ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​ព្យាករណ៍​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​​ឆ្នាំ​២០២០​នៅ​តែ​រឹង​មាំ


រូបឯកសារ៖ កម្មករ​សំណង់​កំពុង​ធ្វើការ​នៅការដ្ឋាន​សំណង់​អគារមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ កម្មករ​សំណង់​កំពុង​ធ្វើការ​នៅការដ្ឋាន​សំណង់​អគារមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

សន្ទុះ​នៃ​ផលិផល​សរុប​ក្នុង​ស្រុក​របស់​កម្ពុជាស្ថិត​ក្នុង​អត្រារឹងមាំ គឺ ៦.៨ភាគរយសម្រាប់​ឆ្នាំ​២០២០ ដែល​ថមថយបន្តិច​បើធៀប​នឹង​ ៧ភាគរយ​សម្រាប់​ឆ្នាំ​២០១៩នេះ។

កំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​តែ​រឹង​មាំ​សម្រាប់​ឆ្នាំ​២០២០ ដោយ​សន្ទុះ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ (GDP) ស្ថិត​ក្នុង​អត្រា ៦.៨ភាគរយ ដែល​ថមថយ​បន្តិច​ជាង​សន្ទុះ​៧ភាគរយ ​សម្រាប់​ឆ្នាំ​២០១៩​នេះ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​ឆ្នាំ​២០១៩ (Asian Development Outlook 2019 Update) ដែល​ចេញ​ផ្សាយនៅ​ថ្ងៃទី២៥ ខែ​កញ្ញា​នេះ។

អ្នក​ស្រី Sunniya Durrani-Jamal នាយក​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះផ្សាយ​ថ្ងៃ​ពុធ​នេះ​ថា៖ «សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​រីក​លូតលាស់​ក្នុង​សន្ទុះ​រឹងមាំ ដោយ​សារ​ភាព​រឹង​មាំ​នៃ​វិស័យ​កាត់ដេរ ទេសចរណ៍ និង​សំណង់‍‍»។

ក៏​ប៉ុន្តែ អ្នក​ស្រី​ក៏​បាន​កត់​សម្គាល់​ថា ‍‍«ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ពិពិធកម្ម ឬ​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចំរើន​ពី​គ្រប់​វិស័យ​ដែល​នាំ​មក​នូវ​សេវាកម្ម​និង​ផលិត​ផល​ដែល​មាន​តម្លៃ​ខ្ពស់‍» ដើម្បី​ទប់​ស្កាត់​កត្តា​ប្រឈម​នានា​ដែល​អាច​បណ្តាល​មក​ពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​ក្នុង​សាលក​លោក។

សម្រាប់​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ថា​នឹង​មាន​អត្រា​អតិផរណា​ដដែលដូចឆ្នាំ​២០១៩ ​គឺ​២.៥ភាគរយ ដោយសារ​តម្លៃ​ប្រេង​ឥន្ធនៈ​ទាប ​និង​តម្លៃ​ម្ហូប​កើន​ឡើង​ក្នុង​អត្រា​ទាប​គួរ​សម។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក៏​បាន​កត់​សម្គាល់ថា កម្ពុជា​អាច​នឹង​ជួប​កត្តា​ប្រឈម​ក្នុង​ដំណើរ​ផលិតកម្ម​របស់​ខ្លួន​ដោយសារ​តែ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ គ្រោះ​រាំង​ស្ងួត​ដែល​បាន​កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​ផលិតផល​កសិកម្ម និង​នេសាទ ដែល​បណ្តាល​ឲ្យ​កំណើន​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​ឆ្នាំ​២០១៩ ថយ​ចុះ​ពី ១.៧ភាគរយ មក​ត្រឹម ១.១ភាគរយ៕

XS
SM
MD
LG