ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.គ្រោងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះចំពេលមានកិច្ចប្រឹងប្រែងការទូតបន្ទាន់ដែលមានគោលបំណងរារាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២០០ នាក់។ អ្នកកាសែត AFP ម្នាក់បានរាយការណ៍ថា គ្រាប់កាំភ្លើងដែលមានផ្សែងខ្មៅបានផ្ទុះនៅលើអគារនៅ Gaza នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើងឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញថា អ៊ីស្រាអែលនឹងបន្តធ្វើការវាយប្រហារលើគោលដៅភេរវកម្ម។ អ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតាមអាកាសទៅលើតំបន់ Gaza នៅថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីមេដឹកនាំនៅទីនោះគឺក្រុមឥស្លាម Hamas បានបាញ់រ៉ុក្កែតជាការឆ្លើយតបទៅនឹងភាពចលាចលនៅក្នុងក្រុង Jerusalem ខាងកើត ដែលកាន់កាប់ដោយអ៊ីស្រាអែល។
សរុបមកការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន២១២ នាក់ក្នុងនោះមានកុមារចំនួន៦១នាក់នៅតំបន់ Gaza រីឯគ្រាប់រ៉ុក្កែតរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានសម្លាប់មនុស្ស ១០នាក់នៅអ៊ីស្រាអែលរួមទាំងកុមារផងដែរ។ សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខដែលគ្រោងធ្វើនៅថ្ងៃអង្គារគឺជាសម័យប្រជុំលើកទី៤ ចាប់តាំងពីជម្លោះបានកើនឡើង។ សម័យប្រជុំនេះគ្រោងនឹងធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលបានរារាំងការអនុម័តសេចក្តីថ្លែងការណ៍រួមដែលអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាកាលពីថ្ងៃច័ន្ទ ជាលើកទីបីក្នុងរយៈពេលមួយសប្តាហ៍។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់លោក Netanyahu នៅយប់ថ្ងៃច័ន្ទថា លោកគាំទ្របទឈប់បាញ់៕