ដោយអបអរសាទរអង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO ក្នុងខួបនៃការបង្កើតចំនួន១០០ឆ្នាំរបស់ផងខ្លួន លោកអគ្គលេខាធិការអ.ស.ប. Antonio Guterres បានមានប្រសាសន៍យោងដល់សមិទ្ធិផលជាច្រើនរបស់អង្គការនេះ ក្នុងការបង្កើតស្តង់ដារពលកម្មដែលបានកែលម្អសុវត្ថិភាព និងគុណភាពពលកម្មសម្រាប់មនុស្សរាប់លាននាក់។
លោកបានមានប្រសាសន៍ថាឧបសគ្គដែលទីភ្នាក់ងារនេះប្រឈមក្នុងពេល១០០ឆ្នាំខាងមុខមានច្រើនជាងនេះ ដោយថ្លែងថា៖ «នៅពេលដែលយើងក្រឡេកមើលទៅមុខ យើងដឹងអំពីបច្ចេកវិជ្ជាថ្មីៗ—ជាពិសេសបញ្ញានិម្មិត-នឹងនាំឱ្យមានការបំផ្លាញការងារជាច្រើនដោយចៀសមិនរួចនិងក៏បណ្តាលឱ្យមានការបង្កើតការងារថ្មីៗច្រើនផងដែរ។ នៅពេលនេះជាការពិបាកក្នុងការប្រមើលមើលអំពីផលប៉ះពាល់ទាំងនេះ ក៏ប៉ុន្តែជាការច្បាស់លាស់ថា អនាគតនឹងតម្រូវឱ្យមានការប៉ិនប្រសប់ថ្មីៗនិងប្លែកៗផងដែរ»។
លោក Guterres បានមានប្រសាសន៍ថា ដើម្បីតាមឱ្យទាន់សេចក្តីត្រូវការទាំងនេះរដ្ឋាភិបាលត្រូវតែបណ្តាក់ទុនច្រើនក្នុងការសិក្សាអប់រំដែលមានភាពទោរទន់និងផ្អែកទៅលើសេចក្តីត្រូវការរៀនសូត្រសម្រាប់មួយជីវិត។
លោកបាននិយាយដែរថា សុខុមាលភាពរបស់ប្រជារាស្ត្រត្រូវតែជាបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសេដ្ឋកិច្ចនិងគោលនយោបាយសង្គមកិច្ច។ការណ៍នេះមានទាក់ទិនជាមួយការបង្កើតការងារសមរម្យដែលមានចីរភាពសម្រាប់រយៈពេលយូរ។ លោកអគ្គលេខាធិការអ.ស.ប. Guterres បានកត់សម្គាល់ថា អនាគតមួយមានចីរភាពសម្រាប់ពិភពពលកម្មមិនអាចធ្វើទៅកើតដោយគ្មានការដោះស្រាយការទាមទារជាបន្ទាន់នៃការប្រែប្រួលធាតុអាកាសបានទេ។
លោកបន្តថា៖ «ជាការពិតការដោះស្រាយភាពបន្ទាន់នៃការប្រែប្រួលអាកាសធាតុជាបញ្ហាកំណត់ដោយច្បាស់លាស់នៃសម័យនេះរបស់យើង។សកម្មភាពដោះស្រាយបញ្ហាអាកាសធាតុប្រែប្រួលអាចបង្កើតការងារជាប់លាប់រាប់លាន។ ការប្រកបអាជីវកម្មដែលការពារបរិដ្ឋានបានត្រូវបង្ហាញឱ្យឃើញថាជាធុរកិច្ចល្អប្រសើរមួយ។ ក៏ប៉ុន្តែការប្រែប្រួលអាកាសធាតុមានលឿនជាងយើងហើយយើងប្រថុយប្រថាននឹងការមានហានិភ័យជាមួយអនាគតមួយប្រកបដោយកំណើនអស្ថិរភាព, ភាពមិនស្មើគ្នានិងភាពទីទាល់ក្រ»។
លោកអគ្គលេខាធិការអ.ស.ប.រូបនេះបានមានប្រសាសន៍ថា សម្ទុះថ្មីមួយត្រូវតែដាក់បញ្ចូលទៅក្នុងការជជែកដេញដោលគ្នាអំពីការប្រែប្រួលអាកាសធាតុ។លោកបាននិយាយថាគេត្រូវការឱ្យមានសម្ទុះថ្មីមួយសម្រាប់កែប្រែប្រព័ន្ធនយោបាយនិងប្រព័ន្ធសេដ្ឋកិច្ចដើម្បីឱ្យបានសម្រចគោលដៅដែលបានត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបោនិកដែលធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់ការរស់រានរបស់ភពរបស់យើង។
លោក Guterres បានមានប្រសាសន៍ថាលោកសង្ឃឹមថា នឹងមានការចាត់វិធានការតាមមាគារនេះដោយកោះប្រជុំសន្និសីទកំពូលមួយស្តីពីសកម្មភាពទាក់ទិននឹងអាកាសធាតុនៅក្នុងខែកញ្ញានៅឯទីស្នាក់ការធំរបស់អ.ស.ប.ក្នុងបូរីញូវយ៉ក៕
ប្រែសម្រួលដោយ ឈឹម សុមេធ