អគ្គលេខាធិការអង្គការពលកម្មអន្តរជាតិ ILO លោក Guy Ryder បានកត់សម្គាល់ថា ពលកម្មនៅជុំវិញពិភពលោកមានការផ្លាស់ប្តូរច្រើន នៅក្នុងរយៈពេលមួយសតវត្សរ៍នេះ ប៉ុន្តែលោកនិយាយថា គុណតម្លៃសំខាន់ៗរបស់អង្គការ ILO នៅដដែល។ អង្គការ ILO ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍យុត្តិធម៌សង្គមនិងបង្កើតលក្ខខណ្ឌការងារល្អ និងភាពរុងរឿងសម្រាប់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោក។
លោក Ryder បាននិយាយថា ភាពមិនប្រាកដប្រជា និងអសន្តិសុខបង្ហាញឲ្យឃើញពីសារៈសំខាន់នៃការងារមានលក្ខខណ្ឌល្អសមរម្យ សម្រាប់ភាពរីកចម្រើនរបស់មនុស្សជាតិ។ ប៉ុន្តែ លោកបានបន្ថែមថា វិធីសាស្ត្រដើម្បីសម្រេចគោលដៅនេះត្រូវធ្វើការផ្លាស់ប្តូរ។
លោក Ryder បានថ្លែងថា៖
«ដោយសារតែពលកម្មនៅក្នុងពិភពលោកត្រូវបានផ្លាស់ប្តូរដោយឥទ្ធិពលបច្ចេកវិទ្យា ការផ្លាស់ប្តូរភូមិសាស្ត្រ បញ្ហានៃការប្រែប្រួលអាកាសធាតុ និងសាកលភាវូបនីកម្ម យើងមិនអាចបន្តធ្វើកិច្ចការតាមវិធីដូចរាល់ដងនោះទេ»។
លោក Ryder និយាយថា អ្វីដែលមានដំណើរការល្អម្សិលមិញអាចនឹងមិនល្អសម្រាប់ថ្ងៃស្អែក។ លោកនិយាយថា អង្គការ ILO នឹងត្រូវសម្របទៅតាមការផ្លាស់ប្តូរ និងមិនត្រូវងាកចេញពីការផ្លាស់ប្តូរនោះទេ។
នៅក្នុងរយៈពេល១០០ឆ្នាំនេះ អង្គការ ILO បានបង្កើតបទដ្ឋានជាច្រើនដែលបានជួយធ្វើលក្ខខណ្ឌការងារមានភាពល្អប្រសើរឡើង។ អនុសញ្ញាដែលត្រូវបានអនុម័តរួមមាន បញ្ហាពាក់ព័ន្ធនឹងការចរចាពីប្រាក់ខែ និងលក្ខខណ្ឌការងារជារួមដោយក្រុមនិយោជិក ដើម្បីការលុបបំបាត់ទម្រង់អាក្រក់ៗនៃពលកម្មកុមារ និងការរើសអើងនៅកន្លែងការងារ។
លោក Ryder និយាយថា អង្គការ ILO កំពុងដោះស្រាយបញ្ហាអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។ លោកនិយាយថា ការអនុម័តបទដ្ឋានថ្មីដើម្បីបញ្ឈប់អំពើទាំងនេះមិនឲ្យកើតឡើងនឹងជាជោគជ័យមួយក្នុងការប្រកាន់ខ្ជាប់នូវបទដ្ឋានមូលដ្ឋាននៃលក្ខខណ្ឌការងារល្អនៅកន្លែងការងារ៕