ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​ពិភពលោក​ព្យាយាម​ដោះស្រាយ​បញ្ហា ISIL និង​រោគ Ebola នៅ​មហាសន្និបាត​អ.ស.ប.


មហាសាល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក​សហរដ្ឋ​អាមេរិក
មហាសាល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក​សហរដ្ឋ​អាមេរិក

នៅ​ខណៈ​ដែល​មាន​ស្ថានភាព​អាប់អួរ​នៅ​ក្នុង​ពិភពលោក​ដោយសារ​មាន​ភេរវកម្ម​សាកល​និង​វិបត្តិ​សុខភាព​ដ៏​ប្រល័យ​មួយ​ ក្រុម​មេដឹកនាំ​ក្នុង​ពិភពលោក​នឹង​ប្រជុំ​គ្នា​នៅ​ក្នុង​បូរី​ញូវយ៉ក(New York) ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.)។ គេ​រំពឹង​ថា​ បញ្ហា​ក្រុម​ភេរវជន​ហៅ​ខ្លួន​ឯង​ថា​ពួក​រដ្ឋ​អ៊ីស្លាម (Islamic State) និង​បញ្ហា​ការ​ខិតខំ​ប្រឹងប្រែងត្រួតត្រា​ការ​រាតត្បាត​មេរោគ​វីរុស​ជំងឺ Ebola ជា​បញ្ហា​សំខាន់​ជាង​គេ​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា។

លោក​អគ្គលេខាធិការអ.ស.ប. ​បាន ​គីមូន ​មាន​ប្រសាសន៍​ថា​ អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស ស៊ីរី ដែល​បាន​ក្លាយ​ទៅ​ជា​កន្លែងបណ្តាល​ឱ្យ​មាន​ពួក​និយមជ្រុល ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ពួក​រដ្ឋ​អ៊ីស្លាម​នឹង​ត្រូវ​ដោះស្រាយ​ដោយ​សហគមន៍​អន្តរជាតិ។​

«ខ្ញុំ​ស្វាគមន៍ការ​មូល​មតិ​គ្នា​ដែល​កើនទ្បើង​ជាង​មុន​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នេះ​ដល់​សន្តិភាព​និង​សន្តិសុខ​ក្នុង​សាកលលោក​និង​ក្នុង​តំបន់»។

ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គឺការ​ប្រជុំ​មួយ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប.​អំពី​ការ​លេចទ្បើង​នៃពួក​យុទ្ធជន​ភេរវជន​បរទេស​ដែល​មាន​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ជា​ប្រធាន​នៃ​អង្គប្រជុំ។​

លោក​សាស្ត្រាចារ្យ​ Richard Gowan នៃ​សាកលវិទ្យាល័យ​ New York និយាយ​ថា ​ការ​ប្រជុំ​នេះ​បញ្ជូន​សារ​នយោបាយ​សំខាន់​មួយ។​

«លោក​ប្រធានាធិបតី​អូបាម៉ា​បាន​បង្កើត​ក្រុម​ចម្រុះ​មួយ​នៃ​ប្រទេស​៤០​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក ISIS។ ​នៅ​ឯ​អ.ស.ប.​លោក​នឹង​បញ្ជាក់​ជា​ថ្មី​ អំពី​ការ​តស៊ូ​នោះ។ ជា​ការ​ពិត​ ភាគ​ច្រើន​នៃ​ការងារ​ពិបាក​បាន​ត្រូវ​ធ្វើ​រួច​ស្រេច​ហើយ​ ក៏​ប៉ុន្តែ​អ.ស.ប.​ជា​ឆាក​ល្អ​មួយ​សម្រាប់​និយាយ​អំពី​សេចក្តី​ត្រូវការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អ៊ីស្លាមនិយម»។

នៅ​លើ​របៀបវារៈ​អន្តរជាតិ​ខ្ពស់​ដែរ​ ​គឺ​ការ​ទប់ទល់​នឹង​ការ​រាតត្បាត​កាល​ពី​ពេល​ថ្មីៗ​នេះ​នៃ​មេរោគ​វីរុស​ជំងឺ Ebola ដែល​បាន​សម្លាប់​ជិត​ពាក់​កណ្តាល​នៃ​មនុស្ស​ប្រមាណ​៥.០០០នាក់​ដែល​មាន​ជំងឺ​នេះ​នៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក។

លោក​អគ្គលេខាធិការអ.ស.ប.​ បាន ​គីមូន ​មាន​ប្រសាសន៍​ថា៖ «នេះ​មិន​មែន​គ្រាន់​តែ​ជា​វិបត្តិ​សុខភាព​មួយ​ទេ វា​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ខាង​មនុស្សធម៌ ខាង​សេដ្ឋកិច្ច​និង​ខាង​សង្គម​ដែល​អាច​រាល​ដាល​ហួស​ពី​ប្រទេស​មាន​ជំងឺ​នេះ»។

លោកស្រី​ Samantha Power ឯកអគ្គរដ្ឋទូត​ស.រ.អ.​ប្រចាំ​អ.ស.ប.​បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​ទាំង​នេះ​មាន​ន័យ​នាំ​ពួក​មេដឹកនាំ​ឱ្យ​មក​ជួប​ជុំ​គ្នា​ដើម្បី​ដោះស្រាយ​ឧបសគ្គ​សាកល។​

«ការ​គំរាម​កំហែង​ទាំង​ពីរ​នេះ​ពន្យល់​អំពី​គោលបំណង​នៃ​ការ​បង្កើត​អ.ស.ប.​និង​គោលបំណង​នៃ​ការ​ប្រមូល​ផ្តុំ​ពួក​ប្រមុខរដ្ឋ​របស់​អ.ស.ប.​នៅ​រៀងរាល់​រដូវ​ ដែល​ចែង​អំពី​ធ្វើ​បែប​ណា​ដើម្បី​ប្រមូល​ធនធាន​របស់​យើង​សម្រាប់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ មិន​មែន​គ្រាន់តែ​ដើម្បី​ដោះស្រាយ​ការ​គំរាម​កំហែង​រួមគ្នា​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ដែល​ប្រទេស​តែ​មួយ​មិន​អាច​ធ្វើ​បាន»។

វិបត្តិ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​រយៈពេល​ក្រោយ​សង្គ្រាម​៥០​ថ្ងៃ​នៅ​ក្នុង​តំបន់ Gaza ជា​បញ្ហា​ឯ​ទៀតៗ​ដែល​នឹង​ត្រូវ​ពិភាក្សា​ដោយ​ពួក​មេដឹកនាំ​ទាំង​នេះ​ដែរ។ លោក​អគ្គលេខាធិការ​អ.ស.ប.​ក៏​នឹង​កោះប្រជុំ​សន្និសីទ​កំពូល​មួយ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ពួក​ប្រទេស​នានា​ឱ្យ​ធ្វើ​ការ​សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​

លោក​ Richard Gowan ​នៃ​សាកលវិទ្យាល័យ​ញូវយ៉ក​និយាយ​ថា ​ឆ្នាំ​ទៅ​មិញ​ជា​ឆ្នាំ​ពិបាក​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ។

«នេះ​ជា​ឆ្នាំ​មួយ​មាន​ការ​ឈឺចាប់​ពិតប្រាកដ​នៅ​ក្នុង​ការទូត​អ.ស.ប.​ ជាមួយ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​ស៊ីរី ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន។​ បញ្ហា​កើត​ទ្បើង​ដោយ​ពួក ISIS និង​បញ្ហា​ជំងឺ Ebola ជា​បញ្ហា​ពីរ​ដែល​រដ្ឋាភិបាល​ទាំង​អស់​អាច​យល់​ស្រប​គ្នា​បាន។​ ហើយ​នឹង​មាន​ការ​ជំរុញ​ខ្លាំង​មួយ​ដើម្បី​ធ្វើ​ឱ្យ​មាន​ឯកភាព​ខ្លះ​នៅ​អ.ស.ប.​នៅ​ក្រោយ​ឆ្នាំ​មួយ​មាន​ការ​បែក​បាក់​គ្នា​ខ្លាំង»។

កិច្ចការ​ទូត​ខ្លះ​នឹង​មាន​ធ្វើ​នៅ​ក្នុង​មហាសាល​មហាសន្និបាត​ដែល​បាន​ត្រូវ​ជួសជុល​ជា​ថ្មី​ដែល​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ការ​ជួសជុល​ជា​ថ្មី​នូវ​មជ្ឈមណ្ឌល​អ.ស.ប.​មាន​រយៈពេល​ជិត​៦​ឆ្នាំ​និង​អស់​ប្រាក់​២.២០០​លាន​ដុល្លារ​សម្រាប់​ធ្វើ​អគារ​នេះ​ដែល​មាន​រយៈពេល​ជិត​៧០​ឆ្នាំ​មក​ហើយ​នេះ​ឱ្យ​មាន​សុវត្ថិភាព​ជាង​មុន​និង​ប្រើ​ថាមពល​តិច​ជាង​មុន​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ

XS
SM
MD
LG