កីឡាករ​បាល់​ទាត់​អាហ្វ្រិក​ប្រឈម​មុខ​នឹង​​អាជីព​ដ៏​លំបាក​នៅ​បរទេស

រូបឯកសារ៖ កីឡាករ​ Pierre Webo របស់​កាមេរូន​ (ស្តាំ) កំពុង​ហ្វឹកហាត់​មុន​ពេល​ពួក​គេ​ប្រកួត​ជា​មួយ​ប្រទេស​ក្រូអាស៊ី​ នៅ​ប្រទេស​ប្រេស៊ីល​ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត​ពិភពល​លោក​ឆ្នាំ​ ២០១៤។

កីឡាករ​អាហ្វ្រិក​វ័យ​ក្មេង​ជា​ច្រើន​ស្រមៃ​ចង់​ក្លាយ​ជា​តារា​​បាល់​ទាត់​ដែល​មាន​ទ្រព្យធន​​ស្តុកស្តម្ភ។​ ប៉ុន្តែ​របាយការណ៍​ការងារ​សាកល​ដែល​ចេញ​ផ្សាយ​លើក​ដំបូង​បំផុត​​ដោយ​ក្រុម​សហជីព​កីឡាករ​បាល់​ទាត់​ពិភព​លោក​ FIFpro ​ប្រហែល​អាច​ជា​អ្វី​មួយ​ដែល​បង្ហាញ​នូវ​ស្ថានភាព​ជាក់​ស្តែង។

អ្នក​គាំ​ទ្រ​ក្រុម​បាល់ទាត់​ក្លឹប Aigleនៃ​ក្រុង​ Menoua ដែល​ជា​ក្រុម​បាល់​ទាត់​មួយ​ស្ថិត​ក្នុងលំដាប់​ទី​ពីរ​នៅ​ប្រទេស​កាមេរូន​ កំពុង​អបអរសាទរ​កីឡាករ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់។ កីឡាករ Emmanuel Koska ដែល​មាន​វ័យ ​៣១​ឆ្នាំ​ គឺ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​នៃ​ក្រុម​បាល​ទាត់​នេះ។

នា​ពេល​ថ្មីៗ​នេះ​ លោក​ Koska ទើប​តែ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ។ លោក​បាន​លក់​ដីកេរ​ពី​ឪពុករបស់​លោក​សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​នៅ​ពេល​ដែល​លោក​បានទៅ​ដល់​ទី​នោះ​ ភ្នាក់ងារ​របស់​លោក​មិន​បាន​បង្ហាញ​ខ្លួន​នោះ​ទេ ហើយ​ក្រុម​បាល់​ទាត់​ដែល​លោក​នឹង​ទៅ​លេង​ឲ្យ​នោះ ​មិន​បាន​ទុក​លោក​ឲ្យ​នៅ​នោះ​ទេ។

ឥឡូវ​នេះ​ ក្រោយ​ពេល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​ លោក ​Koska ​កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។

«យើង​មិន​ទទួល​បាន​កម្រៃ​ច្រើន​ទេ បើ​យើងលេង​បាល់ក្នុង​កម្រិត​ក្នុង​ស្រុក​នៅកាមេរូន​នេះ។ ជា​ទូទៅ​ នៅ​ថ្ងៃ​ចន្ទ មួយ​ថ្ងៃបន្ទាប់​ពី​ការ​ប្រកួត​ កីឡាករ​អាច​រក​ប្រាក់​បាន​ ៧៥០​ហ្រ្វង់ គឺ​ប្រហែល​មួយ​ដុល្លារ​ក្នុង​ការ​ហ្វឹក​ហាត់​មួយ​វគ្គ ហើយ​មិន​មែន​ហ្វឹកហាត់​រាល់​ថ្ងៃ​នោះ​ទេ»។

អ្នក​វិភាគ​បាល់​ទាត់​កាមេរូន​ លោក ​Kizito Eloundou​ និយាយ​ថា​ បញ្ហា​នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ។​

លោក​និយាយ​ថា កីឡាករ​កាមេរូន​ដែល​មើល​ឃើញឱកាស​រីក​ចម្រើនច្រើន​នៅ​ក្រៅ​ប្រទេស មាន​ការ​លំបាក​ក្នុង​ការ​ប្រជែង​ជា​មួយ​នឹង​កីឡាករ​ដទៃ​ទៀត​ដែល​មាន​កំណត់​ត្រា​ល្បី​ស្រាប់។ លោក​បន្ត​ថា ក្រុម​បាល់​ទាត់​នៅ​ក្រៅ​ប្រទេស​ពិចារណា​ដំបូង​បង្អស់​ទៅ​លើ​កីឡាករ​ដែល​គេ​ស្គាល់​ស្រាប់ ហើយ​កីឡាករ​កាមេរូន​ជា​ច្រើន​ចុង​ក្រោយ​បាន​ត្រឹម​តែ​ទៅ​ធ្វើ​ការ​ជា​អ្នក​យាម​នៅ​ពេល​យប់​ ឬ​ធ្វើ​ការងារ​កំប៉ិក​កំប៉ុកដើម្បី​កម្រៃ​តិច​តួច​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ សមត្ថភាព​នៅ​លើ​ទីលាន​របស់​ពួកគេ​បាន​ថម​ថយ ហើយ​គ្រូ​បង្វឹក​ក៏​លែង​ចាប់​អារម្មណ៍​ទៀត។​

សហព័ន្ធ​កីឡាករ​បាល់​ទាត់​អាជីព​អន្តរជាតិ​បាន​បញ្ចេញ​នូវ​ស្ថិតិ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​នៅ​ក្នុង​របាយការណ៍​វិភាគ​អំពី​ការងារ​សាកល​ដំបូង​បង្អស់​របស់​ខ្លួន។ របាយការណ៍​នេះ​បាន​សរសេរ​អំពី​អ្វី​ដែល​គេ​បាន​រក​ឃើញ​ដោយ​សង្កត់​ធ្ងន់​លើ​ស្ថានភាព​ការងារ​ដែល​ងាយ​រងគ្រោះ​ថ្នាក់ និង​ការ​រំលោភ​បំពាន​កិច្ច​សន្យា​ដូចជា​ការ​ពន្យារ​ពេលបង់​ប្រាក់​ឲ្យ​កីឡាករ​ ដែល​មូលហេតុ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​កីឡាករ​ងាយ​រង​របួស​និង​ប្រឈម​នឹង​ការប្រកួត​ដែល​កំណត់​លទ្ធផល​ប្រកួត​ទុក​ជា​មុន។​

ប្រាក់​ខែ​កីឡាករ​ក៏​មាន​ចំនួន​ទាប​ជាង​អ្វី​ដែល​សាធារណជន​តែង​តែ​គិត​ នេះ​បើ​យោង​ទៅ​តាម​សហព័ន្ធ​ FIFpro។ យោង​តាម​របាយការណ៍​នោះ ជិត​បី​ភាគ​បួន​នៃ​កីឡាករ​នៅ​អាហ្វ្រិក​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​១.០០០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក​ Joseph Embola គឺ​ជា​កីឡាករ​វ័យ​២៤​ឆ្នាំ​ មក​ពី​ក្លឹប​បាល់​ទាត់​ Tonnerre Kalara ​ដែល​ជា​ក្លឹប​បាល់​ទាត់​នៅ​កម្រិត​កំពូល។

«នៅ​ពេល​ដែល​យើង​លេង​បាល់​ទាត់ យើង​មិន​គិត​ពី​លុយ​កាក់​ឡើយ។ យើង​គិត​តែ​ពី​អនាគត ​ពីព្រោះ​ប្រសិន​បើ​យើង​គិត​ពី​លុយ ​វា​នឹង​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត។ ​អ្នកអាច​ស្រមៃ​មើល​ថា​តើ​ស្ថានភាព​របស់​យើង​យ៉ាង​ម៉េច​ដែរ នៅ​ពេល​យើង​លេង​បាល់​ប្រាំ​បួន​ខែ​ដោយ​មិន​ទទួល​បាន​កម្រៃ​អ្វី​ទាល់​តែ​សោះ? ពួកគេ​ជំពាក់​ប្រាក់​កម្រៃ​យើង​អស់​រយៈ​ពេល​ប្រាំបួន​ខែ​មក​ហើយ។ វា​ពិត​ជា​ធ្វើ​ឲ្យ​យើង​បាក់​ទឹកចិត្ត​ខ្លាំង​ណាស់»។​

គ្រូ​បង្វឹក​បាល់​ទាត់​នៅ​កម្រិតកំពូល​ លោក​ Kazimir Makeh ​និយាយ​ថា មាន​តែ​ក្រុម​បាល់​ទាត់​មួយ​ចំនួន​ប៉ុណ្ណោះ​ក្នុង​ចំណោម​ក្រុម​បាល់ទាត់​អាជីព​ចំនួន ១០០ នៅ​កាមេរូន ដែល​បង់​ប្រាក់​ឈ្នួល​ដល់​កីឡាករ​របស់​ខ្លួន។ ក្រុម​ដទៃ​ទៀត​ត្រូវ​ពឹង​ផ្អែក​លើ​គ្រួសារ​របស់​ពួក​គេ និង​ការ​ឧបត្ថម្ភ​ជ្រោម​ជ្រែង​ពី​អ្នក​គាំទ្រ។

លោក​និយាយ​ថា ជា​លទ្ធ​ផល​គឺ​ថា​ បាល់​ទាត់​កាមេរូន​ខ្វះខាត​យុវជន​ដែល​គួរ​តែ​អាច​ធ្វើ​ឲ្យ​ការ​ប្រកួត​បាល់​ទាត់​មាន​ភាព​គួរ​ឲ្យ​ទាក់​ទាញ ប្រកួត​ប្រជែង និង​រស់​រវើក។ លោក​និយាយ​ថា នៅ​ពេល​យុវជន​ម្នាក់​បង្ហាញ​សញ្ញា​ថា​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់ នោះ​គេ​នឹង​ត្រូវ​នាំ​ទៅ​លេង​ឲ្យ​ក្រុម​បាល់​ទាត់​នៅ​ក្រៅ​ប្រទេស ​ដោយការ​សន្យា​ថា​នឹង​បំពេញ​តម្រូវការ​ផ្សេងៗ​ឲ្យ​ដល់​កីឡាករ​នោះ​ផ្ទាល់​ក៏​ដូច​ជា​គ្រួសារ​របស់​គេ​។ លោក​បន្ត​ថា​ ដូច្នេះ​កីឡាករ​សុខចិត្ត​ជ្រើស​យក​ការ​ផ្សងព្រេង។

ដើម្បី​រក្សា​កីឡាករ​មាន​ទេព​កោសល្យ​ល្អៗ​ សហព័ន្ធ​បាល់​ទាត់​កាមេរូន​កំពុង​តែ​ស្វែង​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្សេងៗ​ ដើម្បី​ឲ្យ​ខ្លួន​មាន​លទ្ធភាព​បន្ថែម​ប្រាក់​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ​៥​លាន​ហ្វ្រង់ ដែល​ស្មើ​នឹង​៩.០០០ដុល្លារ​ ដែល​សហព័ន្ធ​ត្រូវ​ចំណាយ​ទៅ​ឲ្យ​ក្រុម​បាល់​ទាត់​ផ្សេងៗ​ជា​រៀងរាល់​ឆ្នាំ៕

ប្រែ​សម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា