ប្រទេសថៃនឹងដំឡើងប្រាក់បៀវត្សរ៍អប្បបរមាប្រចាំថ្ងៃជាមធ្យមចំនួន ២,៩% រហូតដល់ចំនួនរវាង ៣៣៧ បាតនិង ៤០០ បាត ដែលស្មើនឹងរវាងពី ៩,៨៤ ដុល្លារអាមេរិកនិង ១១,៦៨ ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ថៃម្នាក់កាលពីថ្ងៃចន្ទ។
ប្រាក់បៀវត្សរ៍ថ្មីនេះគឺស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចនិងការចំណាយលើការរស់នៅ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារថៃលោក Boonsong Thapchaiyut នៅក្រោយការប្រជុំរបស់គណៈកម្មាធិការប្រាក់បៀវត្សរ៍។
លោកបានលើកឡើងថា ប្រាក់បៀវត្សរ៍អប្បបរមានេះដែលមានកម្រិតខុសគ្នាទៅតាមតំបន់នៅក្នុងប្រទេសនឹងកើនឡើងចំនួន ៧ បាតទៅ ៥៥ បាតពីកម្រិតបច្ចុប្បន្នចំនួនពី ៣៣០ បាតទៅ ៣៧០ បាតក្នុងមួយថ្ងៃ។
លោកបានបន្ថែមថា សំណើដំឡើងប្រាក់បៀវត្សរ៍នេះនឹងដាក់ជូនគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ។ ការដំឡើងនេះត្រូវបានពន្យារពេលតាំងពីខែតុលាមកដោយសារមិនមានកូរ៉ុមគ្រប់គ្រាន់នៅក្នុងការប្រជុំរបស់គណៈកម្មាធិការប្រាក់បៀវត្សរ៍ ដែលមានវត្តមានចូលរួមពីអ្នកតំណាងខាងនិយោជក អ្នកធ្វើការ និងរដ្ឋាភិបាល។
ការដំឡើងប្រាក់បៀវត្សរ៍នេះគឺជាផ្នែកមួយនៃកម្មវិធីនយោបាយរបស់គណបក្ស Pheu Thai ដែលជាគណបក្សកាន់អំណាច។ គណបក្សនេះបានសន្យាបង្កើនប្រាក់បៀវត្សរ៍អប្បបរមាប្រចាំថ្ងៃបន្ថែមទៀតរហូតដល់ ៦០០ បាតនៅត្រឹមឆ្នាំ ២០២៧ ខាងមុខ។
វាក៏ជាផ្នែកមួយផងដែរនៃវិធានការរបស់រដ្ឋាភិបាលថៃក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃមានការរីកចម្រើនរស់រវើកឡើងវិញ ដែលកន្លងមកសេដ្ឋកិច្ចនេះបានរង្គោះរង្គើដោយសារការកើនឡើងនៃបំណុលរបស់គ្រួសារនិងវិស័យផលិតកម្មយឺតយ៉ាវ៕
វេទិកាបញ្ចេញមតិ