ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហ្រ្វិក​ខាងត្បូង​ជំរុញឲ្យ​មាន​ការបញ្ឈប់​ការរំលោភ​បំពាន​កម្មករ​ចំណាកស្រុក​ធ្វើការ​នៅ​កសិដ្ឋាន


កម្មករ​បេះ​ផ្លែ​ស្រ្តូប៊ែរី​នៅ​ចម្ការ​មួយ​ជិត​ក្រុង​ Stellenbosch នៅ​ប្រទេស​អាហ្រ្វិកខាងត្បូង នា​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
កម្មករ​បេះ​ផ្លែ​ស្រ្តូប៊ែរី​នៅ​ចម្ការ​មួយ​ជិត​ក្រុង​ Stellenbosch នៅ​ប្រទេស​អាហ្រ្វិកខាងត្បូង នា​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

អង្គការ​ Solidarity Center ​និង​អង្គការ​កម្មករ​ចំណាកស្រុក​មួយចំនួន​កំពុង​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​ ឲ្យ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ និង​បញ្ឈប់​ការរំលោភសិទ្ធិ​ពលកម្ម​ទៅលើ​កម្មករ​ចំណាកស្រុក​រាប់ពាន់នាក់​ ដែល​កំពុងធ្វើការ​នៅ​កសិដ្ឋាន​ក្នុង​អាហ្វ្រិកខាងត្បូង។

ជនជាតិ​ស៊ីមបាវ៉េ​រាប់ពាន់​នាក់​ដែល​រត់គេច​ពី​វិបត្តិ​សេដ្ឋកិច្ច​ក្នុងប្រទេស​ពួកគេ​ កំពុង​តែ​រង​ការ​ប្រព្រឹត្ត​មិន​គប្បីនៅ​កសិដ្ឋាន​ប៉ែក​ខាង​ជើង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

លោក​ Thembani Ndlovu​ ដែល​មាន​សញ្ជាតិស៊ីម​បាវ៉េ ​បានធ្វើការ​នៅ​ក្នុង​កសិដ្ឋាន​Johannesburg​ ក្នុងខេត្ត​ Limpopo​ ប៉ែក​ខាង​ជើង​ប្រទេស​អាហ្វ្រិកខាងត្បូង​អស់រយៈពេល​៨ឆ្នាំ​មក​ហើយ។ លោក​ពណ៌នា​ការងារ​លោក​នៅកសិដ្ឋាន​ ថា​ជាការងារ​ដែល​លំបាក​ខ្លាំង​ណាស់។

លោក​ធ្វើការ​មួយថ្ងៃ​១៨ម៉ោង​ និង​៧ថ្ងៃ​ក្នុងមួយ​សប្តាហ៍ ប៉ុន្តែ​លោក​ទទួល​បាន​ប្រាក់​ឈ្នួល​តែ​១២០ដុល្លារ​ប៉ុណ្ណោះក្នុងមួយខែ។ ចំនួន​នេះ​ គឺ​៥០ភាគរយ​ក្រោម​ប្រាក់ខែ​ចំនួន​២៤០ដុល្លារ​ដែល​ជា​ប្រាក់បៀវត្សរ៍​ចែង​ក្នុង​ច្បាប់​សម្រាប់​កម្មករ​នៅ​កសិដ្ឋាន។

លោក​ និង​ជនជាតិ​ស៊ីមបាវ៉េ​ដទៃទៀត​ ​កំពុង​ស្នាក់នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ​បណ្តោះអាសន្ន​នៅ​ខេត្ត​ Limpopo​ បន្ទាប់​ពី​ពួកគេ​រងការវាយតប់​យ៉ាង​ដំណំ​ពី​ថៅកែ​របស់ពួកគេ​ ដោយមាន​ជំនួយ​ពី​ម្ចាស់កសិដ្ឋាន​ដទៃទៀត​ ព្រោះតែ​ការទាមទារ​ប្រាក់ឈ្នួល​បន្ថែម​ចំនួន​០,៥៩ដុល្លា​រក្នុងមួយថ្ងៃ ​សម្រាប់ការធ្វើលើសម៉ោង​រាល់​ម៉ោង​លើស​ក្នុង​ការងារ។

លោក​ Ndlovu​ និយាយថា​ នៅថ្ងៃ​ដែល​ពួកគេ​ត្រូវបាន​បណ្តេញចេញពី​កសិដ្ឋាន​ ថៅកែ​របស់ពួកគេ​ បានរួមដៃ​ជាមួយ​ម្ចាស់​កសិដ្ឋាន​នៅក្បែរនោះ​ ​ព្រលែង​ឆ្កែ​ បាញ់​ឧស្ម័ន​បង្ហៀរទឹកភ្នែក​ និង​បាញ់​គ្រាប់​កាំភ្លើង​ជ័រ​ទៅលើ​ពួកគេ។ លោក​រៀបរាប់​ដោយ​កំហឹងថា​ សូម្បី​តែ​សត្វ​ក៏ទទួល​បាន​ការ​អាណិតអាសូរ​ច្រើន​ជាងអ្វី​ដែលពួកគេ​ទទួល​បានពី​ថៅកែ​ដែរ។

«ពួកយើង​ទាំងអស់គ្នា​សុទ្ធតែ​ជា​មនុស្ស​ដូចគ្នា។ ពួកយើង​ជាជនជាតិ​អាហ្រ្វិក។ ពួកគេ​មិនអាច​ចាត់ទុក​ពួកយើង​ដូចជា​សត្វបានទេ។ ទោះបី​ជា​ជនជាតិ​ស្បែកស​ ក៏ពួកគេ​ ត្រូវ​បានគេប្រាប់​ថា ​ពួកយើង​ជា​មនុស្ស​ ហើយ​ពួកយើង​ត្រូវ​ការ​សិទ្ធិស្មើគ្នា»។

ប្រធាន​កម្មវិធី​អង្គការ​ Solidarity Center​ លោក ​Peter Hardie ​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការជិះជាន់​នេះ​ជាបន្ទាន់។ លោក​បានអំពាវនាវ​ឲ្យ​ក្រសួង​ការងារ​នៃប្រទេស​អាហ្វ្រិក​ខាងត្បូង​រៀបចំ​ការការពារ​កម្មករ​ចំណាកស្រុក​ដែល​គ្មាន​ឯកសារ​ និង​ធានា​ថា​ ម្ចាស់​កសិដ្ឋាន​ផ្តល់​ប្រាក់ឈ្នួល​ដែល​កំណត់​តាមច្បាប់។

លោក​បាន​មាន​ប្រសាសន៏​ថា​ «ច្បាប់​គឺ​មានស្រាប់ហើយ។ ឧបសគ្គ​ធំបំផុតជុំវិញ​បញ្ហា​នេះ គឺ​កង្វះ​សមត្ថភាព​ក្នុងការអនុវត្ត​អ្វី​ដែល​បានចែងទុក​ក្នុងសៀវភៅ»។

លោកស្រី​ Janet Munakamwe​ ពីបណ្តាញ​ការងារ African Diaspora Workers Network​ និយាយថា​ អង្គការ​ជន​ចំណាកស្រុក​ ចង់ឲ្យ​រដ្ឋាភិបាល​ធ្វើការដោះស្រាយ​ជាមួយ​នឹង​ម្ចាស់​កសិដ្ឋាន​នៅ​ក្រុង​ Johannesberg​ ដើម្បី​បញ្ឈប់​ការរំលោភបំពាន​នេះជា​បន្ទាន់​។

«សិទ្ធិ​សង្គម​ និង​សេដ្ឋកិច្ច​របស់​កម្មករ​ត្រូវ​បាន​ជិះជាន់​ ហើយ​ពួកគេ​ត្រូវបានគេចាត់ទុក​ដូចជា​ទាសករ។ តាម​ការពិត​ថៅកែ​បាន​ដកហូត​ទុក​ឯកសារ​ដើម្បី​ជា​ការ​ឃុំឃាំង។ លើកនេះ​ ពួកយើង​នឹង​មិនឲ្យម្ចាស់​កសិដ្ឋាននោះរត់រួចទេ​ ដោយ​ពួកយើង​បាន​ស៊ើប​អំពី​ទង្វើ​ទាំងឡាយ​របស់​ម្ចាស់​កសិដ្ឋាន​ពាណិជ្ជកម្ម​ទាំង​នោះ»។

អាហ្រ្វិក​ខាង​ត្បូង​ជា​ជម្រើស​ដំបូង​សម្រាប់​ជន​ចំណាក​ស្រុក​ជនជាតិ​អាហ្វ្រិក​រាប់ពាន់​នាក់​ ដែល​ពួកគេ​ភៀសខ្លួន​ពី​សង្គ្រាម​ និង​វិបត្តិ​សេដ្ឋកិច្ច​នៅ​មាតុភូមិ​របស់ពួកគេ។

អង្គការ​សិទ្ធិ​មនុស្សឲ្យដឹង​ថា​ នឹង​អាចមាន​ជន​ចំណាក​ស្រុក​កាន់តែ​ច្រើនទៀត​ ដោយសារ​គ្រោះ​រាំងស្ងួត​ និង​ការធ្លាក់ចុះ​កាន់តែ​ខ្លាំង​ក្នុងវិស័យ​សេដ្ឋកិច្ច​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG