ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមសាងសង់ម៉ាស៊ីនរីអាកទ័រនុយក្លេអ៊ែរទីពីររបស់ខ្លួននៅឯរោងចក្រថាមពល Bushehr កាលពីថ្ងៃអាទិត្យ។
រោងចក្រនេះប្រើប្រាស់ជាតិអ៊ុយរ៉ានីញ៉ូមដែលផលិតក្នុងប្រទេសរុស្ស៊ី ហើយត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលក្រុងតេហេរ៉ង់បានឲ្យដឹងថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគឺដើម្បីគោលបំណងសន្តិភាព ដែលនោះគឺជាការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេស។
លោក Ali Akbar Salehi នាយកស្ថាប័នថាមពលបរមាណូអ៊ីរ៉ង់ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ក្នុងពិធីមួយកាលពីថ្ងៃអាទិត្យថា៖ «ថាមពលនុយក្លេអ៊ែរផ្ដល់អគ្គិសនីដែលអាចជឿទុកចិត្តបាន ហើយរោងចក្រថាមពលអគ្គិសនីនីមួយៗអាចជួយយើងសន្សំប្រាក់បាន៦៦០លានដុល្លារក្នុងមួយឆ្នាំ»។
ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនមានគោលបំណងនឹងបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់៤,៥% ដែលលើសពីកម្រិតកំណត់ត្រឹម៣,៦៧% យោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោក។ ប៉ុន្តែការបំពាននឹងកិច្ចព្រមព្រៀងនេះគឺជាជំហានរបស់អ៊ីរ៉ង់ដែលបានធ្វើកន្លងមក ដោយសារតែអ៊ីរ៉ង់បានអំពាវនាវដល់ប្រទេសហត្ថលេខីដទៃទៀតឲ្យជួយត្រួសត្រាយដល់ទណ្ឌកម្មរបស់អាមេរិកទៅលើការនាំចេញប្រេងរបស់ខ្លួន ដែលជាធនធានដ៏សំខាន់មួយ។ ការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់៤,៥%នេះគឺនៅតែទាបជាងកម្រិតចាំបាច់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរខ្លាំងណាស់។
កាលពីសប្ដាហ៍មុន ទីភ្នាក់ងារនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានប្រកាសអំពីការចាប់ផ្ដើមបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញ នៅឯកន្លែងផលិតនុយក្លេអ៊ែរ Fordow ដែលស្ថិតនៅក្រោមដី។ យោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ អ៊ីរ៉ង់បានព្រមព្រៀងថានឹងមិនបង្កើនសារធាតុអ្វី ឬធ្វើការស្រាវជ្រាវទាក់ទងនឹងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅទីតាំង Fordow នេះទេ។
សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះកាលពីឆ្នាំមុន៕