ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​ស្វាគមន៍​ចំពោះ​បម្រាម​របស់​រដ្ឋាភិបាល​លើ​ការ​ប្រើ​កម្លាំង​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ


ក្មេងប្រុសពីរនាក់កំពុង​លើ​ដុំ​ឥដ្ឋ​ដាក់​លើ​រទេះ​ឈើមួយ នៅ​សិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេស​កម្ពុជា។ (រូបថតដោយ Licadho)
ក្មេងប្រុសពីរនាក់កំពុង​លើ​ដុំ​ឥដ្ឋ​ដាក់​លើ​រទេះ​ឈើមួយ នៅ​សិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេស​កម្ពុជា។ (រូបថតដោយ Licadho)

ក្រសួង​ការ​ងារ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ ដោយ​ហាម​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ ដាច់​ខាត​មិន​ឲ្យ​ប្រព្រឹត្ត​រាល់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ច​​ពលកម្ម​លើ​កុមារ​​ និង​ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើ​ការ​ដើម្បី​ដោះ​បំណុល។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ស្រុក​សម្តែង​ការ​សាទរ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចេញ​វិធានការ​ជាក់លាក់​មួយ​ កាលពី​ដើម​ខែ​កន្លង​ទៅ​ ដើម្បី​លុប​បំបាត់​ការ​ប្រើ​ប្រាស់​កម្លាំង​កុមារ​ នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ទូទាំង​ប្រទេស។

​ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​រដ្ឋាភិបាល​មាន​សកម្មភាព​ជាក់​ស្តែង​ ក្នុង​ការ​ជំរុញ​អនុវត្ត​វិធាន​ការ​នោះ​ឲ្យ​មាន​ប្រសិទ្ធិភាព​ សំដៅ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​តាម​រូបភាព​បែប​ណា​ក៏​ដោយ​ ជាពិសេស​គឺ​ការប្រើ​ប្រាស់​ទាសភាព​បំណុល។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធនេះ​ថា​ រដ្ឋាភិបាល​ត្រូវ​បង្កើត​នូវ​យន្តការ​តាម​ដាន​ឲ្យ​ច្បាស់​លាស់​ បន្ទាប់ពី​ការ​ចេញ​សេចក្តី​ណែនាំ​របស់​ខ្លួន​នេះ។

«អ្វី​ដែល​មាន​ប្រសិទ្ធិភាព​នោះ វា​ទាល់​តែ រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​ការងារ​ហ្នឹង​ ត្រូវ​តែ​មាន​អធិការ​កិច្ច​ជាប្រចាំ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ធានា​ថាមិន​មាន​ការ​ជំពាក់​បំណុល​ហ្នឹង​ មិន​មាន​ការ​ធ្វើ​ការ​ដោះបំណុល​ មិន​មាន​ការ​ប្រើ​ប្រាស់​នូវ​ទម្រង់​ពលកម្ម​កុមារ​ទេ»។

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់ខ្ពស់​រូប​នេះ​ អះអាង​ថា​ ​ការ​ចេញ​សេចក្តី​ណែនាំ​របស់​ក្រសួង​ការ​ងារអំពី​ការ​ហាម​ឃាត់​ការ​ប្រើ​កម្លាំង​កុមារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​នេះ​ កើត​មាន​ឡើង​ ស្រប​ពេល​មាន​ប្រតិភូ​ពី​សហ​ភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​មក​តាមដាន​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​ ការ​តាម​ដាន​នេះ​ ជា​ផ្នែក​មួយ​សម្រាប់​ឲ្យ​សហគមន៍​ប្រជាធិបតេយ្យ​ទាំងពីរ​ផ្តល់ការ​គាំ​ទ្រ​ពាណិជ្ជ​កម្ម​ដល់​កម្ពុជា​ តាម​ការ​ផ្តល់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ។

លោក​ អំ សំអាត ​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP)​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​ទម្រង់​ពលកម្ម​កុមារ​ ក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន​ បន្ថែម​លើ​ការ​ពិនិត្យ​ជាទូទៅ​នៃ​ដំណើការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្មេងប្រុសម្នាក់កំពុងជីកដីដាក់ក្នុងម៉ាស៊ីនផលិតដីឥដ្ឋដោយគ្មានមនុស្ស​ពេញវ័យ​មើល​ការ​ខុសត្រូវ នៅសិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេសកម្ពុជា។ (រូបថតដោយ Licadho)
ក្មេងប្រុសម្នាក់កំពុងជីកដីដាក់ក្នុងម៉ាស៊ីនផលិតដីឥដ្ឋដោយគ្មានមនុស្ស​ពេញវ័យ​មើល​ការ​ខុសត្រូវ នៅសិប្បកម្មឡឥដ្ឋមួយកន្លែងនៅប្រទេសកម្ពុជា។ (រូបថតដោយ Licadho)

លោក ​ស៊ឹង សែនករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ​មាន​ប្រសាសន៍​ថា​ ការ​ចេញ​សេចក្តីណែនាំ​ចុង​ក្រោយ​របស់​ក្រសួង​ការងារ​ អំពី​បម្រាម​ហាម​មិន​ឲ្យ​មាន​ពលកម្ម​កុមារ​នៅ​កន្លែង​ផលិត​ឥដ្ឋ​នេះ​ ជា​ជំហាន​មួយ​វិជ្ជមាន។​ តែ​លោក​ចង់​ឃើញ​ទាំង​អាណា​ព្យាបាល​របស់​កូន​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ រួម​មាន​ម្ចាស់​សិប្បកម្ម​ បង្កើន​ការ​ចូលរួម​អនុវត្ត​បម្រាម​នេះ​ក្នុង​ស្ថានភាព​សកម្ម​មួយ។

«ក្រុម​គ្រួសារ​របស់​កុមារ​ហ្នឹង​ផ្ទាល់​ ដែល​កំពុង​តែ​ធ្វើការ​នៅ​សិប្ប​កម្ម​នានា​ហ្នឹង​ ហើយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ជាពិសេស​ អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ ខាង​សង្គម​ស៊ីវិល​យើង​ក៏​ដោយ ត្រូវ​មាន​ការ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ទៅ​លើ​ក្រុម​គ្រួសារ​នៃ​កុមារក្រីក្រ​ ដែល​កំពុង​ធ្វើការ​ពលកម្ម​នៅ​ក្នុង​សិប្បកម្ម​ទាំង​អស់​ហ្នឹង»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​ចង់​ឃើញ​អាជ្ញាធរ​ និង​ភាគីពាក់​ព័ន្ធ​បង្កើត​ប្រព័ន្ធ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ ឬ​បណ្តាញ​នៃ​បច្ចេកវិទ្យា​ផ្សេង​ទៀត​ ដើម្បី​រាយការណ៍​ពី​វត្តមាន​របស់​កុមារ​ ក្នុង​ទីតាំង​ស្នូល​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ។

សេចក្តី​ណែនាំ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​ អ៊ិត សំហេង​ កាល​ពីថ្ងៃ​ទី ៥ ខែ​មិថុនា ​ស្តីពី​ការ​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ​ បាន​ចាត់​វិធានការ​សំខាន់ៗ​ចំនួន​ប្រាំ ដើម្បី​ទប់ស្កាត់​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​នៅ​តាម​ទីកន្លែង​ផលិត​ឥដ្ឋ។

បើ​តាម​វិធានការ​ទាំង​ប្រាំ​នោះ​ គឺ​ម្ចាស់​ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ ត្រូវ​រៀបចំ​ដាក់​ស្លាក​សញ្ញា​ធំៗ​ និង​ងាយ​មើល​ឃើញ​ដូចជា​ ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិត​កម្ម​ ឬ​ជន​ណា​ដែល​នាំ​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​ អាចប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ។ ម្ចាស់​សប្បិកម្ម «ត្រូវ​ហាម​ឃាត់​ដាច់​ខាត​ ​ការ​ប្រើ​ប្រាស់​ទាសភាព​បំណុល​ ដើម្បី​ដាក់​បន្ទុក​សេរីភាព​ការងារ​កម្មករ»​ និង​ «ហាម​ឃាត់​ដាច់​ខាត​រាល់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ​ និង​ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើ​ការ​ដើម្បី​ដោះ​បំណុល»។

ក្មេងប្រុសម្នាក់កំពុងអូស​រទេះ​ឈើមួយដែល​ផ្ទុក​ទៅ​ដោយ​ដីឥដ្ឋ នៅសិប្បកម្មឡឥដ្ឋមួយកន្លែង។
ក្មេងប្រុសម្នាក់កំពុងអូស​រទេះ​ឈើមួយដែល​ផ្ទុក​ទៅ​ដោយ​ដីឥដ្ឋ នៅសិប្បកម្មឡឥដ្ឋមួយកន្លែង។

ក្រសួង​ការងារ​បាន​ព្រមាន​ថា​ «ម្ចាស់​ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងឡាយ​ណា​ ដែល​ខក​ខាន​ក្នុង​ការ​អនុវត្ត​តាម​សេចក្តី​ណែនាំ​នេះ​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ផាក​ពិន័យ ឬ​អាច​ឈាន​ទៅ​ដល់​ការ​បិទ​អាជីវកម្ម​ ឬ​អាច​ប្រឈម​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ»។ ​ក្រសួង​ក៏​លើក​ទឹក​ចិត្ត​ដល់​មន្ទីរ​ការងារ​រាជធានី​ខេត្ត​ អនុវត្ត​ឲ្យ​បាន​ប្រសិទ្ធភាព​នូវ​សេចក្តី​ណែនាំ​នេះ។

VOA​ មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ ហេង​ សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​ នៅថ្ងៃ​ពុធ​នេះ។

គ្រោះថ្នាក់​បាន​កើត​ឡើង​ចំពោះ​កុមារ​ជា​ញឹកញាប់​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ កាលពី​ពេល​កន្លង​មក។

កាលពី​ដើម​ខែមីនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ​មាន​ករណី​គ្រោះថ្នាក់​មួយបង្ក​ឲ្យ​ដាច់​ដៃ​ស្ដាំ​កុមារី​ម្នាក់​នៅ​ក្នុង​កន្លែង​ខ្សែ​សង្វាក់​ផលិតកម្ម​ឥដ្ឋ។ កុមារី​នោះ​មាន​ឈ្មោះ ឆេង​ ស្រីភ័ក្រ​ អាយុ​១០​ ឆ្នាំ​ ជា​កូន​កម្មករ​ឡឥដ្ឋ​ ​បាន​ជួប​គ្រោះ​ថ្នាក់​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​របស់​ម្ចាស់​ឈ្មោះ​ លាង​ ស្រ៊ុន​ ស្ថិត​នៅ​ឃុំ​ព្រះប្រសប់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។

ក្រោយ​គ្រោះថ្នាក់​នោះ ក្រសួង​ការ​ងារ​បាន​ប្រកាស​គ្រោង​ប្តឹង​ប្រឆាំង​នឹង​ម្ចាស់​សិប្ប​កម្មនេះ។ តែ​រហូត​មក​ដល់​ពេលនេះ​ មិនទាន់​មាន​ដំណឹង​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​គ្រោង​ប្តឹង​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ ក្រសួង​ក៏បាន​ផ្ដល់​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​និង​សង្គម​ដល់​កុមារី ​ឆេង ស្រីភ័ក្រ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​នោះ។​

យោងតាម​របាយការណ៍​មួយដែល​មាន​កម្រាស់​ជិត​៣០​ទំព័រ​ របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho) មាន​ចំណង​ជើង​ថា «​ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា»​ ចេញផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ពលកម្ម​កុមារ​ មាន​ច្រើន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

របាយ​ការណ៍​បាន​ឲ្យ​ដឹង​បន្តថា​ កុមារ​ទាំងអស់​ដែល​បាន​ផ្ដល់​សម្ភាសន៍​ជា​លក្ខណៈ​បុគ្គល​បាន​រៀប​រាប់​ថា ពួក​គេ​ធ្វើ​ការ​មួយ​ផ្នែក​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ ដែល​ជា​កន្លែង​ពួក​គេ​រស់​នៅ​ជាមួយ​ឪពុកម្ដាយ។ ពួក​គេមាន​អាយុ​ចន្លោះ​ ពី​១៣ឆ្នាំ​ទៅ​១៥​ឆ្នាំ ប៉ុន្តែ​ អង្គការ​លីកាដូ បាន​សង្កេតឃើញ​កុមារ​ខ្លះ​មាន​អាយុ​ត្រឹមតែ​ ៩ឆ្នាំ​ ឬ ១០ឆ្នាំ​តែ​ប៉ុណ្ណោះ។

របាយ​ការណ៍​ដដែល​បន្ថែម​ថា ការ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ និង​ស្ថាន​ភាព​ដែល​កុមារ​ធ្វើ​ការងារ​រស់​នៅ​ និង​លេង​នៅ​ក្នុង​បរិវេណ​សិប្បកម្ម​មាន​ន័យ​ថា​ «ហានិភ័យ​នៃ​ការ​ទទួល​រងគ្រោះ​ថ្នាក់​ គឺ​មាន​ខ្ពស់»៕

XS
SM
MD
LG