ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​៧ភាគរយ​ក្នុង​ឆ្នាំ ២០១៩


រូបឯកសារ៖ សំណង់​​អគារ​ខ្ពស់ៗ​ ​ក្នុង​ខណ្ឌ​ចម្ការមន​ រាជធានី​ភ្នំពេញ​​ នៅ​​ខែឧសភា​ ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

ធនាគារ​ពិភពលោក​ថា​ កម្ពុជា​គួរ​ពិចារណា​លើ​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ ដែល​ជាផ្នែក​មួយ​អាចធ្វើ​ឲ្យបរិយាកាស​ធ្វើ​ជំនួញ​ប្រសើរ​ឡើង​ដើម្បី​ប្រកួត​ប្រជែង​។

ធនាគារ​ពិភព​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង «ទ្រោមចុះ​ខ្លំាង» ប្រសិន​បើ​ពិត​ជា​មាន​ការ​ដក​ជា​បណ្តាះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព អឺរ៉ុប​មក​លើ​ទំនិញ​នាំ​ចេញ​កម្ពុជា ​ ហើយបើ​ជម្លោះ​ពាណិជ្ជកម្មរវាង​ចិន​ ​និង​សហរដ្ឋ​អាមេរិក​នៅបន្ត​អូស​បន្លាយនោះ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​រដ្ឋាភិបាល​កំពុង​ព្យាយាម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធនោះ។​

ធនាគារ​ពិភព​លោក​នៅថ្ងៃ​ព្រហស្បត្តិ៍​នេះ​បាន​ព្រមាន​ពី​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​អាច​ទាញ​ទម្លាក់​ដោយការ​ដក​ហូតសិទ្ធិ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ទៅ​កាន់​ទ្វីប​អឺរ៉ុប និង​អាច​បណ្តាល​មក​ពី​ការ​ផល​វិបាក​នៃវិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​កើត​ចេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

ក្នុង​របាយការណ៍​ដែល​បង្ហាញ​ក្នុង​សន្និសិទ​សារព័តមាន​នៅថ្ងៃ​នេះ​ធនាគារ​ពិភពលោក ទស្សន៍​ទាយ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​រំកិល​ធ្លាក់​ពី​កំណើន​៧,៥​ភាគ​រយ​នៅឆ្នាំ​២០១៨ មក​ត្រឹម​៧​ភាគរយវិញ​សម្រាប់​ឆ្នាំ​២០១៩​នេះ។

​របាយការណ៍​បញ្ជាក់​ថា​ការ​ស្រុត​ចុះ​កំណើន​សេដ្ឋកិច្ច​នេះ ​បណ្តាល​មក​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​អនុគ្រោះ​ពន្ធចូល​ទីផ្សារ​អឺរ៉ុប គឺអ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ ឬ EBA និង​ការ​ស្រុត​ចុះយ៉ាង​គំហុកណាមួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពីសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក។

​ទោះជា​យ៉ាង​នេះ​ក្តី​របាយការណ៍​របស់​ធានាគា​ពិភព​លោក​បញ្ជាក់​ថាវិស័យ​នាំចេញ​របស់​កម្ពុជា​ថ្វីដ្បិត​តែ​ស្រុត​បន្តិច​ក្តី ប៉ុន្តែ​វិស័យ​នេះ​នៅតែ​ខ្លាំង ដំណាល​គ្នា​នឹង​វិស័យ​សំណង់​នៅ​តែ​បន្ត​លូត​លាស់។

​ទីផ្សារ​សហភាព​អឹរ៉ុប​ស្រូបយក​៤០ភាគរយ​នៃផលិត​ផល​នាំ​ចេញ​ពីកម្ពុជា។

ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួនក្នុងន័យដើម​ថា​៖«ការដក​ចេញ​នូវ​ប្រព័ន្ធ​ EBA​ ប្រសិនបើ​កើត​ឡើង​មែន​ និងការ​ធ្លាក់​ចុះ​គំហុក​របស់​សេដ្ឋកិច្ច​ចិន​ (ដែល​មក​ពី​ការ​អូស​បន្លាយ​នៃភាព​តាន​តឹង​ ​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​) អាច​ធ្វើ​ឲ្យ​លទ្ធ​ភាព ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ទ្រោម​ចុះ​ខ្លាំង​ នៅ​ពេល​ដែល​សេដ្ឋ​កិច្ច​នេះ​កំពុង​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ ទៅលើ​ការ​នាំ​ចេញ​ទៅ​កាន់ទីផ្សារ​សហភាព​អឺរ៉ុប​ និង​ទៅលើ​ការ​ហូរ​ចូល​របស់​ទុន​វិនិយោគ​ផ្ទាល់ និង​ភ្ញៀវ​ទេសចរ​ពីប្រទេស​ចិន​»។

លោក​ផៃ ​ស៊ីផាន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កម្ពុជា​ បន្ត​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​ ពាក់​ព័ន្ធទៅនឹង​ការ​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ EBA​។ ​

«EBA​ គឺ​ជា​ផល​ចំណេញ​របស់​កម្ពុជា​ ក៏ប៉ុន្តែបើ​សិន​ជា​គេ​បង្ខំ​ឲ្យ​កម្ពុជា​បោះបង់​អ្វី​ទៅ​ដែល​អធិបតេយ្យ​ភាព ឬក៏​ឯករាជ្យ អាហ្នឹង​ជា​ផល​ខាត​របស់​កម្ពុជា​ យើង​មិន​អាច​ទទួល​យក​បាន​ទេ​»។

សហភាព​អឺរ៉ុប​បាន​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​ប្រាំមូយ​ខែ ស្តីពី​លទ្ធភាព​ព្យួរ​ EBA ដល់​កម្ពុជា​កាល​ពី​ខែ​សីហា ដោយសារ​តែការ​ដើរ​ថយក្រោយ​របស់​កម្ពុជា​ ក្នុង​ការគោរពសិទ្ធិមនុស្ស​ និងការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិប​តេយ្យ​។​ ហើយ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​សម្រេច​ចុង​ក្រោយនៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ។ ប្រសិន​បើបាត់​បង់​ EBA កម្ពុជា​អាច​នឹង​ខាត​បង់​ប្រាក់​ចំណូល​ប្រមាណ​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

កាល​ពី​សប្តាហ៍​មុន​ប្រតិភូ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា​ ឬហៅថា​ (GMAC)​ បាន​ជួប​ចរចា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​ដើម្បី​ព្យាយាម​រក្សា EBA មិន​ឲ្យ​របូត។

លោក ​Ken Loo ​អគ្គលេខា​ធិការ GMAC​ ប្រាប់​ VOA នៅថ្ងៃ​នេះ​ថាការចរចា​នោះ​មិន​ទាន់​បាន​លទ្ធផល​អ្វី​នៅឡើយ​ទេ។

អ្នកស្រី​ Claire Hollweg សេដ្ឋវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់​ក្រុម​អ្នកកាសែត​ថា ​ដើម្បី​ឲ្យ​កម្ពុជា អាច​ទប់ទល់​នឹង​ស្ថានភាព​លំបាក​ក្នុង​ករណី​មានការ​បាត់​បង់​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុបនោះ​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយនេះ​ ​គួរតែ​ពិចារណា​លើ​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ ដែល​ជាផ្នែក​មួយ​អាចធ្វើ​ឲ្យបរិយាកាស​ធ្វើ​ជំនួញ​មាន​ភាព​ប្រសើរ​ឡើង​ និង​ដើម្បី​ទ្រទ្រង់​របស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

VOA មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ គីម សុភៈ​ នាយក​ខុទ្ធកាល័យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​លោក មាស សុខសេនសាន​ អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​បាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG