ដែរ​ត្រូវ​បាន​គេ​បាញ់ក្នុងសប្តាហ៍​នេះ ខណៈ​ដែល​មនុស្ស​រាប់រយ​នាក់​ទៀត​នៅ​ក្នុង​ទីក្រុង Lod និង​ទីក្រុង​ផ្សេង​ទៀត​បាន​ត្រូវ​ចាប់​ខ្លួន។ អ្នកស្រុក​អំបូរ​ជ្វីវ​ស្តាំ​និយម​នៅ​ក្នុង​ទីក្រុង Bat Yam ​ក្បែរ​ក្រុង Tel Aviv បាន​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​ទៅ​លើ​អ្នក​បើកបរជនជាតិ​អារ៉ាប់​ម្នាក់​ រហូត​ដល់​សន្លប់។

កងទ័ព​អ៊ីស្រាអែល​និយាយ​ថា ក្រុម ​Hamas ​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ចំនួន​១.៦០០​គ្រាប់​ឆ្លង​ព្រំដែន​ចាប់តាំង​ពី​ថ្ងៃ​ចន្ទ​មក ដោយ​គ្រាប់​រ៉ុក្កែត​ភាគ​ច្រើន​ ត្រូវ​បាន​បាញ់​ស្ទាក់ដោយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល Iron Dome របស់​អ៊ីស្រាអែល។

មេបញ្ជាការ​ជាច្រើន​របស់​ក្រុម​កងជីវពល​ Hamas បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅក្នុង​តំបន់ Gaza។ នេះ​តាម​ការប្រកាស​របស់​ក្រុម​ Hamas និង​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ពុធ។ មេបញ្ជាការ​ដែល​ស្លាប់​ទាំង​នោះ​រួមមាន Bassem Issa មេដឹកនាំ​ប្រតិបត្តិការ​យោធា​របស់​ Hamas ​នៅ​ក្នុង​តំបន់ Gaza City និង​ប្រធាន​វិស្វកម្ម​របស់​ក្រុម​នោះ​និង​ក្រុម​មេដឹកនាំ​សង្គ្រាមតាម​ប្រព័ន្ធ​កំព្យូទ័រ​និង​ការ​ផលិត​គ្រាប់​រ៉ុក្កែត៕

XS
SM
MD
LG