ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ងាក​ទៅ​រក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប (EAEU) ខណៈ​ប្រឈម​នឹង​ការ​បាត់បង់ EBA


រូប​ឯកសារ៖ នាយករដ្ឋមន្ត្រី​ទាំង​ប្រាំ​រូបនៃ​សហភាព​អាស៊ីអឺរ៉ុប (EAEU) និង​ប្រធាន​សហភាព EAEU ថតរូបរួម​គ្នា​នៅក្នុង​អំឡុង​កិច្ច​ប្រជំុក្រុមប្រឹក្សា​សហភាពអាស៊ី​អឺរ៉ុបប្រចាំ​ឆ្នាំ នៅទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

នៅ​ខែ​តុលា​ខាង​មុខ​នេះ តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូស្កូ ប្រទេស​រុស្ស៊ី ​ដើម្បី​ចរចា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​មួយ ជាមួយ​នឹង​សហភាព​សេដ្ឋកិច្ច​អាស៊ី​អឺរ៉ុប (EAEU)

ខណៈ​ពេល​ដែលអាច​ប្រឈម​នឹង​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដោយ​មិន​បង់​ពន្ធ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​សម្លឹង​រក​ឱកាស​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​សេរី​មួយ ជាមួយ​សហភាព​សេដ្ឋកិច្ច​អាស៊ី​អឺរ៉ុប ឬ​ហៅ​ថា Eurasian Economic Union (EAEU)។

នៅ​ខែ​តុលា​ខាង​មុខ​នេះ តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូស្កូ ប្រទេស​រុស្ស៊ី ​ដើម្បី​ចរចា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​មួយ ជាមួយ​នឹង​សហភាព​សេដ្ឋកិច្ច​អាស៊ី​អឺរ៉ុប (EAEU) ដែល​មាន​ប្រទេស​ចំនួន​៥ ជា​សមាជិក​រួម​មាន​ប្រទេសរុស្ស៊ី​ ប្រទេស Armenia ប្រទេស Belarus ប្រទេស Kazakhstan និង ប្រទេស Kyrgyzstan។ សហភាព EAEU នេះមាន​តម្លៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំ​រួម​គ្នា​ចំនួន ៥លាន​លាន​ដុល្លារ​អាមេរិក។

សេចក្តី​ប្រកាស​ស្វែង​រក​ឱកាស​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ EAEU នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Ministers summit) ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ដើម​ខែកញ្ញា​កន្លង​ទៅ​នេះ។

យោង​តាម​គំរូ​ដ៏​ជោគជ័យ​របស់​ប្រទេស​វៀតណាម ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ EAEU កាលពី​ឆ្នាំ​២០១៦ កម្ពុជា​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ឱកាស​នាំ​ចេញ​ទំនិញ រួមមាន​អង្ករ សូត្រ ក្រណាត់ និង​បន្លែ ដោយ​មាន​ការ​អនុគ្រោះ​ពន្ធ​ទៅ​កាន់​ប្រទេស​ទាំង​៥ ដែល​ជា​សមាជិក​នៃ​សហភាព EAEU។

សម្រាប់​ប្រទេស​វៀតណាម ក្រោយ​ពី​ចុះ​កិច្ចព្រមព្រៀម​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ EAEU ការ​នាំ​ចេញ​ផលិតផល​របស់​វៀតណាម​ទៅ​កាន់​ប្រទេស​រុស្ស៊ី បាន​កើន​ពី​តម្លៃ​សូន្យ​ដុល្លារ រហូត​ដល់ ១០ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ។

ការ​ទទួល​បាន​កិច្ចព្រម​ព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ EAEU អាច​ជួយ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ជា​ពិសេស​ស្របពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម «រាល់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ‍» ឬ EBA ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG