ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​លើ​​​ប្រធាន​​​សហជីព​​​៦​​​នាក់​​​ខណៈ​​​មាន​​​​​​សម្ពាធ​​​សេដ្ឋកិច្ច​​​ពី​​​សហគមន៍​អឺរ៉ុប


រូបឯកសារ៖ អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ​​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដូនពេញ​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ពេលតំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​ កាល​ពី​ថ្ងៃ​ទី៤ ខែមេសា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ប្រធាន​​សហជីព​​​​៦​​​នាក់​ ​ដែល​ត្រូវ​បាន​​ចោទ​​​ប្រកាន់​​​ពាក់ព័ន្ធ​នឹង​បទ​ប្រព្រឹត្តិ​អំពើ​​​ហិង្សា​​នៅ​ពេល​តវ៉ា​លើ​ផ្លូវ​វេងស្រេង​កាល​ពី​ឆ្នាំ​២០១៣​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ទម្លាក់​​ការ​​​ចោទ​​​ប្រកាន់​នេះ​​​វិញ កាល​ពី​ថ្ងៃ​ទី២៨​ ខែឧសភា។ ក្រុម​សហជីព​ទាំង​នេះ​យល់​ថា​ ការ​លើកលែង​ការ​ចោទប្រកាន់​នេះ​គឺ​ដោយសារ​តែ​មាន​​ការ​​​ដាក់​​​សម្ពាធ​​​សេដ្ឋកិច្ច​​​ពី​​​សហគមន៍​អឺរ៉ុប។

សាលា​ឧទ្ធរណ៍​កម្ពុជា​បាន​លើកលែង​ការ​ចោទ​ប្រកាន់ លើ​ប្រធាន​សហជីព​៦​រូប​ដែល​ត្រូវ​បាន​តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទប្រ​ព្រឹត្តិ​អំពើ​ហិង្សា​ ខណៈពេល​ដែល​សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​កម្ពុជា។

ការសម្រេច​របស់​តុលាការ​នេះ​កើត​មាន​ ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​នីតិ​វិធី​ដែល​មាន​រយៈពេល​១៨​ខែ​ ដើម្បី​ពិនិត្យ​ដក​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ចេញ​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ» ឬ​ហៅថា​ EBA​ ដោយសារ​តែ​ការ​ដើរ​ថយ​ក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។​
ក្រុម​មេដឹកនាំ​សហជីព​៦​រូប​ដែល​រួម​មាន លោក អាត់ ធន់​ លោក ម៉ម ញឹម លោក ប៉ាវ ស៊ីណា លោក ជា មុន្នី អ្នកស្រី​ យ៉ាង សោភ័ណ្ឌ និងលោក រ៉ុង ឈុន​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​២ឆ្នាំ​និង​៦ខែ​ ​បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​កម្មករ​ដែល​ទាមទារដំឡើង​ប្រាក់​ឈ្នួល​កាលពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤។

រូបឯកសារ៖ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)
រូបឯកសារ៖ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

ប្រធាន​សហជីព​ទាំងនេះ​ប្រាប់​វីអូអេ​ថា ការ​ស្នើ​ពី​សហជីព​អន្តរជាតិ​ពីអង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) និង​ពី​សហគមន៍​អឺរ៉ុប​ ជា​កត្តា​ដែល​ជំរុញ​ឲ្យ​តុលាការ​សម្រេច​ឲ្យ​ពួកគេមាន​សេរីភាព។​

អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​នៅ​ក្នុង​ករណី​នេះ​និយាយ​ថា​ លោក​ស្រី​ដឹង​អំពី​ការ​សម្រេច​នេះ​តាម​រយៈ​សារព័ត៌មាន។​

​លោកស្រី​ប្រាប់​វីអូអេ​ថា៖​

«ខ្ញុំគិត​ថា​វាអាច​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ​ពាក់ព័ន្ធ​នឹង​រឿង​សម្ពាធ EBA អី​ជាដើម។​ ខ្ញុំ​គិត​ថាវា​ពាក់ព័ន្ធ​អាទាំង​អស់​ហ្នឹង»។

អ្នកស្រី​បន្ថែម​ថា​អ្នកស្រី​មិន​មាន​ទោស​តាំង​ពី​ដើម​មក ​ហើយ​ករណីនេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ខាត​ពេល​វេលា។​

«ហើយ​ការ​ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​កន្លង​មក​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ខូចខាត​ទាំង​កេរ្តិ៍​ឈ្មោះ និង​ពេល​វេលាសម្រាប់ផ្ទាល់​ខ្លួន។​ ព្រោះត្រូវតែ​ចំណាយ​ពេល​ទៅចូលរួម​ រាល់​មួយ​ខែ​ម្តង​ទៅ ទៅ​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​ ថា​ខ្ញុំ​នៅ​កន្លែង​នៅ​អី​អញ្ចឹង​ទៅ»។​

លោក​ អាត់​ ធន់​ ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា​បាន​ប្រាប់​វីអូអេ​ថា ទោះ​បី​ជា​មាន​ការ​សម្រេច​ឲ្យ​រួច​ពីករណី​នេះ​យ៉ាង​ណា​ក៏ដោយ​លោក​ថា លោក​នៅ​មាន​ពាក់ព័ន្ធ​នៅ​ក្នុង​ «ករណី​ច្រើន​ផ្សេង​ទៀត»។​

«ករណី​នេះ​គឺ​ករណី​ផ្លូវ​វេង​ស្រេង​ទេ​ ហើយ​ខ្ញុំ​នៅ​មាន​ករណី​ច្រើន​ផ្សេង​ទៀត»។​

​កង​ទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ដែល​ជា​អង្គភាព​ជំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃទី២ ​ខែ​មករា ឆ្នាំ​ ២០១៤​ ដោយ​មាន​ការ​បាញ់​រះ​ពី​ក្រុម​សមត្ថ​កិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា​ ក្នុង​រាជធានី​ភ្នំពេញ​ ​លើ​កំណាត់​ផ្លូវ​វេង​ស្រេង​នោះ។​

មួយ​ថ្ងៃ​ក្រោយ​មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​ និង​ម្នាក់​បាត់​ខ្លួន ​ហើយ​របួស​ជាច្រើន​នាក់​ផ្សេង​ទៀត​ នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នោះ​ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​តវ៉ា​លើ​ផ្លូវ​វេងស្រេង​ និង​នៅ​ត្រង់​តំបន់​រោងចក្រ​ស្ថិត​នៅ​តាមដងផ្លូវជាតិ​លេខ៤ ​មក​ផ្តន្ទាទោស​ផង​ដែរ។​

ក្រោយ​មក​ពួកគេ​ទាំង​២៣​នាក់​នោះ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​ពីសហគមន៍​អន្តរជាតិ​និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG