ប្រទេសមហាអំណាចពិភពលោកទាំង៥ ដែលកំពុងព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកព្យាយាមលុបបំបាត់នោះ កំពុងប្រឈមនឹងបញ្ហាថ្មី ខណៈពួកគេជួបប្រជុំជាមួយនឹងក្រុមមន្រ្តីរបស់ប្រទេសអ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីសនៅថ្ងៃសុក្រនេះ។
នៅមួយថ្ងៃមុននឹងប្រទេសអង់គ្លេស បារំាង អាល្លឺម៉ង់ ចិន និងរុស្ស៊ីត្រៀមរៀបចំកិច្ចពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់នៅរដ្ឋធានីនៃប្រទេសអូទ្រីស រដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយថា ខ្លួនបានផ្អាកការងាររបស់ខ្លួនដើម្បីកំណត់ពីរោងចក្រនុយក្លេអ៊ែរក្រោមដី Fordow របស់អ៊ីរ៉ង់សម្រាប់ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។
រដ្ឋបាលលោក ត្រាំ កាលពីខែមុនបានព្រមានថា ខ្លួននឹងឈប់ការពារទីក្រុងមូស្គូពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងគម្រោងរោងច្រកនុយក្លេអ៊ែរក្រោមដី Fordow នៅថ្ងៃទី១៥ខែធ្នូខាងមុខនេះ។
អង្គភាព TVEL ដែលជាផ្នែកមួយនៃក្រុមហ៊ុន Rosatom ជាក្រុមហ៊ុនថាមពលនុយក្លែអ៊ែរគ្រប់គ្រងដោយរដ្ឋរុស្ស៊ីបានធ្វើការជាមួយនឹងគម្រោងរបស់រោងចក្រនុយក្លេអ៊ែរ Fordow ចាប់តាំងពីឆ្នាំ២០១៧មក។ នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលប្រទេសអ៊ីរ៉ង់យល់ព្រមសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិនានាដើម្បី បញ្ជាក់ថាទីតាំងផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺសម្រាប់គោលបំណងសន្តិភាព សម្រាប់ការប្រើប្រាស់របស់ជនស៊ីវិលជាជាងសម្រាប់គោលបំណងយោធា។
គម្រោងទាំងនោះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលប្រទេសអ៊ីរ៉ង់យល់ព្រមតាមបំរាមនានាទៅលើទីតាំងនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាការដោះដូរជាមួយនឹងប្រទេសមហាអំណាចទាំង៦ ឲ្យជួយអ៊ីរ៉ង់ឲ្យរួចផុតពីទណ្ឌកម្មអន្តរជាតិ។
សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំមុន ដោយបានអះអាងថា កិច្ចព្រមព្រៀងនេះមិនបានជួយទប់ស្កាត់កុំឲ្យអ៊ីរ៉ង់ផលិតនុយក្លេអ៊ែរ ឬធ្វើសកម្មគឃ្លើនផ្សេងទៀតនោះទេ។ ចំណែកឯរដ្ឋាភិបាលក្រុងតេហេរ៉ង់វិញបានអះអាងថា មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ៕