ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Blinken បញ្ជាក់​ថា​អាមេរិក​មិន​ទាន់​ជំរុញ​​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​​នៅ​​មជ្ឈិមបូព៌ា​ទេ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ស្ថិត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Copenhagen ប្រទេស​ដាណីម៉ាក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ស្ថិត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Copenhagen ប្រទេស​ដាណីម៉ាក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ សហរដ្ឋ​អាមេរិក​ នៅ​មិន​ទាន់​ជំរុញ​ឲ្យ​មាន​បទ​ឈប់បាញ់​ជា​បន្ទាន់​មួយរវាងប្រទេស​អ៊ីស្រាអែល​និង​ក្រុម​សកម្មជន Hamas ​ដែល​គ្រប់គ្រង​តំបន់ Gaza នោះ​ទេ​ ស្រប​ពេលដែល​ការ​ប្រយុទ្ធ​គ្នារវាង​ភាគី​ទាំង​ពីរ​ បាន​ចូល​ដល់​សប្តាហ៍​ទី​២​ហើយ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណជាង​២០០​នាក់​បានស្លាប់​ ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ប៉ាឡេស្ទីន​ក្នុង​តំបន់ Gaza នោះ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP។ ​

ជំហរ​របស់រដ្ឋមន្ត្រី​ការបរទេសអាមេរិក​រូប​នេះ​ កើត​មាន​ឡើង ទោះ​បីមាន​សម្ពាធ​កើន​ឡើងពីដៃគូរបស់​សហរដ្ឋ​អាមេរិកក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ពី​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​និង​មន្ត្រី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Joe Biden​ មួយ​ចំនួន​ ក៏​ដូចជា​ពី​មេដឹកនាំ​ពិភពលោកផ្សេងៗ​ទៀត​ផង​ដែរ​ ដែល​ស្នើ​ឲ្យ​បង្កើន​សកម្មភាពការ​ទូតថែម​ទៀត​ ដើម្បី​បញ្ចប់​នូវអំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ និង​ស្តារ​ឡើង​វិញនូវដំណើរការសម្របសម្រួល​មួយ​ដែល​បាន​ដួល​រលំ​ទៅ​ហើយ​នោះ​ ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដ៏​យូរ​អង្វែង​មួយនៅ​ក្នុង​តំបន់​នោះ។​

ថ្លែង​ក្នុង​រាជធានី​កូប៉ិនហាក​ ប្រទេស​ដាណឺម៉ាក​ក្នុង​អំឡុង​ទស្សនកិច្ចនៅអឺរ៉ុប​ លោក​ Blinken ថា លោក​បានហៅ​ទូរស័ព្ទ​ទៅ​មេដឹកនាំបន្ថែម​ទៀត​នៅ​ថ្ងៃ​ចន្ទម្សិល​មិញ ជុំវិញ​បញ្ហាអរិយភាពរវាង​តំបន់​ Gaza Strip និងអ៊ីស្រាអែល​នោះ។​

លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​ការ​ចូល​រួម​ពាក់​ព័ន្ធ​ទាំង​នេះ​ យើង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា យើង​នឹង​ត្រៀម​ខ្លួន​ ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រនិង​ការ​ជ្រោមជ្រែងរបស់​យើង​ដល់​ភាគី​ពាក់ព័ន្ធ​ ប្រសិនភាគីស្វែងរក​នូវ​បទ​ឈប់​បាញ់​មួយ​នោះ។

​បើ​យោង​ទៅ​លើ​ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ Gaza បាន​ឲ្យ​ដឹង​ថា​ មានជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់២០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាសរបស់​អ៊ីស្រាអែល​ រហូត​មក​ដល់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដែល​ក្នុង​នោះ ​៥៩​នាក់​ជា​កុមារ​ និង ​៣៥​នាក់​ជា​ស្ត្រី​ និង​មាន​មនុស្ស​ប្រមាណ​ ១.៣០០​នាក់​ បាន​រង​របួសក្នុង​ការ​វាយ​ប្រហារ​នេះ។​ ដោយ​ឡែក​ មាន​មនុស្សប្រមាណ​៨​នាក់​ បាន​ស្លាប់​នៅអ៊ីស្រាអែល​ ដោយ​សារ​គ្រាប់​រ៉ុក្កែត ដែល​បាន​បាញ់​ចេញ​ពី​តំបន់ Gaza នោះ​ ដែល​ក្នុង​នោះ​មាន​កុមារ​ម្នាក់អាយុ​៥​ឆ្នាំ​ និង​ទាហាន​អ៊ីស្រាអែល​ម្នាក់ផង​ដែរ។​

លោក​ Blinken ក៏​បាន​ថ្លែង​ថា​ លោក​បាន​សុំ​ភ័ស្តុតាង​ពី​ខាង​អ៊ីស្រាអែល​ ដែល​បាន​ចោទ​ថា​ ក្រុម Hamas បាន​ធ្វើ​សកម្មភាព​ចេញពីអគារ​ដែល​ជា​ការិយាល័យ​ធ្វើ​ការ​របស់ទី​ភ្នាក់ងារ​ព័ត៌មាន​ AP និង ទូរទស្សន៍ Al Jazeera ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​អ៊ីស្រាអែល កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ លោក​បន្ត​ថា​ លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មានពី​អ៊ីស្រាអែលនៅ​ឡើយ​ទេ៕ ​

XS
SM
MD
LG