ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សន្យា​ដាក់​ពន្ធ​ភ្លាមៗ​លើ​ទំនិញ​នាំចូល​ពី​ម៉ិកស៊ិក កាណាដា និង​ចិន


រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថ្លែងនៅក្នុងកិច្ចប្រជុំនៃសន្និសីទ House GOP ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវ៉ាស៊ីនតោន។
រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថ្លែងនៅក្នុងកិច្ចប្រជុំនៃសន្និសីទ House GOP ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវ៉ាស៊ីនតោន។

ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក Donald Trump បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ថា​នឹង​ដាក់​ពន្ធ​យ៉ាង​ឆាប់រហ័ស​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ម៉ិកស៊ិក​និង​កាណាដា ដែល​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​កំពូល​បី​របស់​អាមេរិក។ ការណ៍នេះ​បង្ក​ឲ្យ​មាន​លទ្ធភាព​កាន់តែ​ខ្ពស់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​និង​តម្លៃ​កាន់តែ​កើនឡើង​សម្រាប់​អតិថិជន​នៅ​អាមេរិក។

លោក Trump បាន​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់​តាម​គណនី Truth Social របស់​លោក ដើម្បី​ប្រកាស​វិធានការ​នេះ រួមទាំង​និយាយ​ថា​នៅ​ថ្ងៃ​ដំបូង​ពេល​លោក​ចូល​កាន់​តំណែង លោក«‍នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចាំបាច់​នានា​ដើម្បី​យក​ពន្ធ២៥​ភាគរយ​ពី​ម៉ិកស៊ិក​និង​កាណាដា​លើ​គ្រប់​ផលិតផល​ទាំងអស់​នាំចូល​មកក្នុង​សហរដ្ឋ​អាមេរិក [តាម] ​ព្រំដែន​បើកចំហ​ដ៏​គួរឲ្យសំណើច»។

លោក​និយាយ​ថា​ពន្ធនាំចូល​នេះ នឹង​នៅ​ជា​ធរមាន​រហូត​ទាល់តែ«‍គ្រឿងញៀន​ជាពិសេស​ថ្នាំ Fentanyl និង​ជន​បរទេស​ខុស​ច្បាប់​ទាំងអស់​លែង​ឈ្លានពាន​ប្រទេស​របស់​យើង!»។ លោក​ Trump ថាម៉ិកស៊ិក​និង​កាណាដា មាន​សមត្ថភាព «‍ដោះស្រាយ​បញ្ហា​ដែល​នៅ​ងំ​ជាយូរ​មក​ហើយ​នេះ​យ៉ាង​ងាយ»។

លោក​ Trump ក៏​បាន​រអ៊ូ​រទាំ​អំពី​អ្វី​ដែល​លោក​ថា​ជា​តួនាទីចិន​ក្នុង«‍ការបញ្ជូន​ថ្នាំញឿន​ដ៏​សម្បើម​ជាពិសេស​ថ្នាំ Fentanyl ចូល​ក្នុង​សហរដ្ឋអាមេរិក»។

លោក​ Trump សរសេរ​ថា«‍ទាល់​តែ​ពួកគេ​ឈប់ ទើប​យើងលែង​យក​ពន្ធ​១០​ភាគរយ​បន្ថែម​ពី​ចិន ​បន្ថែម​លើ​ពន្ធ​នាំចូល​គ្រប់ប្រភេទ​ លើ​ផលិតផល​ទាំងអស់​ដែល​នាំ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក»។

ចិន​ឆ្លើយតប​ដោយ​និយាយ​ថា«‍គ្មាន​អ្នក​ឈ្នះទេ»ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ឬ​ការ​យក​ពន្ធនាំចូល​នេះ។

លោក Liu Pengyu អ្នកនាំពាក្យ​ស្ថានទូតចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​និយា​យ​ថា«‍ចិន​ជឿ​ថា​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក»។

សហរដ្ឋ​អាមេរិក ម៉ិកស៊ិក និង​កាណាដា បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ក្នុង​អាណត្តិ​ទី១​របស់​លោក Trump។ កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ពិនិត្យ​ ​ឡើង​វិញ​នៅ​ឆ្នាំ​២០២៦៕

XS
SM
MD
LG