ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ងាក​ទៅ​រក​ទីផ្សារ​ចិន​ដើម្បី​នាំ​ចេញ​អង្ករ​ ក្រោយ​អឺរ៉ុប​យក​ពន្ធ


រូបឯកសារ៖ នេះ​ជា​ប្រភេទ​អង្ករ​ដែល​បាន​ដាក់​លក់​នៅ​តូប​មួយ​ក្នុង​ផ្សារ​អូរឫស្សី កាលពី​ថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (VOA)

ការនាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់​ចុះជាង​៣២ភាគ​រយ គិ​ត​មក​ត្រឹម​រយៈ​ពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៩​នេះ ដោយសារ​តម្លៃ​ពន្ធ​ខ្ពស់។ សមាគម​អ្នក​នាំ​អង្ករ​កម្ពុជា​គ្រោង​នឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ឡើងវិញ​អំពី​ការ​យក​ពន្ធ​អង្ករ​កម្ពុជានេះ។

ដោយ​សារ​សម្ពាធ​នៃ​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់សហភាព​អឺរ៉ុប​ បាន​ធ្វើ​ឲ្យ​កម្ពុជាព្យាយាម​ស្វែង​រក​ទីផ្សារ​លក់​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​វិញ។

កាល​ពី​ដើម​ឆ្នាំ២០១៩​នេះ​ សហភាព​អឺរ៉ុប​បាន​សម្រេចយកពន្ធអង្ករ​កម្ពុជា​ចំនួន​១៧០​អឺរ៉ូ ឬ​ស្មើ​នឹងប្រមាណ១៨៥ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ទី​ផ្សារ​អង្ករ​នៅ​អឺរ៉ុប​របស់​ប្រទេស​អ៊ីតាលី។ ​

សម្រាប់​កម្ពុជា តម្លៃ​ពន្ធ​នេះ​ថ្លៃ និង​បាន​ធ្វើ​ឲ្យការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ធ្លាក់​ចុះ​ប្រមាណ​ជា៣២​ភាគ​រយក្នុង​រយៈ​ពេល​៨​ខែ​ នៅ​ដើម​ឆ្នាំ​២០១៩​នេះ។​

លោក ​សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បានប្រាប់​វីអូអេ​តាម​ទូរសព្ទនៅ​ដើម​សប្តាហ៍​នេះ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ផែន​ការ​ពង្រីកទីផ្សារ​នាំ​អង្ករចេញ​ទៅ​កាន់​ប្រទេសចិន​ដើម្បី​បង្ការ​វិបត្តិ​ស្រូវ​អង្ករ​នៅ​ក្នុង​ប្រទេស។

លោក​បាន​ថ្លែង​ថា៖ «អ៊ីចឹង​យើង​បាន​ពង្រីក​ទីផ្សារ​ចិន​បន្ថែម​ សង្ឃឹម​ថា​ទីផ្សារ​ថ្មី​ហ្នឹង​នឹង​បង្កើនឲ្យ​មានការ​ទិញ​ពី​កម្ពុជា​យើង​ ចៀសវាងពី​បញ្ហា​វិបត្តិ​ទីផ្សារ»។

យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​សហភាព​អឺរ៉ុប​ដែ​ល​ធ្លាប់​ជា​ទីផ្សារ​ស្រូប​យក​អង្ករកម្ពុជា​ច្រើន​ជា​ងគេ​លំដាប់​ទីមួយ​ បាន​ធ្លាក់​មក​ជា​ទី​ផ្សារ​លក់​អង្ករ​ធំជាង​គេ​លំដាប់​ទី​២ បន្ទាប់​ពី​ប្រទេស​ចិន​វិញ។

នៅ​ពេល​ដែល​អង្ករ​កម្ពុជាទៅកាន់អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពី​១៧​ម៉ឺន​តោនមក​ត្រឹម១២​ម៉ឺន​តោនក្នុងរយៈ​ពេល​ប្រាំ​បី​ខែ​នៃ​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ពី​៨​ម៉ឺន​តោន​ទៅ​ដល់​១៣ម៉ឺនតោន​ក្នុង​រយៈ​ពេល​ប្រាំបី​ខែ​នៅ​ក្នុង​ឆ្នាំ​នេះ។ ការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​រហូត​ដល់​៥៤​ភាគរយ។

លោក ​សុង សារ៉ន លើក​ឡើង​ថា ​ការ​យកពន្ធ​លើ​អង្ករ​កម្ពុជារបស់សហភាព​អឺរ៉ុប ជា​រឿង​មិន​សម​ហេតុ​ផល។

លោក​បាន​និយាយ​ថា៖ «ការពិត​យើង​មិនចង់ឲ្យ​អង្ករ​យើង​ជាប់ពន្ធ​ដោយ​មិន​សមហេតុ​សមផល​អ៊ីចឹងណា ហ្នឹងហើយ​អ៊ីចឹងហើយ​បាន​ខាង​សហព័ន្ធ​ព្យាយាម​រកទីផ្សារថ្មី ហើយ​និង​រក្សា​ទីផ្សារចាស់»។

ទោះ​យ៉ាង​ណា ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គ្រោង​នឹងជំរុញការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​កើន​ដល់៤០​ម៉ឺន​តោន​សម្រាប់​ឆ្នាំ២០២០។

លោក ​សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា​ប្រតិ​ភូ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​គម្រោង​ចេញ​ទៅ​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប​អំពី​ការ​ទារពន្ធ​លើ​អង្ករ​កម្ពុជា។ ប៉ុន្តែ​លោក​មិន​ទាន់​កំណត់​ពេល​ចេញ​ដំណើរ​នៅឡើយ។

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ចុង​ខែ​សីហា​ថា ​ដោយ​សារ​ការ​កំណត់​ពន្ធលើ​អង្ករ​កម្ពុជា​របស់​សហភាព​អឺរ៉ុប​នេះ ​ប្រជាកសិករ​កម្ពុជា​ជាង​៥០០.០០០​គ្រួសារទទួល​រង​«ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ»។ ​ហើយ​បញ្ហា​ទាំង​នេះ​«ធ្វើ​ឲ្យ​ពួក​គេឈឺ​ចាប់» ​ស្រប​ពេល​ដែល​សហគមន៍​អឺរ៉ុប​កំពុង​ពិចារណា​ដក​នូវ​ប្រព័ន្ធ​កម្មវិធី​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ​(EBA)​នោះ។​

ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ខែ​មិថុនា​ធ្លាប់​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើ​ករណី​អឺរ៉ុប​ដាក់​ពន្ធ​អង្ករ​មក​លើ​កម្ពុជា​នេះដែរ។ ប៉ុន្តែ​វីអូអេ​ទាក់ទង​ អ្នក​នាំពាក្យក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ មិនបាន​នោះ​ទេ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អង្ករ​កម្ពុជា​ដែល​ពេញ​និយម​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ដូចជា ចិន​និង​អឺរ៉ុប គឺ​អង្ករ​សែន​ក្រអូប ដែល​អាច​លក់ក្នុង​តម្លៃ​៧០០​ដុល្លារទៅ៧៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន។

ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាល​ពី​ឆ្នាំ២០១៨​គឺ​ប្រមាណ​៦០ម៉ឺន​តោន ​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​៤៧៥​លាន​ដុល្លារ​អាមេរិក។ គិត​មក​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​២០១៩​នេះ​ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​មាន​តែ​៣៤​ម៉ឺន​តោន​ប៉ុណ្ណោះ ដែល​គិតជា​ទឹក​ប្រាក់​ប្រមាណ​ជា​២៧៥​លាន​ដុល្លារ​អាមេរិក៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG