ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ក្រុង​ឡាអេ​ផ្តល់​យុត្តិធម៌​ដល់​កម្ពុជា​ជា​ថ្មី

  • គង់ សុឋានរិទ្ធ

ចៅក្រម​និង​គណៈប្រតិភូកម្ពុជា (ឆ្វេង) និង​ថៃ (ស្តាំ) នៅ​ក្នុង​សាលសវនាការ​ ​អំពី​​ប្រាសាទ​​ព្រះវិហារ​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​ឲ្យ​ប្រទេស​កម្ពុជា​ឈ្នះ​ប្រទេស​ថៃ​ជាថ្មី​ម្តង​ទៀត​លើ​ជម្លោះ​ច្រំ​ដែល​ជុំវិញ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​និង​បាន​បង្គាប់​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ។

នៅ​ក្នុង​សាលដីកា​ក្រោយ​ធ្វើ​ការ​បកស្រាយ​លើ​បណ្តឹង​របស់​ប្រទេស​កម្ពុជា​ដែល​ទាមទារ​ឲ្យការ​បក​ស្រាយ​លើ​សាល​ក្រមឆ្នាំ​១៩៦២​ឡើង​វិញ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែ​លមាន​មូល​ដ្ឋាន​នៅ​ប្រទេស​ហូឡង់​បាន​សម្រេច​ជា​ឯកឆន្ទ​ថា៖ «ដែនដី​ទាំង​មូល​នៃ​ជ្រោយ​ប្រាសាទ​ព្រះវិហារ»​ ឬ​មាន​ន័យ​ថា​ដែនដី​ដែល​ស្ថិត​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​នេះ​គឺ​ជា «ដែនដី​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា»។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ចៅក្រម ​Peter Tomka​ ប្រធាន​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ឡាអេ​បានបង្គាប់​ឲ្យ​ប្រទេស​ថៃដក​កងកម្លាំង​ប្រដាប់​អាវុធឬ​ឆ្មាំ​ទាំងឡាយ​ណា​ចេញ​ពី​តំបន់​ឈរ​ជើង​របស់​ពួក​គេ។

«តុលាការ​បាន​រក​ឃើញ​ជា​ឯកឆន្ទ​ថា​ទី១​ ខ្លួន​មាន​យុត្តាធិការ​ក្នុង​មាត្រា​៦០​នៃ​លក្ខន្តិកៈ​ដើម្បី​រក្សា​សំណើ​របស់​ប្រទេស​កម្ពុជា​ឲ្យ​បក​ស្រាយ​ដីកា​ឆ្នាំ​១៩៦២​ហើយ​សំណើ​នេះ​អាច​ទទួល​យក​បាន។

ទី២ ​តាមរយៈ​ការ​បកស្រាយ​របស់​ខ្លួន ​តុលាការ​ប្រកាស​ជា​ឯកឆន្ទ​ថា​សាលដី​កា​នៅ​ថ្ងៃទី​១៥​ខែ​មិថុនា​ឆ្នាំ​១៩៦២​បាន​សម្រេច​ថា​ ប្រទេស​កម្ពុជា​មាន​អធិបតេយ្យ​ភាព​លើ​ដែន​ដី​ទាំង​ស្រុង​នៃ​ជ្រោយ​នៃ​ប្រាសាទ​ព្រះវិហារ​ដូចបាន​កំណត់​ក្នុង​កថាខណ្ឌ៩៨​នៃ​សាលដីកា​ពេលនេះ​ហើយ​តុលាការ​សម្រេច​ថា​ប្រទេស​ថៃ​ស្ថិត​ក្រោម​កាតព្វកិច្ច​ត្រូវ​ដក​ចេញ​ពី​ដែនដី​នេះ​នូវ​កងទ័ព ​ឬ​កម្លាំង​នគរបាល​ ឬ​កងសន្តិសុខ​ឬ​ឆ្មាំ​ដែល​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ទី​ នោះ»។​

ប្រទេស​កម្ពុជា​និង​ប្រទេសថៃ​មាន​ជម្លោះ​នឹង​គ្នា​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ចំណាស់​៩០០​ឆ្នាំ​ចាប់តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០០៨​មកម្ល៉េះ។​ប្រទេស​ថៃ​បាន​បញ្ជូន​កងទ័ព​ចូល​លុកលុយ​តំបន់​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រាសាទនេះ​ត្រូវបាន​ដាក់​បញ្ចូលជា​សម្បត្តិ​បិតិក​ភណ្ឌ​ពិភព​លោក។

មានការ​ប៉ះទង្គិច​គ្នា​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​លើក​និង​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ទាំងសង​ខាង​ក្នុង​ចំណោម​ភាគី​ជម្លោះ​ហើយ​ប្រទេស​ថៃ​បាន​ទាមទារ​កាន់​កាប់​តំបន់នៅ​ជើង​ភ្នំ​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​ដោយ​សំអាង​ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​លើ​ប្រទេស​ថៃ​គឺ​គ្រាន់​តែ​លើ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​១៩៦២​ គឺ​មិន​បាន​សម្រេច​ឲ្យ​កម្ពុជា​កាន់​កាប់​តំបន់​នៅជុំវិញ​នោះ​ទេ។

ប្រទេស​កម្ពុជា​បាន​សម្រេច​ប្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​ឲ្យ​តុលាការ​កំពូល​មួយ​នេះ​បក​ស្រាយ​ឡើងវិញ​ពី​ការ​សម្រេច​ក្នុង​សាល​ក្រម​របស់​ខ្លួន​កាល​ពី​៥១​ឆ្នាំ​មុន។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​និង​ជារដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ខៀវ កាញ៉ារិទ្ធ ​បាន​អធិប្បាយ​លើ​បណ្តាញ​សង្គម​ Facebook​ របស់​លោកថា ​ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​ក្រុងឡា​អេគឺ​«ជា​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​និង​ជា​ជ័យជម្នះ​នៃ​ភាព​ចាស់​ទុំ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ»។

ដំណាល​គ្នា​នេះ​ដែរ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ជាប់​ឆ្នោត​នៅ​ក្នុង​ប្រទេស​បាន​អបអរសាទរ​ជ័យជំនះ​នេះ​តាម​រយៈបណ្តាញ​សង្គម​ Facebook​ ផ្ទាល់​ខ្លួន​ផង​ដែរ។

លោក​យ៉ែម​ បុញ្ញឫទ្ធ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ជ័យជម្នះ​របស់​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រួចផុត​ពី​ជម្លោះ។
«ក្នុង​នាម​ជា​ខ្មែរ​យើង​បាន​អបអរសាទរ​ដោយ​យើង​បាន​រួច​ខ្លួន​ ព្រោះ​ថា​ពាក្យ​ដែល​យើង​ឈ្នះ​យើង​បាន​រួច​ខ្លួន​ព្រោះ​វា​ជា​របស់​យើង»។

ដោយ​ឡែក​លោក​បណ្ឌិត​ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅ​កាត់​ថា​និកហ្វិក​ អធិប្បាយ​ថា​ការ​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ ​គួរ​ឲ្យជឿ​ទុក​ចិត្ត។

«ខ្ញុំ​រីករាយ​និង​ជឿ​ជាក់​លើ​តុលាការ​ក្រុងឡាអេ​ ដែល​កំណត់​ដីកា​ពី​មុន​មក​និង​បច្ចុប្បន្ន​នេះ​នៅ​ដដែល​និង​មាន​ភាព​ច្បាស់លាស់​ជាង​មុន»។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក​បណ្ឌិតហង្ស ​ពុទ្ធា​ នៅ​មន្ទិល​សង្ស័យ​នៅ​ឡើយ​ចំពោះ​ការ​អនុវត្ត​របស់​ប្រទេស​ថៃ​លើ​សាលដីកា​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG