ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បញ្ជូន​កងកម្លាំង​ជើង​ទឹក​និង​អាកាស​ទៅ​តាមដាន​យន្តហោះ​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់


រូបឯកសារ៖ យន្តហោះឈ្លបយកការណ៍ P-8A Poseidon របស់អាមេរិក ត្រូវបានបង្ហាញនៅឯមូលដ្ឋានទ័ពអាកាស Clark ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ យន្តហោះឈ្លបយកការណ៍ P-8A Poseidon របស់អាមេរិក ត្រូវបានបង្ហាញនៅឯមូលដ្ឋានទ័ពអាកាស Clark ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២។

យោធា​ចិន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​ពង្រាយ​កងកម្លាំង​ជើងទឹក​និង​អាកាស​ទៅ​ត្រួត​ពិនិត្យ​និង​ព្រមាន​យន្តហោះ​ត្បាត​របស់​អាមេរិក​ដែល​ហោះ​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​ចម្រូង​ចម្រាស ដោយ​បាន​ថ្កោលទោស​អាមេរិក​ថា​ព្យាយាម​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​«យល់​ច្រឡំ»។

ប្រមាណ​មួយខែ​ម្តង​ កប៉ាល់ឬ​យន្តហោះ​យោធា​អាមេរិក​ឆ្លងកាត់​ឬ​ហោះលើ​ផ្លូវទឹក​ដែល​បែងចែក​តៃវ៉ាន់ដែល​គ្រប់គ្រង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ចេញ​ពី​ចិន។ នេះ​ជា​បេសកកម្ម​ដែល​តែង​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បារ។

ចិន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​និងថា​ខ្លួន​មាន​យុត្តាធិការ​លើ​ច្រក​សមុទ្រ​នេះ។ តៃវ៉ាន់​និងសហរដ្ឋ​អាមេរិក​ប្រកែកថា​ច្រកសមុទ្រ​នេះ​គឺ​ជា​ផ្លូវទឹក​អន្តរជាតិ។

កងនាវា​ទី៧​នៃ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ថ្លែងថា យន្តហោះ​ល្បាត​ដែន​សមុទ្រ​ប្រភេទ P-8A Poseidon​ មួយគ្រឿង​បាន​ហោះ​កាត់​តាម​ច្រកសមុទ្រ​ដែល​ស្ថិត​នៅ​ក្នុង«ផ្លូវ​អាកាស​អន្តរជាតិ» ដោយ​បាន​បន្ថែមថា​ការ​ហោះហើរ​នោះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​អាមេរិក​ទៅ​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើក​ចំហ។

កងនាវាទី៧បាន​ថ្លែង​ក្នុងសេចក្តី​ថ្លែងការណ៍ថា៖«ដោយប្រតិបត្តិការ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ស្រប​តាម​ច្បាប់​អន្តរជាតិ​ អាមេរិក​គោរព​ទៅ​តាម​សិទ្ធិ​និង​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​របស់​គ្រប់​ប្រទេស​ទាំង​អស់»។

យោធា​ចិន​បាន​រិះគន់​ការហោះហើរ​នោះ​ថាជា«ការ​ឃោសនា​បំផ្លើស​ជា​សាធារណៈ» ដោយ​បន្ថែម​ថា​ខ្លួន​បាន​តាមដាន​យន្តហោះ​អាមេរិក​និង​បាន​ឆ្លើយតប«យ៉ាង​មាន​ប្រសិទ្ធភាព»​ទៅលើ​ស្ថានការណ៍នោះ។​

បញ្ជាការ​ដ្ឋានទិស​ខាងកើត​របស់​យោធា​ចិន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖«អត្ថាធិប្បាយ​របស់​អាមេរិក​បំភ្លៃ​គោលការណ៍​ច្បាប់ បំភ័ន្ត​មតិ​សាធារណៈ និង​ធ្វើ​ឱ្យ​អន្តរជាតិ​យល់​ច្រឡំ»។

​សេចក្តី​ថ្លែងការណ៍បន្ថែម​ថា៖

«យើង​ជំរុញ​ឱ្យ​អាមេរិក​បញ្ឈប់​ការ​បំភ្លៃ​និង​បំភ័ន្ត​ ហើយ​រួម​គ្នា​ការពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់»៕

XS
SM
MD
LG