លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារនេះ បានអំពាវនាវដល់មេដឹកនាំចិនឲ្យរក្សានិងជំរុញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ការអនុគ្រោះពន្ធលើទំនិញទៅសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
នៅក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគចិននៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកហ៊ុន សែន បានផ្ដាំតាមរយៈក្រុមអ្នកជំនួញទាំងនេះ ទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងលោក នាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) ដើម្បីឲ្យប្រមុខដឹកនាំចិនទាំងពីរ«រក្សាអ្នកវិនិយោគចិនដែលមានស្រាប់ឲ្យនៅប្រទេសកម្ពុជានិងជំរុញឲ្យមានអ្នកវិនិយោគចិនថ្មីមកកម្ពុជាបន្ថែមទៀត»បើទោះជាកម្ពុជាស្ថិតក្នុងការប្រឈមនឹងការបាត់បង់ការអនុគ្រោះពន្ធនាំទំនិញទៅកាន់អឺរ៉ុប ឬEBA ក៏ដោយ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីក្រោយពីជំនួបជាមួយក្រុមអ្នកជំនួញដែលមកពីខេត្តផ្សេងៗរបស់ប្រទេសចិន។
ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រីខ្មែរបានស្នើឲ្យប្រធានាធិបតីចិននិងនាយករដ្ឋមន្ត្រីចិនបើកទីផ្សារចិនកាន់តែធំដើម្បីនាំផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារចិន។
សហភាពអឺរ៉ុបបានបញ្ចប់ការសិក្សារយៈពេលប្រាំមួយខែស្តីពីលទ្ធភាពព្យួរការអនុគ្រោះពន្ធEBA ដល់កម្ពុជា កាលពីខែសីហា នឹងត្រូវធ្វើការសម្រេចចិត្តជាចុងក្រោយនៅខែកុម្ភៈឆ្នាំ២០២០ ថាតើត្រូវរក្សាឬដកហូតការអនុគ្រោះពន្ធដល់ប្រទេសកម្ពុជាជាថ្នូរទៅនឹងលក្ខខណ្ឌដាក់សម្ពាធឲ្យកម្ពុជាស្តាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយឡើងវិញ។
ការបាត់បង់ចំណូលពី EBA អាចនឹងធ្វើឲ្យកម្ពុជាខាតបង់ប្រមាណជា៦០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ យល់ឃើញថា ការវិនិយោគមកពីប្រទេសចិនដែលភាគច្រើនផ្ដោតលើវិស័យកាត់ដេរ អាចផ្ដល់ការងារបន្ថែមដល់កម្ពុជា ប៉ុន្តែទោះយ៉ាងណារដ្ឋាភិបាលគួរតែមានវិធានការដើម្បីការពារសន្តិសុខសង្គម និងបរិស្ថានជាដើមខណៈដែលមានលំហូរជនជាតិចិនចូលក្នុងកម្ពុជាកាន់តែច្រើន។
«ពីព្រោះអ្នកវិនិយោគចិន មិនមែនទាំងអស់ទេតែមួយចំនួនតូចគឺមានអាចថាមិនសូវមានការទទួលខុសត្រូវទាក់ទងនឹងបញ្ហាទាំងនោះទេ។ អ៊ីចឹងវាអាចជះឥទ្ធិពល អាក្រក់ច្រើនទាក់ទងនឹងបញ្ហាសន្តិសុខ បញ្ហាការយកចិត្តទុកដាក់ទាក់ទងជាមួយសុខុមាលភាពសង្គមអីជាដើម»។
លោក បានបន្ថែមថារដ្ឋាភិបាលកម្ពុជាក៏មិនគួរផ្ដោតលើតែការវិនិយោគពីប្រទេសចិនតែមួយមុខនោះដែរ។
ទំហំពាណិជ្ជកម្មនៃកម្ពុជា-ចិន សម្រេចបាន ៦,៤៥៧ លានដុល្លារ កាលពីឆ្នាំ២០១៨ កន្លងទៅ។ ប្រទេសចិនឈរក្នុងលំដាប់លេខរៀងទី១ នៃការវិនិយោគនៅកម្ពុជា ដែលកាលពីឆ្នាំ២០១៨ ចិនបានដាក់ទុនវិនិយោគប្រមាណ ៣,៥៩៤ លានដុល្លារ លើវិស័យកាត់ដេរ អគ្គីសនី រោងម៉ាស៊ីនកិនស្រូវ កសិ-ឧស្សាហកម្ម រ៉ែ និងថាមពល សំណង់ និងធ្យូងថ្ម។ រីឯ ចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាប្រទេសកម្ពុជាក៏មានការកើនឡើងរហូតជាង២ លាននាក់កាលពីមុន។ នេះបើយោងតាមព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
ប្រទេសចិនក៏ជាទីផ្សារលក់អង្ករដ៏ធំរបស់ប្រទេសកម្ពុជាផងដែរ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចដំឡើងការយកពន្ធលើអង្ករក្រអូបនាំចូលពីប្រទេសកម្ពុជា។ ការយកពន្ធនេះធ្វើឲ្យការនាំអង្កររបស់កម្ពុជាធ្លាក់ចុះ។
ទោះយ៉ាងណាប្រទេសកម្ពុជាគ្រោងនឹងបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសចិនឲ្យកើនដល់ ១០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៣៕