ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​-ថៃ​យល់​ព្រម​បង្កើន​ពាណិជ្ជកម្ម​និង​សន្តិសុខ

  • ទីភ្នាក់ងារ​ អេភី

មន្ត្រី​ក្រសួង​​ការ​បរទេស​​ខ្មែរ​​ប្រជុំ​អំពី​បញ្ហា​ព្រំដែន​ជាមួយថៃ ​(ថ្ងៃ​២៧​ឧសភា​ ​ឆ្នាំ​​២០១៣)​
កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ​ដើម្បី​អភិវឌ្ឍន៍​តំបន់​ព្រំដែន​រយៈពេល​មួយថ្ងៃ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​បានសម្រេច​ជំរុញ​ការលក់​ផលិតផល​ពី​ប្រទេស​កម្ពុជា​ កែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ ​ជំរុញ​ការអភិវឌ្ឍ​ថាមពល​អគ្គិសនី​ និង​លើកកម្ពស់​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន។

លោក ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​រួម​ក្រោយពី​កិច្ចប្រជុំ​នេះ​ថា ​ប្រទេស​ថៃ​និង​គោរព​តម្លៃ​ទីផ្សារ​នៅក្នុង​ការ​ទិញ​កសិផល​ពី​ប្រទេស​កម្ពុជា។

លោក​ថ្លែងថា៖ «ប្រទេស​ថៃ​បាន​យល់ស្រប​ទទួល​ទិញ​កសិផល​របស់​ប្រជាជន ​ជា​ពិសេស​ពោត ​និង​ដំឡូងឈើ តាម​តម្លៃ​ទីផ្សារ​ដោយ​មិនមាន​ការរិត​ត្បិត ​និង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តបន្ទាយមានជ័យ ​និង​ខេត្តកោះកុង»។

ក្រៅពីនោះ​លោក ហោ ណាំង​ហុង ​បាន​រៀបរាប់​ទៀតថា​ប្រទេស​ទាំងពីរ​នឹង​សិក្សា​នូវ​លទ្ធភាព​បើក​ច្រកព្រំដែន​មួយ​នៅ​តំបន់​ស្ទឹងបទ ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ​ហើយ​នឹង​រក្សា​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សម្រាប់​ជា​ច្រកចេញចូល​ទេសចរណ៍។

មួយវិញ​ទៀត​នៅក្នុង​កិច្ចប្រជុំ​នោះ ​ភាគី​ថៃ​បាន​សន្យា​ថា ​នឹង​ជួយ​កសាង​ផ្លូវជាតិ​លេខ៤៨ ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​បួន ​មកកាន់​ខេត្តកោះកុង​ រួម​ទាំង​ជួយ​កែសម្រួល​ផ្លូវជាតិ​លេខ៥ ​និង​លេខ៦ ដែលជា​ផ្លូវជាតិ​យ៉ាងសំខាន់​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា។

ក្រៅពីនោះ​ប្រទេស​ថៃ​និង​លក់​អគ្គិសនី​ចំនួន២២​គីឡូវ៉ុល​សម្រាប់​ខេត្តកោះកុង​ ប៉ៃលិន ​បាត់ដំបង​ បន្ទាយមានជ័យ​ និង​ឧត្តរមានជ័យ​ផង​ដែរ​ស្រប​ពេល​ដែល​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​កម្លាំង​ថាមពល​១.៨០០​មេហ្គាវ៉ាត់។

ជាមួយគ្នា​នេះ​ប្រទេស​ថៃ​បាន​ព្រមព្រៀង​ថា​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលទៅ​ព្យាបាល​នៅក្នុង​ទឹកដី​របស់​ខ្លួន​ហើយ​ថៃ​ក៏​នឹង​ជួយ​បណ្តុះ​បណ្តាល​គ្រូពេទ្យ​និង​បំពាក់​សម្ភារៈ​សុខាភិបាល​ទៅដល់​មន្ទីរពេទ្យ​កម្ពុជា​នៅតាម​ព្រំដែន​ផងដែរ។

លោក ហោ ណាំហុង ​បញ្ជាក់​បន្ថែម​ថា​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បើក​ច្រក​អន្តរជាតិ​ចំនួន​៤​បន្ថែម​ទៀត។

លោកបន្ថែមថា៖ «យើង​បាន​ឯកភាព​បង្កើត​ច្រក​អន្តរជាតិ​៤​ទៀត ​គឺ​នៅ​ខេត្តព្រះវិហារ ​បាត់ដំបង ​ពោធិ៍សាត់ ​និង​ខេត្ត​ឧត្តរមានជ័យ»។

ប្រទេស​កម្ពុជា​និង​ថៃ​មាន​អរិយភាព​ជុំវិញ​បញ្ហា​ព្រំដែន​ចាប់តាំងពី​ឆ្នាំ២០០៨​មក​ម្ល៉េះ​បន្ទាប់​ពីប្រទេស​ថៃ​បានដាក់​កងទ័ព​ចូលលុកលុយ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ​ហើយ​រហូតពេលនេះ​នៅតែ​មិនទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ។

លោក Surapong Tovichakchaikul​រដ្ឋមន្ត្រី​ការបរទេស​បាន​ថ្លែង​ដោយ​សុទិដ្ឋិ​និយម​ក្រោយ​ពី​កិច្ចប្រជុំ​នេះ​តាមរយៈ​អ្នកបកប្រែ​ថា៖ «ដោយសារតែ​យើង​មាន​ជំនឿ​ជឿជាក់​រួមគ្នា​ថា​ភាគី​ទាំងពីរ​តទៅនេះ ​ព្រំដែន​ថៃ​និង​កម្ពុជា​នឹង​ក្លាយ​ទៅជា​ព្រំដែន​នៃ​សន្តិសុខ ​មិត្តភាព ​និង​ភាពរុងរឿង​យ៉ាង​សុខសាន្ត»។

យ៉ាងណា​ក៏ដោយ​កិច្ចប្រជុំ​ទ្វេភាគី​នេះ​មិនបាន​លើក​ពី​បញ្ហា​ព្រំដែន​មក​ជជែក​គ្នា​នោះទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG