ភ្នំពេញ៖ ប្រទេសថៃនៅថ្ងៃពុធនេះបានប្រកាន់ជំហរថាអ្វីដែលខ្លួនបានធ្វើកន្លងមកជុំវិញជម្លោះនៅតំបន់ប្រាសាទព្រះវិហារដែលមានវ័យចំណាស់ជាង៩០០ឆ្នាំគឺជាការប្រើប្រាស់សិទ្ធិការពារខ្លួនទៅតាមច្បាប់អន្តរជាតិ។
នៅក្នុងការឡើងឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីកម្ពុជាកាលពីថ្ងៃច័ន្ទ លោក វីរ៉ាឆៃ ផ្លាសៃ ឯកអគ្គរាជទូតថៃប្រចាំទីក្រុងឡាអេ បាននិយាយថាអស់រយៈពេលពាក់កណ្តាលសតវត្សរ៍មកនេះកម្ពុជាមិនដែលជំទាស់នឹងខ្លឹមសារនៃសាលក្រមហើយបានទទួលស្គាល់មកទល់ពេលនេះអំពីសកម្មភាពដំបូងរបស់ខ្លួនក្នុងតំបន់នេះដែលខ្លួនទើបតែទាមទារនាពេលថ្មីៗនេះ ដែលទើបតែចាប់ផ្តើមនៅឆ្នាំ១៩៩៨ដោយមានការសាងសង់វត្តនៅទីនោះ។
លោកបាននិយាយថានៅដើមឆ្នាំ២០០០ ការទន្ទ្រានជាបន្តបន្ទាប់ត្រូវបានសម្គាល់ឃើញថា ហួសពីខ្សែបន្ទាត់ដែលសម្រេចដោយគណរដ្ឋមន្ត្រីនៅលើទឹកដីថៃ និងដោយរំលោភលើ
មាត្រា៥នៃអនុសារណៈយោគយល់ឆ្នាំ២០០០។
លោកបានបញ្ជាក់ថាវាជាសកម្មភាពមិនស្របច្បាប់ដែលធ្វើឱ្យអស្ថិភាពដល់ដំណើរការចរចាអនុស្សារណនៃការយោគយល់គ្នានេះហើយការណ៍នេះបានធ្វើឱ្យមានការតវ៉ាជាបន្តបន្ទាប់នៅប្រទេសថៃហើយដោយសារភាតរភាពអាស៊ាន ប្រទេសថៃបានខិតខំបង្ហាញពីការអត់ធ្មត់ជាអតិបរិមារបស់ខ្លួនដោយប្រើប្រាស់យន្តការបន្ថែម ដោយរួមទាំងការប្រើប្រាស់គណៈកម្មការព្រំដែនរួមដែលបង្កើតឡើងដោយអនុស្សារណៈជាដើម។
«បន្ទាប់ពីការចរចាដោយសុច្ចរិតបានបរាជ័យជាបន្តបន្ទាប់មក ប្រជាជនថៃបានប្រតិកម្មនិងបង្កើនការតវ៉ារបស់ពួកគេទៅនឹងការរំលោភអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ពួកគេ។ នេះគឺជាដើមហេតុពិតប្រាកដនៃជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ ដែលអ្វីទាំងអស់សុទ្ធតែបង្កឡើងដោយភាគីកម្ពុជា។ អ្វីទាំងអស់ដែលថៃបានធ្វើកន្លងមកគឺប្រើប្រាស់សិទ្ធិការពារខ្លួនក្រោមច្បាប់អន្តរជាតិ»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃច័ន្ទបានចោទ ប្រកាន់ប្រទេសថៃថាការស្នើសុំឱ្យមានការបកស្រាយសាលក្រមនេះគឺបានកើតចេញពីការឈ្លានពានដោយយោធាថៃមកលើ កម្ពុជាដែលកាលនោះដឹកនាំដោយលោកនាយករដ្ឋមន្ត្រី អាភីស៊ីត វីចាជីវ៉ា។
លោកហោ ណាំហុងបាននិយាយថានៅតាមព្រំប្រទល់ដែននៃប្រទេសទាំងពីរនៅលើតំបន់ប្រាសាទ ព្រះវិហារពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១ចាប់ពីពេលដែលកម្ពុជាបានទទួល ជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីរបស់បេតិកភណ្ឌ ពិភពលោករបស់អង្គការយូនីស្កូ។
លោកបាននិយាយទៀតថាចំណុចចាប់ផ្តើមនៃឧបទ្ទវហេតុផ្ទុះអាវុធអស់ទាំង នេះគឺជាចំណុចចាប់ផ្តើមនៃការទាមទារដីទំហំ៤,៦គមនៅតំបន់ក្បែរប្រាសាទ ព្រះវិហារ។លោកបានបញ្ជាក់ថាប្រទេសថៃហាក់បីដូចជាភ្លេចពីការ វាយប្រហារផ្នែកយោធាទាំងអស់មកលើកម្ពុជាដែលមានអាវុធអន់ខ្សោយពី ឆ្នាំ២០០៨ដល់ឆ្នាំ២០១១ដែលបានបង្កវិនាសកម្ម ធ្វើឱ្យខូចខាតលើតួរប្រាសាទ ក៏ដូចជាបង្កឱ្យមានរបួសការបាត់បង់អាយុជីវិតមនុស្សក្រោយពីការឈ្លាន ពានដោយយោធាទាំងអស់នេះ។
មេធាវីការពារឱ្យភាគីថៃបាននិយាយថាកម្ពុជាបានប្រើប្រាស់សេចក្តីប្រកាសមិនត្រឹមត្រូវជាច្រើន ដោយយោងតាមភស្តុតាងផ្សេងៗរួមទាំងផែនទីឧបសម្ព័ន្ធទី១ផងដែរ។
«នេះគឺជាការក្លែងបន្លំអនុសញ្ញាឆ្នាំ១៩០៣និង១៩០៤»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាលាយលក្ខអក្សររបស់ក្រុមមេធាវីថៃដែលវីអូអេទទួលបាន៕