រដ្ឋាភិបាលកម្ពុជាបានប្រកាសអំពីដំណើរការនិងរូបមន្តនៃការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំនីមួយៗចាប់ពីឆ្នាំ២០១៩។ នេះបើតាមសេចក្តីណែនាំពីរដាច់ដោយឡែកពីគ្នាចេញផ្សាយជាសាធារណៈដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃចន្ទ។
សេចក្តីណែនាំទាំងពីរដែលចុះហត្ថលេខាដោយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ នឹងត្រូវប្រើសម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។
ក្នុងសេចក្តីណែនាំស្តីពីការបើកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ក្រសួងការងារបានបង្ហាញពីរបៀបនៃការគិតពីអតីតភាពការងារ ដែលមានរយៈពេលខ្ពស់បំផុត ១៥៦ថ្ងៃ ស្មើនឹងចំនួនឆ្នាំ ដែលបានបម្រើការងារចំនួន ១១ឆ្នាំ និងអតីតភាពការងារដែលមានរយៈពេលទាបបំផុតត្រឹម ១៥ថ្ងៃ ស្មើនឹងចំនួនឆ្នាំដែលបានបម្រើការងារចំនួនមួយឆ្នាំ។
ក្រសួងការងារបានកំណត់ថា៖ «កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន យ៉ាងតិចចំនួន ២១ថ្ងៃ ត្រូវចាត់ទុកថា បំពេញការងារបាន ១ខែពេញ ដែលអាចទទួលបានប្រាក់បំណាច់អតីតភាពការងារ»។
មានការកំណត់លក្ខខណ្ឌសំខាន់ៗមួយចំនួន ដែលធានាថា កម្មករនិយោជិតក្នុងឧស្សាហកម្មកាត់ដេរ អាចទទួលបានប្រាក់បំណាច់អតីតភាពការងារ ក្នុងនោះថិរវេលានៃការឈប់សម្រាកលំហែ មាតុភាព គ្រោះថ្នាក់ការងារ និងការឈប់សម្រាកដោយជំងឺ ត្រូវរាប់បញ្ចូលជាអតីតភាពការងារ ដើម្បីគិតប្រាក់បំណាច់អតីតភាពការងារ។
ក្រសួងការងារ បានបញ្ជាក់បន្ថែមថា៖
«រាល់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសនីមួយៗ និយោជកនិងកម្មករនិយោជិតត្រូវរក្សាទុកនូវឯកសារជាភស្តុតាងដែលមានចុះហត្ថលេខា ឬស្នាមម្រាមដៃយល់ព្រមរបស់ភាគីទាំងពីរ ឬឯកសារដែលមានតម្លៃស្មើ»។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ VOA តាមសារឆ្លើយឆ្លងនៅលើបណ្តាញសង្គមមួយថា ការចេញសេចក្តីណែនាំនេះ គ្រាន់តែជាការបញ្ជាក់ជាថ្មី នៅក្នុងការរៀបចំរបស់រដ្ឋាភិបាល ដើម្បីជំរុញដល់ខាងភាគីនិយោជក ឲ្យគិតគូបើកប្រាក់បំណាច់អតីតភាពការងារ។
ទោះបីជាយ៉ាងណាក៏ដោយ លោកថា នៅមានចំណុចមិនត្រូវគ្នារវាងខាងភាគីសហជីព និងនិយោជក ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត លើការបើកប្រាក់បំណាច់អតីតភាពការងារ បើមើលទៅតាមប្រភេទនៃកិច្ចសន្យាការងារ។
«ការបើកនេះ គឺសំដៅកិច្ចសន្យាមិនកំណត់ ហើយចំពោះ ហើយចំពោះកម្មករនិយោជិតណាដែលគាត់ធ្វើកិច្ចសន្យាកំណត់ ហើយក្លាយជាមិនកំណត់ តែគាត់បានបើកហើយហ្នឹង គឺក្នុងប្រកាសហ្នឹងគឺសេចក្តីណែនាំហ្នឹងគឺអត់បានឲ្យបើកទៀតទេ»។
ក្នុងសេចក្តីណែនាំដាច់ដោយឡែកមួយទៀត ក្រសួងការងារក៏បានផ្តល់ការពន្យល់ពីរបៀបនៃការគណនាអតីតភាពការងារថ្មី និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៩។
ត្រង់ចំណុចនិយាយពីរបៀបនៃការគណនាអតីតភាពការងារថ្មីនេះ ក្រសួងបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៩តទៅ អតីតភាពការងាររបស់កម្មករនិយោជិតសម្រាប់ទទួលបានប្រាក់បំណាច់អតីតភាពការងារត្រូវគិតក្នុងរយៈពេល១ឆមាស (៦ខែ) ម្តង គឺឆមាសទី១ ពីខែមករា ដល់ខែមិថុនា និងឆមាសទី២ ពីខែកក្កដាដល់ខែធ្នូ។
ក្រសួងបានលើកឡើងអំពីករណីដែលកម្មករមិនអាចទទួលបានប្រាក់បំណាច់អតីតភាពការងារពីឆ្នាំ ២០១៩ ក្នុងន័យដើមថា៖ «ក្នុងករណីដែលកម្មករនិយោជិតបានលាឈប់ពីការងារមុនដំណាច់ខែមិថុនា ឬខែធ្នូនោះ នឹងមិនត្រូវបានទទួលនូវប្រាក់បំណាច់អតីតភាពការងារនៅក្នុងឆមាសនីមួយៗនោះទេ»។
រីឯ ប្រាក់បំណាច់អតីតភាពការងារគិតពីឆ្នាំ ២០១៩ នឹងត្រូវបើកជាមួយនឹងប្រាក់ឈ្នួល ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី២ (១ខែបើក២ដង) សម្រាប់ខែមិថុនា និងខែធ្នូ។
តាមលក្ខខណ្ឌនៃការផ្តល់ជូនប្រាក់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារគិតចាប់ពីឆ្នាំ ២០១៩នេះ ក្រសួងការងារក៏បានលើកឡើងពីបញ្ហាទូទាត់សំណងជូនកម្មករ ក្នុងករណីមានការបញ្ឈប់។
VOA ព្យាយាមសុំការអធិប្បាយពីលោក ខេន លូ(Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMACតែលោកសុំមិនទាន់ផ្តល់ការអធិប្បាយ ដោយសារលោកកំពុងស្ថិតនៅប្រទេសវៀតណាម។
VOA ក៏មិនទាន់អាចសុំការអធិប្បាយពីលោកហេង សួ អ្នកនាំពាក្យក្រសួងការងារបានដែរ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
មុនការចេញសេចក្តីណែនាំស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៩នេះ ក្រុមកម្មកររាប់រយនាក់បានផ្ទុះការតវ៉ានៅតាមរោងចក្រមួយចំនួនតាំងពីចុងឆ្នាំ២០១៨ ដោយទាមទារឲ្យថៅកែរោងចក្រ ទូទាត់ប្រាក់បំណាច់អតីតភាពការងារ នៅមុនឆ្នាំ២០១៩ទាំងអស់។
កម្មករបានបង្ហាញការបារម្ភថា ថៅកែរោងចក្រ នឹងមិនរំលឹកប្រាក់អតីតភាពការងារចាស់ ប្រសិនបើពួកគេប្រព្រឹត្តអំពើខុសឆ្គងណាមួយក្នុងពេលធ្វើការ ឬក៏មានវិវាទជាមួយអ្នកគ្រប់គ្រងក្នុងរោងចក្រ។
ការតវ៉ាបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មេដឹកនាំកម្ពុជា អំពីលទ្ធភាពនៃការដួលរលំរបស់រោងចក្រដោយសារតែការទូទាត់សរុបលើប្រាក់អតីតភាពការងារនេះ។ លោកហ៊ុន សែន ក៏បានសន្យាថា រដ្ឋាភិបាលនឹងទូទាត់ប្រាក់បំណាច់អតីតភាពជូនកម្មករ បើថៅកែរោងចក្រក្ស័យធន ឬគ្មានលុយបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនោះ។
ឧស្សាហកម្មកាត់ដេរ បានផ្តល់ការងារជូនកម្មករដែលភាគច្រើនជាស្ត្រីប្រមាណជា៧០ម៉ឺននាក់៕