ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មុនតុលាការ​អន្តរជាតិ​បកស្រាយ​អំពី​ដីព្រំដែន​ប្រាសាទ​ព្រះវិហារ ​លោក​ហ៊ុន សែន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងៀម

  • សុខ ខេមរា

តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​គ្រោង​នឹង​សម្រេច​បកស្រាយ​រឿង​ក្តីប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ខាង​មុខ​ចំពោះការ​ប្រទាញ​ប្រទង់​គ្នា​រឿង​ដី ក្បែរ​តំបន់​ប្រាសាទ​​ព្រះវិហារ​ដែល​កម្ពុជា​និងថៃ​បានអះអាង​ថា​ ជា​កម្មសិទ្ធិ​រៀងៗ​ ខ្លួន។
លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ឲ្យ​ប្រកាន់​ជំហរ​សន្តិភាព ​មុន​ពេល​តុលាការ​អន្តរជាតិ​បកស្រាយ​សាលដីការ​អំពី​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ ​ដោយ​អះអាង​ថា​ កម្ពុជា​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បក​ស្រាយនោះ​ ដើម្បី​សន្តិភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំង​ពីរ។​

«គឺក្នុង​ប្រការ​នេះ​ហើយ​ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ និង​លោក​ជំទាវ​យីងឡាក់ ស៊ីណា វ៉ាត់ ​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៃ​ព្រះរាជា​ណាចក្រ​ថៃ ​មាន​ជំហរ​ស្រប​គ្នា​ថា​ បើ​ទោះបី​សាល​ដីការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ទី១១​ខែ​វិច្ចិកា ​ឆ្នាំ​២០១៣ខាង​មុខ​នេះ​ ចេញ​មក​បែបណា​ក៏ដោយ​ ក៏​ប្រទេស​ទាំង​ពីរ​ត្រូវតែ​គោរព​តាម​សេចក្តី​សម្រេច​នេះ​ ហើយ​ខិតខំ​រក្សា​ឲ្យខាង​តែបាន​នូវ​សន្តិភាពនិង​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន»។​

លោកហ៊ុន សែន​ថ្លែង​ដូច្នេះ​ទៅកាន់​ប្រជាជាតិ​កាលពី​យប់ថ្ងៃ​អង្គារ​តាម​រយៈ​ទូរ ទស្សន៍​ជាតិកម្ពុជា។​

តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​គ្រោង​នឹង​សម្រេច​បកស្រាយ​រឿង​ក្តីប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ខាង​មុខ​ចំពោះការ​ប្រទាញ​ប្រទង់​គ្នា​រឿង​ដី ក្បែរ​តំបន់​ប្រាសាទព្រះវិហារ​ដែល​កម្ពុជា​និងថៃ​បានអះអាង​ថា​ ជា​កម្មសិទ្ធិ​រៀងៗ​ ខ្លួន។​ ទំនាស់នេះ​បានធ្វើ​ឲ្យមាន​ការ​តានតឹង​និង​វាយ​ប្រហារ​គ្នា​ជាច្រើន​លើក​ រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ​ចាប់តាំង​ពីខែ​កក្កដា​ឆ្នាំ២០០៨​មក​ ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ​របួស​ ចាកចេញ​ពីផ្ទះ​សម្បែង​ និង​ប៉ះពាល់​ដល់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។​

បញ្ហា​មិន​ឈ្នះ​មិនចាញ់​និង​ការ​ដែល​មិន​អាច​រកដំណោះ​ស្រាយ​បាន​នេះ​ហើយ​ដែល​ធ្វើឲ្យ​តុលាការ​អន្តរជាតិ​សុខចិត្ត​ទទួល​យក​សំណើរបស់​កម្ពុជា​ដើម្បី​បកស្រាយ​សាលដីការ​ឆ្នាំ​១៩៦២​ឡើង​វិញ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ថា​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​យន្តការ​ដែល​អាច​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី​ រវាង​កម្ពុជា​និង​ថៃ ​ដែល​មិន​អាច​ដោះ​ស្រាយ​ជាមួយ​គ្នា​បាន​នោះ។​

«ការ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​ឲ្យតុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយសាល​ដីការ​ឆ្នាំ​១៩៦២​នេះ​គឺ​មិនមែន​ដុត​បំពក់​បន្ថៃម​នូវ​ជម្លោះ​ឬ​ដើម្បី​មហិច្ឆតា​ ដណ្តើម​ទឹកដី​ពី​ប្រទេស​ជិត​ខាង​នោះ​ទេ។​ ផ្ទុយ​ទៅវិញ ​រាជ​រដ្ឋាភិបាល​យល់​ថា​ ចំណាត់​ការនេះ​គឺជា​មធ្យោបាយ​មួយ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​និង​ចាំបាច់​បំផុត​ ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​អាច​ឈាន​ទៅ​បញ្ចប់​បញ្ហា​នេះ​បាន​ប្រកប​ដោយ​សន្តិវិធី​ ក្នុង​ស្មារតី​នៃ​ការ​គោរព​ច្បាប់​អន្តរជាតិ ​ការ​គោរព​អធិបតេយ្យ​ភាព​ជាតិ​ និង​បូរណភាព​ទឹកដី​ទៅវិញ​ទៅមក ​និង​ការ​រក្សា​ទំនាក់​ទំនង​ជា​អ្នក​ជិតខាង​ល្អ»។​

ថ្លែង​ទៅកាន់​ប្រជាជាតិ​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា ​លោក​ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ជៀស​ការ​ប៉ះទង្គិច​ជាមួយ​ថៃ​ ទាំង​យោធា​និង​ប្រជាពលរដ្ឋ។​

«ក្នុង​ន័យ​នេះ​ ខ្ញុំព្រះ​ករុណា​ខ្ញុំសូម​អំពាវ​នាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ព្រំដែន​ សូម​រក្សា​ភាព​ស្ងប់​ស្ងាត់​ ប្រកាន់​ការ​អត់ធ្មត់​និង​ចៀស​វាង​សកម្មភាព​ទាំងឡាយ​ណា​ ដែល​អាច​បង្ក​ភាព​តានតឹង ​ឬ​ប៉ះ​ទង្គិច​គ្នា​ជាយថា​ហេតុ»។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ បាន​សាទរ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​ចាត់​ទុក​ថា​ ជារឿង​សមរម្យ​ និង​បង្ហាញ​ពី​ភាព​ចាស់​ទុំ​នៃ​ប្រជាជាតិ​ដែល​មិន​ប្រើ​កម្លាំង​ដោះស្រាយ​ តែ​ប្រើច្បាប់​ដោះ​ស្រាយ។​

«ប្រសិន​បើយើង​មាន​អរិភាព​ជា​មួយ​ថៃ​ ហើយ​គ្រាន់តែ​ថៃ​បិទ​ព្រំដែន​ខ្លះៗ ​ក៏យើង​មាន​ការ​លំបាក​ ឬ​មួយ​ក៏​គេ​បញ្ឈប់​ការងារ​របស់​បងប្អូន​ខ្មែរ​យើង​រាប់​សែននាក់​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ ហើយ​យើង​ត្រឡប់​មក​វិញ​ ក៏យើង​លំបាក​ច្រើន​ដែរ។ ​ហើយ​យើង​នៅ​មាន​បញ្ហា​ព្រំដែន​ទឹក។ ​យើង​មាន​ធនធាន​ធម្មជាតិ​ក្រោម​ទឹក​សមុទ្រ​ហ្នឹង​ ដែល​ត្រូវ​ចរចា​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​និង​កំណត់​ព្រំដែន​ឬ​ក៏គម្រោង​ការ​អភិវឌ្ឍ​រួមគ្នា»។​

ថ្លែង​ក្នុង​កម្ម​វិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោកម៉ុងហៃ​បាន​បន្ត​ថា​ កម្ពុជា​គួរ​សុខចិត្តទទួល​យក​លទ្ធផល​របស់​តុលាការ​ តែ​មិន​ត្រូវ​បន្តុះ​បង្អាប់​ថៃ​ទេ​ ក្នុងលក្ខខណ្ឌ​ដែល​យើង​ឈ្នះ។​

«យើង​ត្រូវតែ​សុខចិត្ត​ទទួល​ស្គាល់​ ឬ​មួយ​ក៏យើង​អរ​សប្បាយ ​ប្រសិន​បើ​ជា​យើង​បាន​ឈ្នះ​រឿង​ក្តី​នេះ។​ ហើយ​បើចាញ់​ ក៏យើង​សុខចិត្ត​ទទួល​ទៅ​របៀប​ជាអ្នក​មាន​គំនិត​ចាស់​ទុំ ​ហើយក៏​ក្នុង​កាលៈទេសៈ​ប្រទេស​សព្វថ្ងៃនេះ​ និង​ទៅ​អនាគត​ទៀត​ យើង​ត្រូវតែ​ចៀសវាង​នូវ​អរិភាព​ជាមួយ​នឹង​ប្រទេស​ជិតខាង»។​

កម្ពុជា​ដឹកនាំ​ដោយ​សម្តេចឳ​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​បាន​ដណ្តើម​យក​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ពីការ​កាន់កាប់​របស់​ថៃ​កាល​ពីថ្ងៃ​ទី១៥​ខែ​មិថុនា​ ឆ្នាំ​១៩៦២​ ដោយ​ឈ្នះក្តីនៅ​តុលាការ​ក្រុង​ឡាអេ។​ ហើយ​ការ​ចុះបញ្ជី​ប្រាសាទ​ ព្រះវិហារ​ចូល​ទៅ​ក្នុង​បេតិកភ័ណ្ឌវប្បធម៌​ពិភព​លោក​ កាលពី​ថ្ងៃ៨ខែ​កក្កដា​ ឆ្នាំ​២០០៨​នោះ​ បាន​ធ្វើឲ្យ​ប្រទេស​ថៃ​មិន​សប្បាយចិត្ត។ ​

ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ដែល​មាន​ប្រវែងជាង​៨០០​គីឡូម៉ែត​នោះ​ មិនទាន់​ដោះស្រាយ​រួច​ និង​មិន​ទាន់​បាន​កំណត់​ព្រំដែន​ច្បាស់លាស់​ទាំងអស់​នៅ​ឡើយ​ទេ។​ បញ្ហា​បច្ចេក​ទេស ​និង​ការ​ប្រើប្រាស់​រឿង​នេះ​ជា​ឧបករណ៍​ដើម្បី​បំផុស​បញ្ហា​ជាតិ​និយម​ និង​កេង​ចំណេញ​នយោបាយ​ក្នុង​ប្រទេស​ទាំងពីរ ​ត្រូវ​គេ​គិត​ថា​ ជា​ការ​រួម​ចំណែកធ្វើ​ឲ្យបញ្ហា​វិវាទ​ព្រំដែន​នេះ​មិន​អាច​ដោះស្រាយ​បាន​នៅ​ឡើយ​ ហើយ​ចេះ​តែ​បន្ត​មាន​បញ្ហា​វិវាទ​ព្រំដែន​រាប់​សិប​ទសវត្សរ៍​មក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG