ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភពលោក​​ប្រតិកម្ម​សន្ទរកថា​របស់​ប្រធានា​ធិបតី​ត្រាំ​នៅ​មហា​សន្និ​បាត​​អ.ស.ប


ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​​ស្តី​អំពី​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​អាវុធ​នុយក្លេអ៊ែរ នៅ​អ.ស.ប ក្នុង​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃទី​២៦ កញ្ញា ២០១៨។
ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​​ស្តី​អំពី​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​អាវុធ​នុយក្លេអ៊ែរ នៅ​អ.ស.ប ក្នុង​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃទី​២៦ កញ្ញា ២០១៨។

សុន្ទរកថា​ស្តីពី​គោល​នយោបាយ​ការបរទេស​«គិត​ពី​សហរដ្ឋ​អាមេរិក​មុន»​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​ទៅ​កាន់​សម័យប្រជុំ​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​៧៣​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះពី​សំណាក់មេដឹកនាំ​ពិភពលោក។

ក្រោយ​ពី​ថ្លែង​សិន្ទរកថា​របស់​លោក​រយៈ​៣-៤​នាទី​ទៅ​កាន់​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ភ្លាម ​លោក​ប្រធានា​ធិបតី​ ​ត្រាំ​បាន​ទទួលការ​ឆ្លើយ​តប​មិន​ប្រក្រតី​មួយ។ ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​ថា៖ «មិន​ដល់​រយៈពេល​២ឆ្នាំ​ផង ​រដ្ឋបាល​របស់​ខ្ញុំ​បានសម្រេច​ការងារ​ច្រើន​ជាងរដ្ឋ​បាល​ផ្សេង​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​យើង។ជា​ការ​ពិត។ ខ្ញុំ​មិន​រំពឹង​ថា ​មាន​ប្រតិកម្ម​សោះ​ ក៏ប៉ុន្តែ ​មិន​អី​ទេ»។

ដោយ​ថ្លែង​សុន្ទរកថា​ស្រដៀង​គ្នា​របស់​លោក​កាល​ពី​ឆ្នាំ​ទៅ​ដែរ ប្រ​ធានាធិប​តី​ត្រាំ​បាន​សរសើរ​ការ​ស្នេហា​ជាតិ​ជា​ជាង​ផ្តោត​លើ​សាកល​ភាវូប​នីយកម្ម ​ក៏ប៉ុន្តែ ​មេដឹក​នាំ​ខ្លះក្នុង​សហគមន៍​អន្តរជាតិ​បាន​រិះគន់​តប​វិញ។

ក្នុង​ការ​អំពាវនាវ​ទៅ​លើ​ការ​ចាត់​វិធានការ​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ លោក​ប្រធា​នាធិបតី​បារាំង​បាន​អំពាវនាវ​ដល់​ប្រទេស​នានា​ឲ្យ​ច្រាន​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសណា​ដែល​មិន​មាន​ឆន្ទៈ​ធ្វើ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស ​ដែល​សហរដ្ឋ​អា​មេរិក​បាន​ដក​ខ្លួន​ចេញ។

លោក​ Emmanuel Macron ​ប្រធានា​ធិបតី​នៃ​ប្រទេស​បា​រាំង​បាន​និយាយ​ថា៖ ​«យើង​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ជាមួយប្រ​ទេស​ដែល​មិន​គោរព​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​ទេ។ ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ការ​សន្យា​ខាង​ពាណិជ្ជកម្ម​របស់​យើង​គឺ រួម​បញ្ចូល​ការ​ដាក់​កម្រិត​ខាង​បរិស្ថា​ននិង​សង្គម»។

មុន​ពេលថ្លែង​សន្ទរកថា​របស់​លោក ​ប្រធានា​ធិបតី​ ត្រាំ​ បាន​ធ្វើ​ការ​រិះគន់​ប្រទេស​អ៊ីរ៉ង់​យ៉ាង​ខ្លាំង។ ប្រធានាធិបតី​ត្រាំ​បាន​ថ្លែង​ថា៖ «ប្រទេស​អ៊ីរ៉ង់​ត្រូវ​តែ​កែប្រែ​គោល​ជំហរ​របស់​ខ្លួន​មុន​ពេល​ខ្ញុំ​ជួប​ជាមួយ​ពួក​គេ។ ពួក​គេចង់​ជួប​ខ្ញុំ។ ​ខ្ញុំ​នឹង​មិន​ជួប​ជា​មួយ​ពួកគេ​ទេ​រហូត​ទាល់​តែ​ពួកគេ​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​សិន។ វា​នឹង​កើត​មាន​ឡើង ​ខ្ញុំ​ជឿ​ថា ​ពួក​គេ​មិន​មាន​ជម្រើស​ទេ។ យើង​រំពឹង​នឹង​មាន​ទំនាក់​ទំនង​ដ៏​អស្ចារ្យ​ជាមួយ​អ៊ីរ៉ង់»។

ក៏ប៉ុន្តែ ​ប្រធានា​ធិបតី​អ៊ីរ៉ង់​បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក​វិញ។ ប្រធានា​ធិបតី ​Hassan Rouhani​ នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែងថា៖ «ខ្ញុំ​នឹង​ចាប់​ផ្តើម​កិច្ចសន្ទនា​នៅ​ទី​នេះហើយ​បញ្ជាក់​ដោយ​ច្បាស់​លាស់​ថា ​សំណួរអំពី​សន្តិសុខអន្តរជាតិ​មិន​មែន​ជា​ឧបករណ៍​ក្នុង​នយោបាយអាមេរិក​ទេ។ អង្គការ​សហ​ប្រជាជាតិ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​រដ្ឋបាល​របស់​សហរដ្ឋ​អាមេរិក​ទេ»។

ចាប់​តាំង​ពីការ​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​ពហុភាគី​រហូត​ដល់​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​បរទេស ​អ្នក​ជំនាញ​ខ្លះ​បាន​និយាយ​ថា​ ការណ៍​នេះ​ជា​ផ្នែ​កមួយ​នៃ​យុទ្ធ​សាស្រ្ត​ដ៏​ធំ​ដើម្បី​បង្អាក់​ស្ថាន​ភាព​នៅ​ដដែល។

លោក ​Charles Kupchan ​នៃ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការ​បរទេស​បាន​និយាយ​ថា៖ «ការណ៍​នេះ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​ពីព្រោះ​សហរដ្ឋ​អាមេរិកបាន​បង្កើត​សណ្តាប់​ធ្នាប់​នេះ។សហរដ្ឋ​អាមេរិក​ជាស្ថា​ប​ត្យ​ករ​និង​ជា​អ្នក​ការពារ​ដ៏​សំ​ខាន់​មួយ។ ដូច្នេះ​ នរណា​ម្នាក់​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោនដែល​ព្យាយាម​បំផ្លាញ​សណ្តាប់​ធ្នាប់​នេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ»។

សម័យ​ប្រជុំ​របស់​អង្គការ​សហប្រ​ជាជាតិ​នៅ​សប្តាហ៍​នេះ​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ ​ដោយ យកបញ្ហា​ប្រទេស​កូរ៉េខាង​ជើង​និង​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែ​ស្ថិត​ជា​របៀប​វារៈ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ៕

ប្រែស​សម្រួល​ដោយ ជឹង ​ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG