ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការពារ​សិទ្ធិ​​​​ជំទាស់​នឹង​ក្រសួង​ប្តូរចិត្ត​លើ​បម្រាម​ការងារ​ចំពោះ​​ជនបរទេស


រូបឯកសារ៖ ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក។ (ស៊ុន ណារិន/VOA)

ក្រសួង​ការងារ ​ពន្យល់​ថា ​ការអនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​មុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ​នេះ​ ដោយសារ​តែ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ និង​ដើម្បី​លើកទឹកចិត្ត​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកការពារ​សិទ្ធិ​ការងារ​និង​សិទ្ធិមនុស្ស​បាន​សម្តែង​ «ការ​ខកចិត្ត‍»​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កែប្រែ​ការសម្រេច​ចិត្ត​ដោយ​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​ប្រកប​មុខ​របរ​មួយ​ចំនួន​ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ការដណ្តើម​ពី​កម្មករ​និង​ពលរដ្ឋ​ខ្មែរ។​

សមាគម​សិទ្ធិមនុស្ស​និង​សហជីព​កម្មករ​ចំនួន​៥៤ដែល​ក្នុងនោះ​មានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​និង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖

«នេះ​មិនមែន​ជា​ការទាក់ទាញ​ការវិនិយោគ​បរទេស​ទេ​តែ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កម្មករ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ប្រកប​មុខ​របរ​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ឬ​កម្មករ​ស្វ័យ​និយោជន៍​ដោយ​ប្រើប្រាស់​លទ្ធភាព​ខ្លួនឯង​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ជាលក្ខណៈ​គ្រួសារ​និង​នៅ​តាម​សហគមន៍​ពួកគេ‍»។​

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ជនបរទេស អាច​ប្រកប​មុខរបរ​រកស៊ី​នៅ​កម្ពុជា​ឡើងវិញ​ជា​ធម្មតា បន្ទាប់ពី​ចេញ​បម្រាម​ហាមឃាត់​មិន​ទាន់​បាន​ពីរ​ខែ​ផង។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃសៅរ៍។

កាលពី​ខែសីហា​ ក្រសួង​បាន​ហាមឃាត់ជន​បរទេស​មិន​ឱ្យ​ប្រកបមុខរបរ​ចំនួន​១០​ប្រភេទ​នៅ​កម្ពុជា ដើម្បី​ការពារ​ទីផ្សារ​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ មុខរបរ​ដែល​ស្ថិត​ក្នុង​បម្រាម​ទាំងអស់​នោះ​រួមមាន​ អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម ការលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរ​ជើង​ ឬ​យានជំនិះ​គ្រប់​ប្រភេទ ម៉ាស្សា និង​ចាប់​សសៃ​តាម​សាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សា​សម្ផស្ស​ សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ប៉ះ​កង់ ជួសជុល​យានយន្ត កាត់ដេរ ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ​ផលិត​ឧបករណ៍​ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប និង​ជាងទង និង​ជាង​ច្នៃ​ត្បូង​ពេជ្រ។

ក្រសួង​ការងារ ​ពន្យល់​ថា ​ការអនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​មុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ​នេះ​ ដោយសារ​តែ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ និង​ដើម្បី​លើកទឹកចិត្ត​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG