ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ជំងឺ​កូវីដ​១៩​អាច​សម្លាប់​សាកលភាវូបនីយកម្ម​បាន​ទេ? សេដ្ឋវិទូ​ថា មិន​ងាយ​ពេក​ទេ


រូបឯកសារ៖ អ្នកជួញដូរភាគហ៊ុនម្នាក់ពាក់ម៉ាស់ និងនិយាយទូរសព្ទនៅផ្សារជួញដូរភាគហ៊ុនប៉ាគីស្ថាន នៅក្រុងការ៉ាជី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកជួញដូរភាគហ៊ុនម្នាក់ពាក់ម៉ាស់ និងនិយាយទូរសព្ទនៅផ្សារជួញដូរភាគហ៊ុនប៉ាគីស្ថាន នៅក្រុងការ៉ាជី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

សេដ្ឋវិទូនានា​បាន​ឯកភាព​គ្នា​ស្ទើរតែ​ទាំងស្រុង​ក្នុងការ​វាយតម្លៃ​របស់​ពួកគេ​ថា ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា នឹង​ធ្វើ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​សាកល​ដែល មាន​ទំហំ​ស្មើនឹង​មហា​វិបត្តិ​សេដ្ឋកិច្ច​សាកល​កាលពី​ទសវត្សរ៍​១៩៣០។ ក៏ប៉ុន្តែ មាន​ហេតុផល​ដែល​គួរ​ឲ្យ​ជឿ​បាន​ថា នៅ​ពេល​ដែល​គេ​ទប់ទល់​នឹង​វីរុស​នេះ​បាន ទីផ្សារ​ហិរញ្ញវត្ថុ​នឹង​រើបឡើងវិញ​លឿន​ជាង​អ្វី​ដែល​ពួកគេ​បាន​ជួប​ប្រទះ​នៅ​ពេល​ដែល​មហា​វិបត្តិ​សេដ្ឋកិច្ច​សាកល​បាន​បញ្ចប់។

តើ​សេដ្ឋកិច្ចនឹង​មាន​ទម្រង់បែប​ណា​ នៅ​ពេល​ទីផ្សារ​ហិរញ្ញវត្ថុ​កើន​ឡើង? នៅ​ពេល​នេះ ចម្លើយ​មិនមាន​ភាពច្បាស់លាស់​ទេ។

កាលពី​ពាក់​កណ្តាល​ខែមេសា​កន្លង​ទៅ​នេះ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​IMF បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​ព្យាករណ៍​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ ២០២០នេះ។ តាម​ការព្យាករណ៍​ពី​ដើម​ដំបូង​អំពី​កំណើន​សេដ្ឋកិច្ច​ថា នឹង​មាន​កើនឡើង​ប្រហែល​ជា ៣ ភាគរយ តែ​មូលនិធិ IMF បាន​កែ​ពី​ការកើន​ឡើង​នោះ មក​ការធ្លាក់​ចុះ​-៣ ភាគរយ​វិញ​សម្រាប់​ឆ្នាំ​នេះ។

សេដ្ឋវិទូ​លោក Robert Scott ដែល​ជា​នាយក​ស្រាវជ្រាវ​គោលនយោបាយ​ពាណិជ្ជកម្ម និង​សង្វាក់​ផលិតកម្ម​នៅ​វិទ្យាស្ថាន​គោលនយោបាយ​សេដ្ឋកិច្ច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ​ថា សេដ្ឋកិច្ច​ពិភពលោក​កំពុង​ឈាន​ទៅ​រក​ការធ្លាក់​ចុះ​យ៉ាងខ្លាំង រាប់​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២ និង​ចាប់តាំង​ពី​មហា​វិបត្តិ​សេដ្ឋកិច្ច​នោះ​មក»។

ជាឧទាហរណ៍ នៅ​សហរដ្ឋ​អាមេរិក​មាន​អាជីវកម្ម​ខ្នាត​តូច​ប្រហែល ៥ លាន ដែល​អាជីវកម្មនិមួយៗ អាច​មាន​បុគ្គលិក​រហូត​ដល់​ ៥០០ នាក់។ អាជីវកម្ម​ទាំងនោះ បាន​ធ្វើ​ប្រតិបត្តិការ​ជាច្រើន​ខែ មុន​ការផ្ទុះរាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ។ ក្នុង​ពេល​ឥឡូវ​នេះ ភាគច្រើន​នៃ​អាជីវកម្ម​ទាំងនោះ ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ជា​បណ្តោះ​អាសន្ន ហើយ​អាជីវកម្ម​ទាំងនោះ​ដែល​ចំនួន​ភាគរយ​គេ​មិន​ទាន់ដឹង​នៅ​ឡើយ នឹង​មាន​ការ​លំបាក​ក្នុង​ការបើក​ប្រតិបត្តិការ​ឡើង​វិញ។ លោក Robert Scott បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«វា​ច្បាស់​ណាស់​ថា យើង​នឹង​ឃើញ​ការដួលរលំ​ដ៏ច្រើន​នៃ​វិស័យ​ជំនួញ​ខ្នាត​តូច។ យើង​នឹង​បាត់បង់​អាជីវកម្ម​ខ្នាត​តូច​ទាំងនោះ​ជាច្រើន។ ពួកគេ នឹង​មិន​អាច​ជៀស​ផុត​ពី​វិបត្តិ​នៃ​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ​បាន​ទេ»។

មហា​វិបត្តិ​សេដ្ឋកិច្ច​សាកល​នៅ​ទសវត្សរ៍ ២០២០ និង ១៩៣០

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Scott និង​សេដ្ឋវិទូ​ដទៃទៀត​ចង្អុល​បង្ហាញ​ថា បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក មាន​វិធី​ប្រសើរ​ជាង​មុន​ក្នុង​ការដោះស្រាយ​មហា​វិបត្តិ​សេដ្ឋកិច្ច​ដូចនេះ ជាង​កាលពី​ដើម​ពាក់​កណ្តាល​សតវត្សរ៍​ទី ២០។

លោក Maurice Obstfeld គឺជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ ​California-Berkeley និង​ជា​អ្នកស្រាវជ្រាវជាន់ខ្ពស់​មិន​អចិន្ត្រៃយ៍​នៅ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ។ លោក Maurice Obstfeld បាន​ថ្លែងក្នុង​សម្តី​ដើម​ថា៖ ។

«បើ​ប្រៀបធៀប​ទៅ​នឹង​មហា​វិបត្តិ​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍​១៩៣០​នោះ ឥឡូវ​នេះ​យើង​ស្ថិត​នៅក្នុង​ស្ថានការណ៍​ដែល​ប្រសើរ​ជាង។ យើង​មាន​ការយល់ដឹង​កាន់តែ​ច្បាស់ និង​ស៊ីជម្រៅ​ជាងមុន អំពី​គោលនយោបាយ​រូបិយវត្ថុ និង​សារពើពន្ធ​និង​វិធី​ប្រើប្រាស់វា។ យើង​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​ថា តើ​ត្រូវ​ប្រតិកម្ម​បែបណា​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ និង​វិធី​ដែល​ធនាគារ​កណ្តាល​អាច​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការរារាំង​មិនឲ្យ​មាន​ការធ្លាក់​ចុះ​នៃ​វិស័យ​ហិរញ្ញវត្ថុ»។

ប្រទេស​អភិវឌ្ឍន៍មាន​វិធីសាស្រ្ត​ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់​ពួកគេ​មិនឲ្យ​ធ្លាក់ចុះ​ទៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយនឹង​ក៏​មាន​វិធីសាស្រ្ត​ក្នុងការ​ពន្លឿន​ការងើប​ឡើង​វិញ​ក្រោយ​ពី​មាន​វិបត្តិ​ផងដែរ។

គាំទ្រ​តម្រូវការ

លោក Obstfeld បាន​ចង្អុល​បង្ហាញ​ថា ដូច​វិបត្តិ​ហិរញ្ញវត្ថុ​ដែលបាន​កើត​ឡើង​នៅ​ឆ្នាំ ២០០៨ និង​២០០៩ ដែរ កាលៈទេសៈ​អាច​នាំ​ឲ្យ​មាន​មហា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​មួយ​ទៀត។

ក៏ប៉ុន្តែ (ពេល​នោះ​)ធនាគារ​កណ្តាល​បាន​គាំទ្រ​យ៉ាងខ្លាំង​ដល់​តម្រូវ​ការទំនិញ​និង​សេវាកម្ម​ដោយ​ធ្វើ​ឲ្យ​អត្រា​ការប្រាក់​មាន​តំលៃ​ទាប​ក្នុង​ការខ្ចី និង​ការ​ធានា​មាន​សាច់​ប្រាក់​យ៉ាងទូលំ​ទូលាយ។ សព្វថ្ងៃ​នេះ ធនាគារ​សហព័ន្ធ​សហរដ្ឋ​អាមេរិក និង​សមភាគី​របស់​ខ្លួន​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដទៃទៀត កំពុង​ធ្វើការ​ក្នុងរបៀប(or យុទ្ធសាស្ត្រ) ​ដូច​គ្នា​នេះ ដោយ​រក្សា​អត្រា​ការប្រាក់​ទាប​បំផុត និង​បង្កើន​លំហូរ​សាច់ប្រាក់​ចូល​ក្នុង​សេដ្ឋកិច្ច​តាម​រយៈការទិញ​ប័ណ្ណ​មូលប័ត្រ និង​ទ្រព្យ​សម្បត្តិ​រយៈពេល​យូរ​ផ្សេងៗ​ទៀត។

ការបង្កើត​ការងារ​ឡើង​វិញ

ក្នុង​កម្រិត​ណា​មួយ​នោះ ការបាត់បង់​ការងារ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ អាច​ត្រូវ​បាន​ទទួល​ការងារ​មក​វិញ ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​នាំ​យក​ការផលិត​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​សំខាន់ៗ​មក​ផលិត​នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ទាំង​នោះ​វិញ។ ការ​បញ្ចូនផលិតកម្ម​ទៅ​ក្រៅ​ប្រទេសជាច្រើន​ទសវត្សរ៍​មក​នេះ មាន​ន័យ​ថា ឧបករណ៍​វេជ្ជសាស្រ្ត​ ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន និង​ឱសថ​ជាច្រើន ត្រូវ​បានផលិត​នៅ​ក្រៅ​ប្រទេស​ក្នុង​នោះ​រួមទាំង​ប្រទេស​ចិន ដែល​ជា​ប្រភព​នៃ​វីរុស​កូរ៉ូណា​នេះ។

បង្កើតការងារថ្មីៗ

ការផលិត​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្រ្ត​នៅក្នុង​សហរដ្ឋ​អាមេរិក នឹង​បង្កើត​ការងារ​បាន​តែ​មួយ​ចំណែក​តូច​ប៉ុណ្ណោះ​នៃ​ការងារ​ដែល​ប្រទេស​នេះ នឹង​ត្រូវការ​ដើម្បី​ស្តារ​សេដ្ឋកិច្ចឡើង​វិញ។ ក៏ប៉ុន្តែ លោក Scott ថ្លែង​ថា «មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការណ៍​ដាក់មនុស្ស​ឲ្យ​ធ្វើ​ការងារ​ល្អ នៅក្នុង​អន្តរកាល​មួយ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ដែល​មិន​ប៉ះពាល់​បរិស្ថាន ថាមពល​ប្រើ​ប្រាស់​ឡើង​វិញ និង​ផលិត​អ្វីៗ​ដែល​យើង​ត្រូវការ»។

លោក Scott បាន​ថ្លែង​ទៀត​ថា វិធី​ដែល​មាន​ប្រសិទ្ធភាព​ជាងមុន​ក្នុង​ការបង្កើត​ការងារ​ថ្មី​រាប់លាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គឺ​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​អនុវត្ត​កម្មវិធី​លើកស្ទួយ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ដែល​ផ្តោត​លើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាស់​របស់​ប្រទេស និង​បង្កើន​ការវិនិយោគ​លើ​ថាមពល​ដែលប្រើ​ប្រាស់​ឡើង​វិញ។ លោក​ប្រធានាធិបតី Trump និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា​បាន​និយាយ​អំពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈពេល​ដែលការអនុវត្ត​ជាក់ស្តែង​មាន​តិចតួច។ សំណួរ​សួរ​ថា តើ​ខាង​ផ្នែក​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក អាច​សម្រេច​រឿង​នេះ​បាន​ទេ នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​នេះ គឺ​មិនទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ។

សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ ស្ថានភាព​មើល​ទៅ​មាន​ការលំបាក​ជាង។ ខណៈពេល​ដែល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ភាគច្រើន កំពុង​អនុវត្ត​កម្មវិធី​ធំៗ​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​នោះ ប្រទេស​ក្រីក្រ​កំពុង​ប្រឈមនឹង​ផ្លូវ​លំបាក​ជាង​នេះ​ឆ្ងាយ​ណាស់។

នៅ​ពេល​ដើមដំបូង​នៃ​វិបត្តិ​នេះ អ្នកវិនិយោគ​ចាប់ផ្តើម​ដក​ប្រាក់​វិនិយោគ​ចេញ​ពី​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​អ្វី​ដែល​មូលនិធិ IMF បាន​ពណ៌នា​ថា នេះ​ជា​លំហូរ​ចេញ​នូវ​ប្រាក់​វិនិយោគ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន ពី​ប្រទេស​កំពុង​អភិវឌ្ឍ។ នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​ប្រទេស(អ្នក​មាន)​ដូចជា​សហរដ្ឋ​អាមេរិក អាច​ខ្ចី​ប្រាក់​ដើម្បី​អនុវត្ត​កម្មវិធី​លើកស្ទួយ​សេដ្ឋកិច្ច​នោះ ប្រទេស​ក្រីក្រ​ត្រូវ​ជម្នះ​វិបត្តិ​នេះ ដោយ​ប្រើ​ដើម​ទុន​ដែល​ខ្លួន​មាន ហើយនឹង​ត្រូវ​ជួប​ការលំបាក​ក្នុង​ការស្វែងរក​អ្នក​ផ្តល់​ប្រាក់​កម្ចី​ដែល​សុខចិត្ត​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​លើក​ស្ទួយ​សេដ្ឋកិច្ច។

តើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​អាច​ជួយ​ខ្លួន​ឯង​ឲ្យ​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ការងើបឡើង​វិញ​បាន យ៉ាង​ដូចម្តេច? មិនមាន​វិធីសាស្រ្ត​ងាយស្រួល​ទេ ប៉ុន្តែ​នៅពេល​ដែល​គេ​អាច​ទប់ទល់​វីរុស​កូរ៉ូណា​បាន ​នោះ​នឹង​ឃើញវិធានការ​ដំបូងៗ ដែល​ពួកគេ​អាច​ធ្វើ​បាន។

ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ

បណ្តា​ប្រទេស​ដែល​អ្នក​វិនិយោគ​បាន​ដក​ប្រាក់​វិនិយោគ​ច្រើន​នោះ កំពុង​ត្រូវការ​សាច់​ប្រាក់។ ធនាគារ​ពិភពលោក និង​មូលនិធិ IMF បាន​បង្កើន​ការផ្តល់​ប្រាក់កម្ចី និង​ជំនួយ​ឥតសំណង​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ក្នុង​ករណី​ខ្លះ ពួកគេ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ទទួល​ប្រាក់​ជំនួយ។ បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃទៀត កំពុងតែ​បង្កើន​ថវិកា​របស់​ខ្លួន​ដើម្បី​ផ្តល់​ជំនួយ​បន្ថែម។

ចាប់ផ្តើម​ការផលិត​ឡើងវិញ

ដំណឹងល្អ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ គឺ​ថា ចលនា​មួយ​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បី​នាំ​យក​ផលិតកម្ម​សំខាន់ៗ​មក​ស្រុក​វិញ ទំនង​ជា​មិន​រាប់​បញ្ចូល​ផលិតផល​ទូទៅដូចជា​សម្លៀក​បំពាក់ និង​គ្រឿង​អេឡិចត្រូនិច​នោះ​ទេ។ នៅ​ពេល​ដែល​គេ​អាច​ទប់ទល់​វីរុស​កូរ៉ូណា​បាន ហើយ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ បង្កើន​តម្រូវការ​ជា​ថ្មី​នោះ ការងារ​គួរតែ​ចាប់ផ្តើម​លេច​ឡើង​ម្តងទៀត​នៅ​តាមតំបន់​ជាច្រើន​ក្នុង​ពិភពលោក។

ទោះជាយ៉ាងនេះក្តី ក៏​សេដ្ឋវិទូ​កត់សម្គាល់​ថា វា​ចាំបាច់​សម្រាប់​ប្រទេស​នានា​ដូចជា​សហរដ្ឋ​អាមេរិក ធ្វើការ​បន្ធូរបន្ថយ​ពន្ធ និង​បន្ថយ​ការរឹតត្បិត​ការនាំចូល ដើម្បី​កុំ​ឲ្យ​ជា​ឧបសគ្គ​ដល់​ការចាប់ផ្តើម​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជា​សកល​ឡើងវិញ។

ធ្វើឲ្យ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​មាន​លក្ខណៈ​ចម្រុះ​ជាង​មុន

ប្រសិនបើ​មាន​ឱកាស​នោះ ​អាជីវកម្ម​នានា​ទំនង​ជា​នឹង​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​របស់​ពួកគេ​ទៅ​ច្រើន​កន្លែង ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ហានិភ័យ គឺ​ក្នុង​ករណី​ថា បើ​មួយ​កន្លែង​មាន​ឧបសគ្គ​នោះ ពួកគេ​នៅ​អាច​ទទួល​ការផ្គត់ផ្គង់​ពី​កន្លែង​ផ្សេង​ទៀត​បាន។ នេះ​អាច​មាន​ន័យ​ថា ការងារ​ផលិតកម្ម​នឹង​ត្រូវ​បាន​ពង្រាយ​ទៅ​ទូទាំង​ពិភពលោក មិនមែន​ផ្តោត​តែ​ទៅ​លើ​តំបន់​ជាក់លាក់​ណា​មួយ​ទេ ដែល​ការណ៍​នេះ អនុញ្ញាត​ឲ្យ​ប្រទេស​ជាច្រើន អាច​ងើប​ឡើងវិញ​ពី​វិបត្តិ។

លោក Obstfeld ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​សេដ្ឋវិទូ​របស់​មូលនិធិ​ IMF ពី​ចុង​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៨ បាន​និយាយ​ថា ខណៈពេលដែល​បណ្តាញ​ផ្គត់ផ្គង់​សកល នឹង​ផ្លាស់ប្តូរ​យ៉ាង​ជាក់ច្បាស់​ក្រោយពី​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ ការផ្លាស់ប្តូរ​នោះ​ភាគច្រើន​នឹង​ស្ថិត​ក្នុង​ទម្រង់​ទៅ​រក​ពហុភាព​ គឺ​មិនមែន​ទាញ​ការវិនិយោគ​នៅ​ឯ​ក្រៅ​ប្រទេស​មក​ក្នុង​ស្រុក​វិញនោះ​ទេ។ លោក Obstfeld បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«អាជីវកម្ម​ឯកជន នឹង​មិនមាន​គោលដៅ​អ្វី​ក្រៅតែ​ពី​រក​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន​បំផុត​នោះ​ឡើយ។ ដូច្នេះ​ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច កំណត់​ថា វា​មាន​តម្លៃ​ថោក​ជាង​ក្នុង​ការផលិត​គ្រឿងបន្លាស់​នៅ​ឯ​បរទេស នោះ​ពួកគេ​នឹង​ត្រូវ​ថ្លឹងថ្លែង​អំពី ​កត្តា​ដូចជា​ឧបសគ្គ​រាំងស្ទះ​ដែល​អាច​កើត​មាន ការធ្វើដំណើរ​ឆ្លង​ប្រទេស និង​ហានិភ័យ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាដើម។ ក៏ប៉ុន្តែ ទាំងអស់​នោះ មិន​មែន​ជារឿង​ថ្មី​ទេ»។

លោក Obstfeld បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា កត្តា​ទាំងនេះ​នឹង​មិន​បណ្តាល​ឲ្យ​ពួក​គេ​ដក​ខ្លួន​ចេញ​ពី​សាកល​ភាវូបនីយកម្ម​នោះ​ទេ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG