ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ប្រកាស​ពង្រីក​ការ​វាយប្រហារ​លើ​ក្រុម Islamic State


លោក​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​​​​​ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​ពី​សេតវិមាន​កាល​ពី​យប់​ថ្ងៃ​ពុធ ទី​១០​ ខែ​កញ្ញា ឆ្នាំ​២០១៤។

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry បាន​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​ដើម្បី​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ដើម្បី​ប្រឆាំង​ពួក​ជន​សកម្មប្រយុទ្ធ Islamic State ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​សន្យា​ដេញ​កម្ទេច​ពួក​ជ្រុល​និយមនៅ​គ្រប់ទី​កន្លែង ​រួម​ទាំង​ក្នុង​ប្រទេស​ស៊ីរី​ផង។

​លោក Kerry ​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង Jeddah នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែល​នៅ​ទី​នោះ លោករដ្ឋ​មន្រ្តី​ការបរទេស​ ​មាន​គម្រោងធ្វើ​ការ​ចរចា​ជាមួយ​ពួក​មន្រ្តី​មក​ពី​ប្រទេស​អារ៉ាប់​សំខាន់ៗ​មួយ​ចំនួនហើយ​នឹង​ប្រទេស​តួកគី​ផង។

មន្រ្តីជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា​ លោក​រដ្ឋមន្រ្តី​ការបរទេស Kerry ​ចង់​ឲ្យ​មាន​កិច្ច​ខំ​ប្រឹង​ប្រែង​ប្រសើរ​ឡើង​ដើម្បី​បញ្ឈប់លំហូរ​ប្រាក់​ទៅ​ឲ្យ​ក្រុម​ជ្រុល​និយម​នោះ។

​លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្ទរកថា​កាល​ពី​យប់​ថ្ងៃ​ពុធថា លោក​នឹង​មិន​ស្ទាក់ស្ទើរ​បញ្ជា​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​ទិសដៅ​នានា​របស់​ក្រុម Islamic State ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​យុទ្ធនាការ​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម​នោះ​ទេ។

​លោក​ប្រធានាធិបតី​អូបាម៉ា ​សង្កត់​ពី​ការ​រួម​វិភាគទាន​របស់​ដៃគូ​នានា​ដែល​កំពុង​ផ្តល់​ការ​ស៊ើបការណ៍​សម្ងាត់​ជំនួយ​មនុស្សធម៌​និង​យន្តហោះ។

​«នេះ​មិន​មែន​ជា​ការ​ប្រយុទ្ធ​របស់​យើង​តែ​ម្នាក់ឯង​ទេ។ ​មហាអំណាច​អាមេរិក​ អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ ក៏ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​ជំនួស​ជន​ជាតិ​អ៊ីរ៉ាក់​ទេ​ចំពោះ​អ្វី​ដែល​ពួកគេ​គួរ​តែ​ធ្វើដោយ​ខ្លួន​ឯង​ ​ហើយ​យើង​ក៏​មិន​អាចជំនួស​ដៃគូ​អារ៉ាប់​របស់​យើង​ក្នុង​ការ​ធានា​សន្តិសុខ​ក្នុង​តំបន់​របស់​ពួកគេ​ដែរ។ ​ដោយ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ ​ទទូច​ថា សហរដ្ឋ​អាមេរិក​អាច​បន្ត​សកម្មភាព​ទៀត​ដោយ​អាស្រ័យ​លើការ​បង្កើត​រដ្ឋាភិបាល​អ៊ីរ៉ាក់​មួយ ​រួម​បញ្ចូល​គ្រប់​ភាគី​ទាំង​អស់​ ដែល​ឥឡូវ​នេះ ​ពួក​គេ​បាន​ធ្វើ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ ​ដូច្នេះ​នៅ​យប់​នេះ ​ដោយ​មាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​មួយ ​ហើយ​បន្ទាប់​ពី​ការ​ពិគ្រោះ​ជាមួយ​សម្ព័ន្ធមិត្តនៅ​បរទេស​និង​សភា​នៅ​ក្នុង​អាមេរិក​ខ្ញុំ ​អាច​ប្រកាស​ថា ​អាមេរិក​ ​នឹង​ដឹកនាំ​សម្ព័ន្ធ​មិត្ត​ដ៏​ធំ​មួយ​ដើម្បី​កាត់​បន្ថយ​ការ​គំរាម​កំហែង​ភេរវកម្ម​នេះ។»

លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​លាត​ត្រដាង​យុទ្ធសាស្រ្ត​៤​ផ្នែកដែល​រួម​បញ្ចូល​ហួស​ពីការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ខែ​មុន​ដើម្បី​ការពារ​ផល​ប្រយោជន៍​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

សហរដ្ឋ​អាមេរិក​ក៏​នឹង​បញ្ជូន​ទីប្រឹក្សា​យោធា​៤៧៥​នាក់​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ដែរ​ដើម្បី​ជួយ​គាំទ្រ​និងហ្វឹកហាត់កងទ័ព​អ៊ីរ៉ាក់​និង Kurds ក៏​ប៉ុន្តែ​លោក​អូបាម៉ា​បាន​និយាយ​រំឭក​ឡើង​វិញ​ថា ​លោក​នឹង​មិន​បញ្ជូន​កងទ័ព​ប្រយុទ្ធ​អាមេរិកាំង​ណា​ម្នាក់​ទៅ​កាន់​ទី​នោះ​ទេ៕

XS
SM
MD
LG