លោក Kim Darroch អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំសហរដ្ឋអាមេរិកជឿថា ការណ៍ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់គឺជាទង្វើនៃ «ការបំផ្លិចបំផ្លាញផ្នែកការទូត» ប្រឆាំងនឹងលោកអតីតប្រធានាធិបតី Barack Obama។ នេះបើយោងតាមកំណត់ហេតុលេខធ្លាយថ្មីៗដែលបានផ្សព្វផ្សាយនៅក្នុងកាសែតThe Mail របស់អង់គ្លេសនៅថ្ងៃអាទិត្យនេះ។
កាលពីសប្ដាហ៍មុន កាសែតនេះបានផ្សព្វផ្សាយកំណត់ហេតុលេចធ្លាយផ្សេងទៀតរបស់លោក Darroch អំពីលោក Trump។ នៅក្នុងកំណត់ហេតុទាំងនោះ លោក Darroch បានហៅលោក Trump ថាជាមនុស្ស «គ្មានជំនាញ» «មិនច្បាស់ការណ៍» និង «អសមត្ថភាព» និងបានហៅរដ្ឋបាលរបស់លោក Trump ថាជារដ្ឋបាល «មិនដំណើរការត្រឹមត្រូវជាក់ច្បាស់»។
លោក Darroch បានលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតនេះកាលពីថ្ងៃពុធ បន្ទាប់ពីមានការផ្សព្វផ្សាយនូវកំណត់ហេតុការទូតលេចធ្លាយនេះជាសាធារណៈ ហើយលោក Trump បានវាយប្រហារដោយពាក្យសម្ដីតាម Twitter លើកំណត់ហេតុនេះ។
លោក Trump បានសរសេរនៅលើ Twitter ថា លោក Darroch គឺជា «មនុស្សឆ្កួតលីលា» និងជា «មនុស្សភ្លីភ្លើក្រអឺតក្រទម»។ លោក Trump បាននិយាយថា លោកនឹងឈប់ទាក់ទងឆ្លើយឆ្លងជាមួយនឹងលោក Darroch។
កំណត់ហេតុលេចធ្លាយទាំងនេះ គឺជាកំណត់ហេតុដែលលោក Darroch សរសេរទុកសម្រាប់តែរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ចក្រភពអង់គ្លេសតែប៉ុណ្ណោះ៕