ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខ្មែរ​ថៃ​តាម​ព្រំដែន​ត្រៀម​ខ្លួន​សម្រាប់​សាល​ដីកា​​តុលាការ​ក្រុង​ឡាអេ


ក្នុង​រូបថត​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១១​នេះ រទេះ​ផ្ទុក​ដោយ​ឥវ៉ាន់​របស់​ជន​ភៀស​សឹក​ខ្មែរ​​ត្រូវ​គេ​ទុក​នៅ​ឯ​ជំរំ​ជន​ភៀស​សឹក​នៅ​ភូមិ​ថ្នល់​ទទឹង​ នៅ​ភាគ​ខាង​កើត​​នៃ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​កម្ពុជា​ថៃ។
ប្រជាពលរដ្ឋ​និង​ទាហាន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​មាន​ការ​ប្រុង​ជើងការ​ខ្ពស់ ​ខណៈសាល​ដីកា​ស្តី​ពី​ការ​បកស្រាយ​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ​លើ​សំណុំ​រឿងប្រាសាទ​ព្រះវិហារ​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​តែ​បី​ថ្ងៃ​ទៀត។​

លោក​សុខ ជឿន ​គ្រូ​ពេទ្យ​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមាន​ជ័យ​ ថ្លែង​ថា ​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​ស្តី​ពី​ការ​បកស្រាយសាលក្រម​តុលាការ​ក្រុង​ឡាអេ។​

«ខាង​ភូមិ​ឃុំ​គេ​ឱ្យយើង​ប្រុង​ប្រយ័ត្ន​ខាង​ស្បៀង​អាហារ ​សម្លៀក​បំពាក់ ​ឱ្យ​ជីក​លេណដ្ឋាន​ ឬ​ត្រង់សេ​ដើម្បី​ការពារ​គ្រាប់។ ​ភាគ​ច្រើន​ក្នុង​ភូមិ​គេ​ជីក​គ្រប់គ្នា​ដោយសារ​ភ័យ​ខ្លាច​អញ្ចឹង។ យើង​ត្រៀម​តែ​ម្ហូប​អាហារ​សម្លៀក​បំពាក់​ចាំ​បាច់​ហ្នឹង។​ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ ព្រោះ​យើង​ជា​អ្នក​រកស៊ី។ ​ប្រជាជន​ក៏​មាន​ការ​ភ័យ​ខ្លាច​ដែរ»។​

ចំណែក​ឯ​អ្នកស្រី​គឹម ថា ​ស្ត្រី​មាន​កូន​បួន​នាក់​ រស់​នៅ​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះ​វិហារ ​ចម្ញាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះ​វិហារ ​ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ។​

«យើង​អត់​ទាន់​មាន​គេ​ប្រាប់​ឱ្យជម្លៀស​ដូច​ថៃ​ទេ។​ ប៉ុន្តែប្រធាន​មណ្ឌល​តាម​ភូមិ​ គេ​ប្រាប់​ឱ្យ​ប្រុង​ប្រយ័ត្ន​ ឱ្យ​ទុកដាក់​របស់​ណា​ដែល​ត្រូវ​ទុក​ដាក់។​ ខ្ញុំ​ត្រៀម​រួច​ហើយ​ ដូចជា​ស្បៀងអាហារ​ កន្ទេល​ មុង ភួយ​សម្រាប់​កូន​ចៅ​ដេក។ ​ខ្ញុំ​ភ័យ​ណាស់​ ព្រោះ​មាន​កូន​ចៅ​ ឥវ៉ាន់​នៅ​ពេញ​ផ្ទះ»។​

ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន​មួយ​ចំនួន​ទៀត​ដែល​វីអូអេ​ ខេមរភាសា​ បាន​សម្ភាសន៍​ក៏​បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ។​

សាលដីការបស់​តុលាការ​អន្តរជាតិ​លើ​ករណី​ប្រាសាទ​ព្រះ​វិហារ​នឹង​ប្រកាសនៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់​នៅ​ថ្ងៃ​ច័ន្ទ​ទី​១១​ វិច្ឆិកា​សប្តាហ៍​ក្រោយ។​ ជម្លោះ​លើ​កម្មសិទ្ធិ​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ និង​ក្រោយ​មក​ជម្លោះ​លើ​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​ដែល​នៅ​ជាប់​នោះ​ បាន​អូស​បន្លាយ​យ៉ាងរ៉ាំរៃ​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ ​ជម្លោះ​នេះ​បាន​នាំឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នាផ្នែក​ប្រដាប់​អាវុធ​ជា​ច្រើន​ដង ​ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ លំនៅដ្ឋាន​ពលរដ្ឋ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​ និង​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំ​ដែន​ប្រទេស​ទាំង​សង​ខាងត្រូវ​ជម្លៀសចេញ ​និង​ធ្វើ​ឱ្យ​រង្គោះ​រង្គើរ​ទំនាក់ទំនង​ការ​ទូត​និងពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​សង​ខាង។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​លោក​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​លោក​ឧត្តម​សេនីយ៍​ទោ ស្រី​ ឌឹក មេ​បញ្ជាការ​កង​ពល​តូច​អន្តរាគមន៍​លេខ​១២​ ប្រចាំ​ប្រាសាទ​ព្រះ​វិហារ ​តែ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ប៉ុន្តែ​លោក​ប៉ែន ឆេង ​ទាហាន​ម្នាក់ប្រចាំ​នៅ​វរសេនាតូច​៣៧៥​នៅ​តំបន់​តាថាវ ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះ​វិហារ ​ថ្លែង​ថា​ ទោះ​បី​សភាព​ការណ៍នៅ​តាម​បណ្តោយ​ព្រំដែនមាន​លក្ខណៈ​ធម្មតា​ ក៏​ប៉ុន្តែ​ទាហាន​ភាគី​ទាំង​សងខាង​មាន​ការ​ប្រុងជើង​ការ​ជាប់​ជានិច្ច​ដែរ។​

«ឥឡូវ​នេះ​ស្ថានការណ៍​អត់​មាន​អ្វី​ប្រែប្រួល​ទេ​គឺ​ធម្មតាៗ​ទេ។ ​គ្រាន់តែ​ពីរ​បីថ្ងៃ​នេះ ថ្នាក់​លើ​ឱ្យ​យើង​ត្រៀម​ មិន​ឱ្យ​ដើរ​ទៅ​ណា។​ កងទ័ព​យើង​តែង​តែ​ត្រៀម​រហូត។​ ទាហាន​ទាំង​សងខាងមាន​ទំនាក់ទំនង​គ្នា​និង​ហូប​បាយ​សាមគ្គី​គ្នា​តាម​ទិសដៅ​នីមួយៗ​អញ្ចឹង​ដែរ។​ ពុំ​ទាន់​មាន​ការ​ចល័ត​ទ័ព​ទេ»។​

យ៉ាង​ណា​ក៏​ដោយ ​លោក​នាយករ​ដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​តាម​ទូរទស្សន៍​ជាតិ​កាល​ពី​យប់​ម្សិលមិញ​ថា ​ភាគី​ទាំង​សង​ខាង​នឹងគោរព​តាម​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ ​និង​ព្យាយាម​អត់​ធ្មត់​រៀងៗ​ខ្លួនដើម្បី​រក្សា​សន្តិភាព​ និង​ស្ថិរភាព​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ។​

«ខ្ញុំ​ និង​លោក​ជំទាវ​យីងឡាក់ស៊ីនណាវាត់មាន​ជំហរ​ស្របគ្នា​ថា​ បើ​ទោះ​បី​ជា​សាលដីកា​តុលាការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ចេញ​មក​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប្រទេស​ទាំង​ពីរ​ត្រូវ​គោរព​តាម​សេចក្តី​សម្រេច​នេះ​ ហើយ​ខិតខំ​រក្សា​ឱ្យ​ខាង​តែ​បាន​នូវ​សន្តិភាព ​និង​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន»។ ​

យ៉ាង​ណា​ក៏​ដោយ​ តាម​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​ឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ថៃ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក៏​មាន​ការ​ប្រុង​ជើង​ការ​ខ្ពស់​និង​មាន​ជីក​លេណដ្ឋាន​ដូច​ខាង​កម្ពុជា​ដែរ។​

លោក​កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ថ្លែង​ថា​ ភាគី​កម្ពុជាត្រៀម​ខ្លួនជា​ស្រេច​ក្នុង​ការ​ទទួល​យក​លទ្ធផល​នៃ​សាល​ដីកា​នេះ​ និង​ជៀស​វាង​ការ​ប្រឈម​មុខ​ដោយ​អាវុធ។​
ប៉ុន្តែ​លោក​បណ្ឌិត សុខ ទូច ​សាកលវិទ្យាធិការ​សកល​វិទ្យាល័យ​ខេមរៈ​ បារម្ភ​ថា​ ជម្លោះ​ប្រាសាទ​ព្រះ​វិហារ​អាច​នឹងបញ្ឆេះ​ឡើង​ជា​ថ្មី​ បន្ទាប់​ពី​ការ​ប្រកាស​សាល​ដីកា​នេះ ​ដើម្បី​ប្រយោជន៍​នយោបាយ​ណា​មួយ។​

«មាន​បញ្ហា​ពីរ។ ​ទីមួយ​ថៃ​កំពុង​មាន​វិបត្តិ​ផ្ទៃ​ក្នុង​ដែល​ទាក់ទង​នឹង​សេចក្តី​ស្នើច្បាប់​លើក​លែង​ទោស​អ្នក​នយោបាយ ​ ឯ​កម្ពុជា​ក៏​មាន​វិបត្តិ​ផ្ទៃ​ក្នុង​ដូច​គ្នា។ ខ្ញុំ​ខ្លាច​អ្នក​នយោបាយ​បង្វែរ​បញ្ហា​នេះ​ឱ្យ​ទៅ​ជា​បញ្ហា​ជាតិនិយម​រៀង​ខ្លួន​ដើម្បី​បំភ្លេច​វិបត្តិ​ផ្ទៃ​ក្នុង ​ហើយ​រុញ​បញ្ហា​នេះ​ចូល​ក្នុង​សង្គ្រាម​ប្រាសាទ​ព្រះ​វិហារ»។​

ប៉ុន្តែ​លោក​ហ៊ុន សែន​ក៏​បានអំពាវ​នាវឲ្យ​កងកម្លាំង​ប្រដាប់​អាវុធគ្រប់​ប្រភេទ​ដែល​កំពុង​បំពេញ​ភារកិច្ច​ការ​ពារ​ព្រំដែន ​រក្សា​ភាព​ស្ងប់ស្ងាត់ ​ប្រកាន់​ការ​អត់​ធ្មត់ ​និង​ជៀសវាង​សកម្មភាព​ទាំង​ឡាយ​ណាដែល​បង្ករ​ភាព​តានតឹង​និង​ការប៉ះ​ទង្គិច​គ្នា​ជាយថាហេតុ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG