កិច្ចប្រជុំកំពូលរបស់មេដឹកនាំអង្គការអូតង់ NATO នៅចក្រភពអង់គ្លេសបានសម្រេចឲ្យបង្កើតកម្លាំងដែលតំណាងឲ្យអឺរ៉ុបខាងកើត ដើម្បីទប់ទល់ ឬឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ី។
លោក Anders Fogh Rasmussen អគ្គ លេខាធិការអង្គការអូតង់ និយាយថា កងកម្លាំងនេះនឹងជួយកងទ័ពជើងគោកច្រើនពាន់នាក់ ដោយមានការគាំទ្រពីកងទ័ពជើងទឹក និងកងទ័ពអាកាស។ បុគ្គលិកនឹងផ្លាស់វេនគ្នារវាងកងទ័ពនៃប្រទេសនានា ដែលជាសមាជិកអូតង់ ហើយគេអាចនឹងត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនកងទ័ពក្នុងពេលពីរបី ថ្ងៃ។
កងទ័ព ទាំងនេះនឹងមានមូលដ្ឋាន ដែលត្រៀមជាស្រេចក្នុងប្រទេសជាច្រើននៃសមាជិកអង្គការអូតង់ នៅអឺរ៉ុបខាងកើត ហើយរដ្ឋជាសក្តានុពលនោះគឺបណ្តារដ្ឋនៅតំបន់បាល់ទិក ប្រទេសប៉ូឡូញ និងប្រទេសរ៉ូម៉ានី ដោយមានសម្ភារៈ និងគ្រៀងឧបត្ថម្ភត្រៀមជាច្រើន ហើយមានគណៈបញ្ជាការទ្រង់ទ្រាយតូច និងមានបុគ្គលិកខាងទំនាក់ទំនងព័ត៌មាននៅប្រចាំការ។ ក្រៅពីនោះក៏មានអ្វីដែលលោកហៅថា វត្តមានរបស់កងកម្លាំងអូតង់ប្រចាំការ ធ្វើសមយុទ្ធនៅរដ្ឋជាសមាជិកអង្គការអូតង់នៅភាគខាងកើត។
សកម្មភាព នេះធ្វើឡើងជាការឆ្លើយតបនឹងអន្តរាគមន៍របស់ប្រទេសរុស្ស៊ីនៅក្នុង ប្រទេសអ៊ុយក្រែនដែលមិនមែនជាសមាជិកអង្គការអូតង់។ លោកអគ្គលេខាធិការ Rasmussen និយាយ ថា កម្លាំងថ្មីនេះត្រូវបានរៀបចំឡើងដើម្បីធានាថា ប្រទេសរុស្ស៊ីនឹងមិនព្យាយាមធ្វើដូចគ្នានេះទេនៅក្នុងរដ្ឋដែល ពីមុននៅក្នុងអតីតសហភាពសូវៀត តែបច្ចុប្បន្ននេះជាផ្នែកមួយនៃសម្ព័ន្ធមិត្តលោកខាងលិច។
«ការ សម្រេចចិត្តដែលយើងធ្វើនៅថ្ងៃនេះដើម្បីត្រៀមរៀបចំផែនការសកម្មភាព នេះបញ្ជូនសារយ៉ាងច្បាស់ប្រាប់ប្រទេសរុស្ស៊ីថា យើងមានការតាំងចិត្តដ៏រឹងមាំដើម្បីចាត់វិធានការទាំងអស់ដែលចាំ បាច់ ដើម្បីផ្តល់ការការពារដ៏មានប្រសិទ្ធភាពសម្រាប់សម្ព័ន្ធមិត្តរបស់ យើង»។
លោក Rasmussen ហៅ ការសម្រេចចិត្តនេះថា ជាការឆ្លើយតបសមស្របចំពោះអ្វីដែលលោកហៅថា ស្ថានការណ៍អសន្តិសុខប្រែប្រួលខ្លាំងនៅអឺរ៉ុប។ លោកបានបដិសេធសេចក្តីថ្លែងការណ៍របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ដែលអះអាងថា អង្គការអូតង់មានផែនការយូរហើយក្នុងការបង្កើនវត្តមានរបស់កង កម្លាំងខ្លួននៅអឺរ៉ុបខាងកើត ហើយថា អង្គការអូតង់គ្រាន់តែប្រើវិបត្តិនៅប្រទេសអ៊ុយក្រែនជាលេសដើម្បី ផ្តល់យុត្តាធិការសម្រាប់សកម្មភាពនេះ។
លោក Rasmussen ក៏ បានស្វាគមន៍កិច្ចព្រមព្រៀងដែលសម្រេចកាលពីថ្ងៃសុក្រ ឲ្យមានបទឈប់បាញ់នៅភាគខាងកើតប្រទេសអ៊ុយក្រែនដែរ តែលោកបានបង្ហាញការសង្ស័យខ្លះ ដោយលោកមិនដឹងថា តើកិច្ចព្រមព្រៀងនឹងមានជាប់លាប់ ឬយ៉ាងណា។
«ជា ការណ៍ពិត កិច្ចការសំខាន់ទីមួយគឺប្រកាសបទឈប់បាញ់។ ហើយតាមពិតទៅ ជំហានបន្ទាប់ដែលជាជំហានសំខាន់គឺអនុវត្តបទឈប់បាញ់នោះដោយ ស្មោះត្រង់ ហើយ គេត្រូវនៅចាំមើលសិន។ តែរហូតមកដល់ពេលនេះ មិនទាន់មានបញ្ហាអ្វីទេ»។
លោក អគ្គលេខាធិការនិយាយច្បាស់ថា បញ្ហារវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនគឺជាប្រធានដែលមាន កិច្ចពិភាក្សាច្រើនជាងគេនៅក្នុងកិច្ចប្រជុំកំពូលនេះ ដោយលោកលើកឡើងថា កង្វល់អំពីជំហរប្រែប្រួលរបស់រុស្ស៊ីក៏បានញាំងឲ្យមេដឹកនាំនានា ព្រមព្រៀងគ្នាបង្កើនការចំណាយលើផ្នែកការពារជាតិ ហើយវាធ្វើឲ្យលោកមានជំនឿថា គេនឹងធ្វើ។
«ការ សម្រេចចិត្តនេះធ្វើឡើងក្នុងបរិយាកាសសន្តិសុខថ្មីទាំងស្រុង។ កាយវិការគឃ្លើនរបស់ប្រទេសរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនគឺជា ការដាស់តឿនស្មារតីរបស់យើង»។
អង្គការអូតង់ប្រកាសថា កិច្ចប្រជុំកំពូលរបស់ខ្លួនលើកក្រោយនៅឆ្នាំ២០១៦នឹងរៀបចំដោយប្រទេសប៉ូឡូញ ដែលលោក Rasmussen ហៅថា ជានិមិត្តសញ្ញានៃការតាំងចិត្តរបស់សម្ព័ន្ធមិត្តអូតង់ក្នុងការការពារសមាជិករបស់ខ្លួននៅអឺរ៉ុបខាងកើត។
លោក Rasmussen ក៏ បាននិយាយដែរថា មេដឹកនាំអង្គការអូតង់បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការ ថែមទៀតទាក់ទងនឹងវិបត្តិនៅប្រទេសអ៊ីរ៉ាក់។ លោកបានស្វាគមន៍ការចូលរួមរបស់សម្ព័ន្ធមិត្តជាច្រើនក្នុងវិស័យ កងទ័ព និងមនុស្សធម៌ រួមមានស.រ.អា.ជា ដើម។ ហើយលោកក៏បាននិយាយដែរថា សម្ព័ន្ធភាពអូតង់ក៏នឹងអាចជួយសហការក្នុងកិច្ចការគាំទ្រខ្លះៗ ដូចជាការដឹកជញ្ជូនតាមអាកាស។ លោក Rasmussen បាន បន្តថា អង្គការអូតង់នឹងមិនមានតួនាទីនៅក្នុងប្រទេសអ៊ីរ៉ាក់ទេ លុះត្រាតែមានការអញ្ជើញពីរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយទោះជាមានសំណើពីរដ្ឋាភិបាលអ៊ីរ៉ាក់ក្តី អង្គការអូតង់ប្រហែលជាអាចសហការបានតែក្នុងការបណ្តុះបណ្តាល ប៉ុណ្ណោះ។
លោក Rasmussen បាន និយាយថា មេដឹកនាំអង្គការអូតង់បានព្រមព្រៀងគ្នាបែងចែកព័ត៌មានអំពីពលរដ្ឋ របស់ខ្លួន ដែលទៅប្រទេសអ៊ីរ៉ាក់ប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធ ហើយបន្ទាប់មកព្យាយាមវិលត្រឡប់ទៅអឺរ៉ុប និងអាមេរិកខាងជើងវិញ។
នៅឯកិច្ចប្រជុំនៅប្រទេស Wales នេះមានការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា. និងរដ្ឋមន្ត្រីក្រសួងការពារជាតិស.រ.អា. ហើយនិងសមភាគីរបស់គេមកពីប្រទេសជាសមាជិកអង្គការអូតង់ជាច្រើន ហើយនិងប្រទេសជាដៃគូ ដទៃទៀត។ កិច្ចប្រជុំនេះបានធ្វើកិច្ចព្រមព្រៀងបង្កើតកងកម្លាំងពហុជាតិ។ រដ្ឋមន្ត្រីទាំងអស់ក៏បានព្រមព្រៀងគ្នាធ្វើការជាមួយរដ្ឋាភិបាល ថ្មីរបស់ប្រទេសអ៊ីរ៉ាក់ដែរ នៅពេលរដ្ឋាភិបាលនេះចូលកាន់តំណែង ដើម្បីព្យាយាមធ្វើឲ្យស្ថានការណ៍ប្រសើរឡើងនៅភាគខាងត្បូងប្រទេស អ៊ីរ៉ាក់ដែលគេមានជំនឿថា វានឹងបន្ថយឥទ្ធិពលដែលជំរុញឲ្យជនជាតិអ៊ីរ៉ាក់ចូលរួមជាមួយពួកសកម្មប្រយុទ្ធនោះ៕
លោកពិន ស៊ីសុវណ្ណសូមជូនសេចក្តីប្រែសម្រួល