ទ័ពជើងគោករបស់អ៊ីស្រាអែលបានចូលរួមជាមួយទ័ពជើងអាកាសរបស់ខ្លួន ក្នុងការវាយប្រហារលើតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការប្រកាសក្នុងសេចក្ដីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល។
កងទ័ពការពារជាតិអ៊ីស្រាអែលបានបង្ហោះសារ Twitter ថា ទ័ពរបស់ខ្លួន «កំពុងវាយប្រហារនៅក្នុងតំបន់ហ្គាហ្សា»។ ប៉ុន្តែក្រោយមក បានប្រកាសថា មានការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុង ហើយក៏បានបញ្ជាក់ឡើងវិញថា កងទព័អ៊ីស្រាអែលបានបាញ់កាំភ្លើងធំចេញពីក្នុងទឹកដីអ៊ីស្រាអែល។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយថា៖ «ខ្ញុំបាននិយាយរួចហើយថា យើងនឹងឲ្យក្រុមហាម៉ាស (Hamas) ទទួលខុសត្រូវធ្ងន់ធ្ងរចំពោះរឿងនេះ។ យើងកំពុងធ្វើ ហើយយើងធ្វើបន្តធ្វើជាមួយកងកម្លាំងទ្រង់ទ្រាយធំ»។
ពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សាជិតព្រំដែនអ៊ីស្រាអែលបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពួកគេមិនបានឃើញទ័ពជើងគោកអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាទេ ប៉ុន្តែពួគគេបានរាយការណ៍ថា មានការបាញ់គ្រាប់កាំភ្លើងធំ និងការវាយប្រហារតាមអាកាសជាច្រើន។
ស្របពេលដែលអំពើហិង្សាឈានចូលដល់ ថ្ងៃទី ៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសថា ខ្លួនបានយល់ព្រមកោះប្រជុំនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍ បន្ទាប់គម្រោងរៀបចំប្រជុំត្រូវបានពន្យារពេលដោយការព្រួយបារម្ភពីសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានសរសេរនៅលើ Twitter ថា៖ «សហរដ្ឋអាមេរិកនឹងបន្តចូលរួមយ៉ាងសកម្មក្នុងផ្នែកការទូតនៅកម្រិតខ្ពស់បំផុតដើម្បីព្យាយាមបន្ធូរភាពតានតឹង»៕