ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​មិន​ទាន់​បញ្ចេញ​ជំហរ​ចំពោះ​នយោបាយ​អាមេរិក​ប្រឆាំង ​ISIS

  • សុខ ខេមរា

ពួក​អ្នកប្រយុទ្ធ​ជាមួយ​នឹង​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ដែល​ហៅ​កាត់ថា​ (ISIS) នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ គ្រវី​ទង់ជ័យ គ្រាដែល​ពួកគេ​ចូលរួម​ក្នុង​ក្បួន​ហែរ​យោធា​មួយ​នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត Raqqa នៅ​ភាគខាងជើង​ប្រទេស​ស៊ិរី នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។

ក្រុមមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ជ្រុល​និយម​ឈ្មោះ​ រដ្ឋឥស្លាម ​(ISIS)​ ជាមួយ​នឹង​ពួក​បស្ចឹម​ប្រទេស​ ដោយ​ចាត់​ទុក​ថា​ កម្ពុជា​កំពុង​តែតាម​ដានរឿង​នេះ​ ទោះ​ជា​មិន​ទាន់​ប៉ះពាល់​ដល់​តំបន់​ និង​កម្ពុជា​មែន​ក្តី។​

ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុល​និយម​នៅមជ្ឈឹម​បូព៌ា​ប្រទេស​ហៅ​ថា​ រដ្ឋឥស្លាម​ Islamic State​ ឬ ​ISIS​ បាន​វាយ​លុកយក​ទឹកដី​នៅ​តំបន់​ជាច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ស៊ីរី​និង​តំបន់​មួយ​ចំនួន​ទៀត។​ ក្រុមនេះ​បាន​គំរាម​វាយ​ប្រហារ​ស.រ.អា. និង​ប្រទេស​មួយ​ចំនួន​ទៀត​ ក្រៅពី​បាន​សម្លាប់​ដោយ​កាត់​ក្បាល​អ្នក​កាសែតអាមេរិកាំង​ពីរ​នាក់​ និង​ចំណាប់​ខ្មាំង​ជនជាតិ​អង់គ្លេស​ម្នាក់​ ដែល​ធ្វើការ​ជា​បុគ្គលិក​អង្គការ​មនុស្ស​ធម៌​មួយ​ ហើយ​គំរាម​កាត់​ក្បាល​ចំណាប់​ខ្មាំង​ជនជាតិ​អង់គ្លេស​ទី​ពីរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។​ ពួកគេ​បាន​កាប់​សម្លាប់​ពលរដ្ឋ​ ជនជាតិ​ភាគ​តិច​នៅ​តំបន់​ភ្នំ​ជា​ច្រើន​ទៀត ​ដែល​ពួកគេ​បាន​វាយ​យក​បាន​ពី​ប្រទេស​មួយ​ចំនួន​រួមទាំង​អ៊ីរ៉ាក់​ផង​នោះ។​ ពួក​បស្ចឹម​ប្រទេស​ចាត់​ទុក​ថា ​ក្រុម​ឧទ្ទាម​រដ្ឋឥស្លាមជា​គ្រោះ​ថ្នាក់​សម្រាប់​ពិភព​លោក។​ ស.រ.អា. និង​ប្រទេស​ជិត​៤០​ក្នុង​ពិភព​លោក​សន្យា​ថា​នឹង​ចូលរួម​វាយ​ប្រហារ​ទីតាំង​ក្រុម​នេះ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ថ្លែង​ ថា​ ក្រុម​ឧទ្ទាម​មិនមាន​បញ្ហា​អ្វី​ដល់​កម្ពុជា​ទេ​ ហើយ​កម្ពុជា​និង​តំបន់​ក៏​គ្មាន​ការ​ គំរាម​កំហែង​ដែរ។​

«រឿង​នេះ​ហាក់ដូច​ជា​វា​មិន​មាន​អ្វី​រាលដាល​មក​ដល់​អាស៊ាន​ទេ។​ រឿង​នេះ​ជា​ រឿង​កើត​ឡើង​នៅ​ឯនាយ។ ​វា​ហាក់​ដូចជា​វា​មិន​មាន​ស្អី​ដែល​ប៉ះពាល់​មក​ដល់ យើង​ទេ​បញ្ហា​នេះ»។​

លោក​បញ្ជាក់​ថា​ រឿង​នេះ​ជា​បញ្ហា​ដែល​កម្ពុជា​កំពុង​ឃ្លាំ​មើល​ដោយ​ប្រុង​ប្រយ័ត្ន​ ដែរ។​

«ចំណែក​រឿង​ពិត​ជាក់ស្តែង​យ៉ាង​ណា​នោះ​គឺ​យើង​ហាក់ដូច​ជា​ពិបាក​នឹង​បញ្ចេញ​ មតិ​ដែរ ​ព្រោះ​កិច្ចការ​ហ្នឹង​ កិច្ចការ​ខ្លះ​ វា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រង្វង់​មួយ​នៃ​ការ​ តាមដាន​យ៉ាង​ដិត​ដល់»។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ ​លោក​ទៀ បាញ់​បានថ្កោល​ទោស​ចំពោះ​ការ​កាប់​សម្លាប់​អ្នក​កាសែតនិង​ចំណាប់​ខ្មាំង​ដ៏​សាហាវ​ឃៅឃៅ​ ដែល​លោក​ចាត់​ទុក​ថា​ ជា​រឿង​មិន​អាច​ទទួល​យក​បាន។​

«មែន​ទែន​ទៅ​ យើង​ឃើញ​តាម​រូបភាព​វីដេអូ​ ដែល​គេ​បញ្ចាំង​ពីការ​ធ្វើឃាត​ ការ​ សម្លាប់​ដល់​ឈ្លើយ​សឹក​ អីមួយ​ចំនួន​ហ្នឹង​ គឺ​វា​ហាក់​ដូច​ជា​វា​មើល​ទៅ​ហាក់​ដូច​ ជា​វា​មិន​សូវ​ល្អមើល​សោះ ​ព្រោះអី ​ឃើញ​វា​ធ្វើនឹង​ វា​ជ្រុល​ពេក»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​សំដៅ​ទៅ​លើ​ការ​សម្លាប់​ជន​បរទេស ​ដែល​មាន​ការ​ បញ្ចាំង​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ និង​ការ​ផ្សព្វផ្សាយ​តាម​ខ្សែរ​អាត់​វីដេអូ​ ដែល​ បាន​ធ្លាយ​មក​ក្រៅ​នោះ។​

លោក​ឧត្តម​សេនីយ៍​ឯក​គាត ​ច័ន្ថារិទ្ធ ​អ្នក​នាំពាក្យ​ស្នងការ​នគរ​បាល​ជាតិ​ បាន​អះ អាង​ថា​ ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​មើល​ ថា​តើ​មាន​បញ្ហា​អ្វី​ទាក់ទង​នឹង​រឿង​កម្ពុជា​ យើង​ទេ។​

«យើង​ដូច​ជា​អត់​មាន​សញ្ញា​អ្វី​ទេ​ តែ​ទោះជា​យ៉ាងណា​ ការ​ប្រុង​ប្រយ័ត្ន​ក៏​យើង​នៅ​តែ​មាន​ជាប់​ជាហូរ​ហែ។ យើង​បាន​យក​ចិត្ត​ទុកដាក់​តាមដាន​រឿង​នឹង​ដែរ។​ តែ​យើង​មិនទាន់​ឃើញ​មាន​សញ្ញា​អ្វី​ធំ​ដុំ​ គួរ​កត់​សម្គាល់ទេ»។​

នៅ​ពេល​សួរពី​ការ​ចូលរួម​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ ISIS​ លោក​ឧត្តមសេនីយ៍​គាត ច័ន្ថារិទ្ធ​បាន​បញ្ជាក់​ថា​ កម្ពុជា​កំពុង​តែ​ស្ថិត​ នៅ​ក្នុង​ដំណាក់​កាល​តាម​ដាន​អំពី​រឿង​នេះ។​

ក្រុម​អៃស៊ីស​ (ISIS)​ បាន​ជួល​ក្រុម​ជនជាតិ​ឥស្លាម​ជា​ច្រើន​ពី​ប្រទេស​មួយ​ចំនួន​ ក្នុង​ប្រទេស​អាមេរិក​ អូស្ត្រាលី ​សហភាព​អឺរ៉ុប​ និង​ប្រទេស​អង់គ្លេស​ បារាំង​ផង​ ដែរ​ ដើម្បី​ចូលរួម​សកម្ម​ភាព​វាយ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​សាសនា​ Jihard ​នៅ​ពេល​ ក្រុម​រដ្ឋាភិបាល​ប្រទេស​ទាំង​នេះ​ព្យាយាម​ទប់ស្កាត់​នោះ។​

លោក​យ៉ែម បុញ្ញរិទ្ធ​ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​អះអាង​ស្រដៀង​គ្នាទៅ​នឹង​ការ​កត់​សម្គាល់របស់​មន្ត្រី​អាជ្ញាធរ​កម្ពុជា​ដែរ។​

«ខ្ញុំ​ដូច​អត់​មាន​ឃើញអ្វី​គួរ​ឲ្យ​កត់​សម្គាល់ផង​ នៅ​ក្នុងប្រទេស​យើង ​ពីព្រោះ​បង​ ប្អូន​ខ្មែរ​ឥស្លាម​ដែល​កាន់​សាសនា​ឥស្លាម​ហ្នឹង​ក៏​មិន​មែន​ជា​អ្នក​ជ្រុល​និយម​ដែរ។ ដល់​អញ្ចឹង​ទៅ​ ខ្ញុំ​សង្កេត​ឃើញ​ថា ​ដូចជា​មិន​មាន​អ្វី​ ដែល​ជាបញ្ហា​គួរ​ឲ្យ​កត់ សម្គាល់ទេ»។​

ក្រោយ​ពួក​អៃស៊ីសសម្លាប់​ជនជាតិ​អង់គ្លេស​នៅចុង​សប្តាហ៍​កន្លង​ទៅ​ ​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ដេវីដ កាម៉ារ៉ូន​ (David Cameron) ​ថ្លែង​ប្តេជ្ញាថា​ ការ​វាយប្រហារ​ក្រុម​អៃស៊ីស​គឺ​ធ្វើ​តាមវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរកម្ម។​

«ពួក​គេ​បាន​តាំង​ខ្លួន​ថា ​គេ​ធ្វើការ​សម្លាប់​នេះ​ក្នុង​នាម​សាសនា​ឥស្លាម។​ នោះ​ជា​រឿង​គ្មាន​ន័យ។​ ឥស្លាមគឺ​ជា​សាសនា​មួយ​មាន​សន្តិភាព។​ ពួក​គេ​មិនមែន​ជា​ជន​ ឥស្លាម​ទេ។​ ពួក​គេ​ជា​បិសាច»។​

រដ្ឋបាល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​បាន​នាំមុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ពួក​ឧទ្ទាម​ឥស្លាម​ជ្រុល​និយម​អៃស៊ីស។​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.ចន ឃែរី ​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​តំណាង​ប្រទេស​ជាង​៣០​ក្នុង​ប្រទេស​បារាំង​កាល​ ពី​ថ្ងៃ​ច័ន្ទ ​ដែល​ចូលរួម​ជាមួយ​នឹង​ស.រ.អា. អង់គ្លេស​ បារាំង​ដើម្បី​វាយ​ប្រហារ​ក្រុម​អៃស៊ីល ​ជា​ក្រុម​ឥស្លាម​ជ្រុល​និយម​ឈ្មោះ​រដ្ឋឥស្លាម​នោះ​ ដោយ​សន្យា​ជួយ​ជា​សម្ភារៈ​សិក យោធា ​និង​បច្ចេក​ទេស​ជាដើម។​

លោក​នី ចរិយា​ អ្នក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​អះអាង​ថា ​ ជា​ការ​គ្រោះថ្នាក់​និង​ជា​ការ​លំបាក​និង​ងាយ​យល់ច្រឡំ​ថា​ ជា​សង្គ្រាម​សាសនា​ នៅ​ពេល​អន្តរជាតិ​និង​ក្រុម​ឥស្លាម​ជ្រុល​និយម​នៅ​មជ្ឈឹម​បូព៌ា​ប្រឈម​មុខ​ដាក់​ គ្នា។​

«ប្រសិន​បើមាន​ការ​លូកដៃ​ជ្រៅ​រហូត​ដល់​បង្កើត​ជា​សង្គ្រាម​វ៉ៃលុក​ នោះ​វាអាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ក្រឡៃ​ស្ថានភាព​នយោបាយ​ពី​ការ​ឈ្លោះគ្នា​ដោយ​ការ​រើសអើង​ ឬ​ក៏​វិបត្តិ​ខាង​នយោបាយ​ ទៅ​ជា​បញ្ហា​សាសនា»។​

លោក​ថ្លែង​ថា ​ការ​យល់​ច្រឡំ​ថា​ ជា​សង្គ្រាម​សាសនា​ ដែល​ជា​បញ្ហា​ធំ​ជាង​សង្គ្រាម​នយោបាយ​នោះ ​អាច​មាន​ការ​គ្រោះថ្នាក់​ខ្លាំង​ និង​ពិបាក​បញ្ចប់៕

XS
SM
MD
LG