ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​រវាង​​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​លោក Biden ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​វិញ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden កំពុង​រង​សម្ពាធ​ឲ្យ​ដោះស្រាយ​អំពើ​ហិង្សា​រវាង​ប្រទេស​អ៊ីស្រាអែល​និង​រដ្ឋ​ប៉ាឡេស្ទីន​ ខណៈ​ការប្រយុទ្ធគ្នា​ថ្មីៗ​កាន់តែ​ខ្លាំង​ឡើង​នៅ​សប្តាហ៍​នេះ​បណ្តាល​ឲ្យស្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ជាង ៥០ នាក់​ និង​ពលរដ្ឋអ៊ីស្រាអែល​យ៉ាងហោច​ណាស់ ៧ នាក់។

អំពើហិង្សា​ដែល​បង្ក​ឡើង​ដោយ​ភាពតានតឹង​ទាក់​ទង​នឹង​ទីកន្លែងគោរព​សាសនា និង​កំហឹង​ជុំវិញ​ការ​បណ្តេញ​ក្រុម​គ្រួសារ​ប៉ាឡេស្ទីន ​ឲ្យ​ចេញពី​ភាគខាងកើត​នៃ​ទីក្រុង​ហ្សេរុយសាឡិម ​ដោយ​អ្នក​តាំង​ទីលំនៅ​ជ្វីហ្វ គឺជា​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីស្រាអែល ​រយៈពេល ៧ សប្តាហ៍ ក្នុង​ឆ្នាំ ២០១៤ នៅ​តំបន់​ហ្កាហ្សា។

លោក​ Biden បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​តាម​ការ​និយាយ​ទូរស័ព្ទ​ជា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ​កាល​ពី​ថ្ងៃ​ពុធ។

លោក Biden ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា៖​ «ការរំពឹងទុក​របស់​ខ្ញុំ ក្ដី​សង្ឃឹម​របស់​ខ្ញុំគឺ​ថា ការ​ប៉ះទង្គិច​គ្នា នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ»។ លោក​បាន​បន្ថែម​ថា ​ប្រទេស​អ៊ីស្រាអែល មាន​សិទ្ធិ​ការពារ​ខ្លួន។

លោក Biden និង​លោក Netanyahu បាន​យល់​ព្រម​រក្សា «ការ​ពិគ្រោះ​យោបល់​គ្នាយ៉ាង​ជិត​ស្និទ្ធ» ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពី​ហិង្សា​ និង​ជំរុញ​ឲ្យបញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​បាន​បញ្ជូន​ប្រេសិត​ទៅ​កាន់​តំបន់​នោះ​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​សេតវិមាន។​

រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony Blinken បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ថា៖ «សហរដ្ឋ​អាមេរិក​នៅ​តែ​ប្ដេជ្ញា​រក​ដំណោះ​ស្រាយ​ជូន​ភាគី​ទំាងពីរ ដោយ​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​គាំទ្រ​សិទ្ធិ​ស្របច្បាប់​របស់​អ៊ីស្រាអែល​ ដើម្បី​ការពារ​ខ្លួន»។

លោក​ Blinken បាន​ថ្លែងថា៖ «យើង​ជឿ​ជាក់​ថា​ពលរដ្ឋ​ប៉ាឡេស្ទីន​និងអ៊ីស្រាអែល​ គួរតែ​អាច​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព​និង​សន្តិសុខ​ ហើយអាមេរិកនឹង​បន្ត​ចូល​រួម​ជាមួយ​អ៊ីស្រាអែល ប៉ាឡេស្ទីន​និង​ដៃគូ​ក្នុងតំបន់​ដទៃទៀត ​ដើម្បី​ជំរុញ​ឲ្យ​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា និង​នាំ​ឲ្យ​នូវ​សន្តិភាព»៕

XS
SM
MD
LG