ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​មរណភាព​កុមារ​ក្នុង​ទ្វីប​អាហ្រ្វិក​នៅ​តែ​មាន​កម្រិត​ខ្ពស់


ស្ត្រី​ជា​ម្តាយ​កំពុង​រង់​ចាំ​ការ​ចែក​អារហារ​ដល់​កូន​របស់​ពួកគេ​ពី​កម្មវិធី​ចំណីអាហារ​ពិភពលោក​អង្គការ​សហប្រជាជាតិនៅ​ទីក្រុង Maiduguri ប្រទេស​នីហ្សេរីយ៉ា​កាល​ពី​ខែ​តុលា ២០១៦។ (C. Oduah/VOA)
ស្ត្រី​ជា​ម្តាយ​កំពុង​រង់​ចាំ​ការ​ចែក​អារហារ​ដល់​កូន​របស់​ពួកគេ​ពី​កម្មវិធី​ចំណីអាហារ​ពិភពលោក​អង្គការ​សហប្រជាជាតិនៅ​ទីក្រុង Maiduguri ប្រទេស​នីហ្សេរីយ៉ា​កាល​ពី​ខែ​តុលា ២០១៦។ (C. Oduah/VOA)

ខណៈ​ប្រទេស​ម្ចាស់​ជំនួយ​បាន​ផ្តល់​ជំនួយ​ក្នុង​កម្រិត​មួយ​ថេរ​លើ​កម្មវិធី​សុខភាព​អន្តរជាតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ការ​ស្វះស្វែង​រក​មូលនិធិ​សម្រាប់​កម្មវិធី​នេះ​​បាន​ក្លាយ​ជាគោល​ដៅ​របស់​ពួក​គេ។ ម្ចាស់​ជំនួយ​កំពុង​តែ​ស្វែង​រក​កម្មវិធីណា​ ដែល​មាន​ទាំង​ប្រសិទ្ធភាព និងការ​​ចំណាយ​សម​ស្រប​។ ការសិក្សា​ថ្មី​មួយ របស់​សាកលវិទ្យាល័យ​ស្ទែនហ្វដ (Standford University) អាច​ជួយ​ក្នុង​​ការ​សម្រេច​ចិត្ត​ទាំង​នោះ​បាន ដោយ​កំណត់​តំបន់​​​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​អត្រា​នៃ​ការ​ស្លាប់​របស់​កុមារ​មាន​កម្រិត​ខ្ពស់។

ក្រុម​អ្នក​ស្រាវ​ជ្រាវនៅ​សាកល​វិទ្យាល័យ​ ស្ទែនហ្វដ​ បាន​និយាយ​ថា កុមា​រ​ជាង​ ១៥ ​លាន​នាក់ ​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​អត្រា​មរណៈ​ខ្ពស់​នៅ​ទូទាំង​ប្រទេស​អាហ្វ្រិក​ចំនួន ២៨ ។

លោក​បណ្ឌិត ​Eran Bendavid ​ជា​សាស្រ្តាចារ្យ​ជំនួយ​ការ​ផ្នែក​វេជ្ជសាស្ត្រ និង​ជា​អ្នក​និពន្ធ​ជើង​ចាស់​នៃ​ការ​សិក្សា​នេះ។ លោក​មាន​ប្រសាសន៍​ថា៖ «យើង​ដឹង​ហើយ​ថា ប្រទេស​មួយ​ចំនួន​មាន​អត្រា​មរណភាពកុមារ​ខ្ពស់​ជាង​ប្រទេស​ដទៃ​ទៀត។ អត្រា​ មរណភាព​របស់​កុមារ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​វាស់​វែង​ភាពរីក​ចម្រើន​នៃ​សុខភាព​សាកល ហើយ​មរណភាព​កុមារ​នេះជា​អ្វីដែល​បង្ហាញយើង​ថា តើ​យើង​ចង់​ឲ្យ​ស្ថានភាព​ទៅ​ជា​យ៉ាង​ណា​ក្នុង​នាម​ជា​សហគមន៍​ពិភព​លោក​តែ​មួយ។

ការ​សិក្សា​នេះ​មិន​ត្រឹម​តែ​ប្រៀប​ធៀប​ប្រទេស​ជា​ច្រើន​ប៉ុណ្ណោះ​ទេ។ លោក​សាស្ត្រាចារ្យ​និយាយ​ថា​ វា​ថែម​ទាំង​បាន​ពិនិត្យ​មើលលើ​អត្រាមរណៈភាពកុមារ​ក្នុង​ប្រទេស​នីមួយៗ និង​ថា​តើ​អត្រា​ទាំង​នោះខុសគ្នា ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​យ៉ាង​ដូច​ម្តេច​។

«នៅ​ពេល​ដែល​យើង​បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ យើង​ឃើញ​ថា មានលក្ខខណ្ឌ​ជា​ច្រើ​ន​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ។ ដូច្នេះ​ អ្វី​ដែល​យើង​ចង់​ចាប់​ផ្តើមកំណត់​នោះ​គឺ យើង​ចង់​ដឹង​ថា​ តើ​មាន​តំបន់​ពិសេស​ណា​ដែល​យើង​ចង់​ទៅ​ធ្វើ​អន្តរាគមន៍ បើសិន​ជា​យើង​ពិត​ជា​ចង់​ផ្ដោត​លើ​ការ​ខិតខំ​របស់​យើង និង​ប្រើ​ប្រាស់​ធន​ធាន​ដែល​យើង​មាន​ឲ្យ​ល្អ​បំផុត។»

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ ស្ទែនហ្វដ បាន​ពឹង​ផ្អែក​លើ​ការ​ស្ទាប​ស្ទង់​មតិ​ជាង​ ៨០ ​ធ្វើ​ឡើង​ដោយ​ភ្នាក់​ងារ USAID​ ដែល​ជា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ។ ទិន្នន័យ ​ត្រូវ​បាន​ប្រមូល​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​មក​ដល់​អំឡុង​ឆ្នាំ​២០០០។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ផ្តោត​ទៅ​លើការ​កំណត់​ពេល​វេលា ​និង​ទីតាំង​នៃ​ការផ្តល់​កំណើត​និង​ការ​ស្លាប់​របស់​កុមារក្រោម​អាយុ​ប្រាំ​ឆ្នាំ។ ​បន្ទាប់​មក ពួក​គេ​ប្រៀប​ធៀប​ទិន្នន័យ​ទៅ​នឹងគោល​ដៅ​សុខភាព ដែល​បាន​កំណត់​ដោយ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​របស់​អង្គការ​សហប្រជា​ជាតិ​ថ្មី។

«ដោយ​ផ្អែក​លើ​ស្ថានភាពប្រទេស​ទាំងនោះ​នា​ពេល​បច្ចុប្បន្ន​នេះ ​និង​ប្រវត្តិ​របស់​ប្រទេស​ទាំង​នោះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំក​ន្លង​មក ​នៃ​ការ​វិវត្តន៍​អត្រា​មរណៈ​របស់​កុមារ​ យើង​ចង់​រក​មើល ថា​តើ​តំបន់​ណា​ដែល​អាចសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។ ​តំបន់​គោល​ដៅ​ គឺ​ជា​តំបន់​សំខាន់​ដែល​អាច​កំណត់​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​ពួក​គេ និង​ទិស​ដៅ​ដែល​មិន​ដើរ​តាម​ការ​កំណត់របស់​ពួក​គេ​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព។ អត្រា​មរណៈ​កុមារ​អាចកើន​ឡើង ឬ​ក៏​អាច​មាន​អត្រា​ខ្ពស់​ខ្លាំង​ពេក​ដែល​គេ​មិន​ធ្លាប់​រំពឹង​ថា​ វា​ជា​កន្លែង​ដែល​មាន​អត្រា​មរណភាព​ខ្ពស់​ដូច្នោះ​ទេ។

លោក​បណ្ឌិត​ Bendavid ​បាន​បម្រើ​ការងារ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ប្រទេស​សំប៊ី កេនយ៉ា​ និង​អ៊ូហ្គង់ដា។ ​លោក​និយាយ​ថា ​តំបន់ដែល​មានអត្រាមរណៈភាព​កុមារ​ខ្ពស់​ក្នុង​ទ្វីប​អាហ្រ្វិក​ គឺ​មិន​មែន​មក​ពីតែ​ជំងឺ​ដូច​ជា​ជំងឺ​គ្រុន​ចាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បណ្តាល​មក​ពី​ជម្លោះ និងការ​ឡើង​កំដៅ​ផែន​ដីផង​ដែរ៕

ប្រែ​សម្រួល​ដោយ៖ ឆាយ​ គីមហ៊ង

XS
SM
MD
LG